Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាក់ស្រុតផ្លូវបេតុង១ខ្សែ នៅច្រាំងទន្លេក្រុងតាខ្មៅ

បាក់ស្រុតផ្លូវបេតុង១ខ្សែ នៅច្រាំងទន្លេក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ ក្រោយមានភ្លៀងខ្លាំងជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បាននាំឱ្យទឹកស្ទឹង ព្រែកត្នោត ហូរលឿន បណ្តាលឱ្យបាក់ច្រាំងច្រោះដល់ផ្លូវបេតុង ១ខ្សែ ធ្វើឱ្យបាក់ស្រុតខូចខាតប្រវែងប្រមាណ ៧០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

លោកស៊ិញ ចាន់សុខ មេភូមិព្រែកតាពៅ បានឱ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ផ្លូវបេតុងដែលបាក់ ស្រុត នៅជាប់ស្ទឹងនេះ មានប្រវែងជាង៧០ម៉ែត្រ និងបានបាក់តាំងពីអំឡុងវេលាម៉ោងប្រមាណ ៣ទៀបភ្លឺ ក្រោយភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែសំណាងល្អ មិនបានបាក់ផ្ទះអ្នកភូមិ តែបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ចំនួន ៨គ្រួសារ គ្មានផ្លូវចូលផ្ទះ ហើយនេះគឺជាលើកទី២ហើយ ដែលកាលពីឆ្នាំ២០១៥ កន្លងមក បានបាក់ស្រុតម្តង មកហើយ ប៉ុន្តែត្រូវបានអាជ្ញាធរសង្កាត់ ជួសជុលឡើងវិញ តែលើកនេះបាក់ធ្ងន់ ទើបលោកចៅសង្កាត់ សម្រេច ធ្វើការបិទលែងឱ្យធ្វើចរាចរណ៍តែម្តង។

លោកឯក សំណាង ចៅសង្កាត់ដើមមៀន បានបញ្ជាក់ថា ផ្លូវដែលរងការបាក់ស្រុតនេះ ធ្លាប់បានបាក់ស្រុតម្តង កាលពីឆ្នាំ២០១៥ កន្លងទៅ ហើយត្រូវបានរដ្ឋបាលសង្កាត់ បានធ្វើការជួសជុល ឱ្យពលរដ្ឋធ្វើដំណើរវិញបាន តែពេលនេះស្រាប់តែបាក់ម្តងទៀត។ កាលពីប៉ុន្មានខែមុននេះ ក៏មានបាក់ស្រុតផ្លូវបេតុង អស់ជាច្រើនម៉ែត្រផង ដែរ នៅភូមិព្រែកតាពៅ១ ។

លោកចៅសង្កាត់ បានឱ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០១៥ មក លំនៅឋានរបស់ប្រជាពលរដ្ឋក្នុងភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ និងភូមិព្រែកតាពៅ១ ជាច្រើនខ្នង ដែលបាក់ស្រុត ដោយសារចរន្តទឹកហូរបុក ក៏ដូចជាទឹកភ្លៀង ហូរច្រោះ។

ក្នុងនាមអាជ្ញាធរ លោកតែងអប់រំណែនាំបងប្អូនដែលមានលំនៅឋាន តាមដងព្រែកស្ទឹង ឱ្យមានការបង្កើនការ ប្រុងប្រយត្ន័ខ្ពស់ ជាពិសេសនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ក៏ដូចជាទឹកជំនន់ ប្រសិនជាសង្កេតឃើញ មានសភាពមិនប្រក្រតី ត្រូវរួសរាន់ចាកចេញជាបន្ទាន់ ដើម្បីបញ្ចៀសនូវហានិភ័យជាយថាហេតុ។ ហើយដើម្បីសុវត្ថិភាពពលរដ្ឋ សង្កាត់បានសម្រេចធ្វើការបិទចរាចរណ៍ផ្លូវមួយខ្សែនេះ មិនឱ្យធ្វើចរាចរណ៍ ទៀតទេ ដោយឱ្យធ្វើដំណើរវាងផ្លូវផ្សេងសិន។

លោកឯក សំណាង ក៏បានបញ្ជាក់បន្ថែមថា ចំពោះបងប្អូនដែលរស់នៅតាមមាត់ស្ទឹងតាខ្មៅ ក្នុងភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ និងភូមិព្រែកតាពៅ១ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍប្រព័ន្ធរំដោះទឹក ពីរាជធានីភ្នំពេញ នេះគឺ ថ្នាក់លើបានឱ្យសង្កាត់ ធ្វើជំរឿន និងស្រង់ស្ថិតិ រួចរាល់ហើយដែរ៕

RELATED ARTICLES