Friday, January 24, 2025
Homeព័ត៌មានជាតិដេញចៅអធិការមានស្រី​ សេពកាមអនឡាញ ដោយទាំងព្រះសង្ឃ១វត្ត តវ៉ាមិនចាកចេញ

ដេញចៅអធិការមានស្រី​ សេពកាមអនឡាញ ដោយទាំងព្រះសង្ឃ១វត្ត តវ៉ាមិនចាកចេញ

ខេត្តសៀមរាបៈ បន្ទាប់ពីសាលាអនុគណក្រុងសៀមរាប និងសាលាគណខេត្តសៀមរាប បានចេញសេចក្តីសម្រេច បញ្ចប់មុខតំណែងព្រះចៅអធិការវត្តពោធិលង្កា ព្រះនាមកែវ ខូយ ដែលមានស្រី ត្រូវអាបត្តិបារាជិក សេពកាមតាមអនឡាញ និងដេញចេញពីវត្ត និងដេញទាំងព្រះសង្ឃ​ ១វត្ត សរុប១៤០អង្គទៀត ឲ្យចាកចេញពីវត្តផងដែរនោះមក ទើបព្រះសង្ឃទាំងនោះ បានផ្ទុះការតវ៉ា មិនព្រមចាកចេញពីវត្តទេ ដោយបានបិណ្ឌបាតសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយអន្តរាគមន៍ក្នុងរឿងនេះ កុំឲ្យមានការបណ្ដេញពួកព្រះអង្គដែលគ្មានកំហុសអ្វី ចេញពីវត្ត ។

សូមជម្រាបថា វត្តពោធិលង្កា (ពោធិ៍លើ) កន្លងមក មានរឿងអាស្រូវជាច្រើន ដោយមូលហេតុ ទី១ មិនគោរពប្រតិបត្តិតាមធម៌វិន័យព្រះពុទ្ធសាសនា និងទី២. ចែកបក្ខពួកជាច្រើនក្រុម និងតែងតែបង្កជម្លោះនៅក្នុងវត្ត ជាហូរហែ និងជាយូរឆ្នាំណាស់មកហើយ ដូចជាជេរប្រមាថថ្នាក់ដឹកនាំ ក្នុងរូបភាពនយោបាយជាដើម និងចុងក្រោយនេះ បែកធ្លាយចៅអធិការ ព្រះនាមកែវ ខូយ លួចសេពកាមតាមអនឡាញ ជាមួយស្រីស្នេហ៍ ដែលធ្វើឲ្យអាបត្តិសង្ឃាទិសេស ទើបមន្ត្រីសង្ឃ សម្រេចបិទវត្តនេះចោល រំសាយព្រះសង្ឃ និងគណៈគ្រប់គ្រងវត្តទាំងអស់ ដើម្បីរៀបចំសាជាថ្មី ។

ទោះយ៉ាងណា ថ្លែងនៅក្នុងសីទសីទសារព័ត៌មាន នៅក្នុងអារមវត្តពោធិលង្កា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអាជ្ញាធរមានសមត្ថកិច្ចចុះមកផងនោះ ព្រះតេជគុណ១អង្គ គង់នៅវត្តពោធិលង្កា តំណាងឲ្យព្រះសង្ឃ៧០អង្គ ដែលក្រាញតវ៉ាមិនព្រមចាកចេញ បានបញ្ជាក់ថា ព្រះសង្ឃក្នុងវត្ដពោធិលង្កា  ខេត្តសៀមរាប ពិតជារងភាពអយុត្តិធម៌ ដោយសារមានការបង្គាប់ឲ្យព្រះសង្ឃ១៤០អង្គ ចេញទៅនៅក្រៅវត្ត តែព្រះសង្ឃទាំងអស់ បានតវ៉ា មិនយល់ព្រមចាកចេញជាដាច់ខាត ព្រោះព្រះសង្ឃទាំងអស់ មិនមានកំហុស ត្រូវអាបត្តិ ដូចចៅអធិការវត្ត ១អង្គ ព្រះនាមកែវ ខូយ ដែលបានជេរប្រមាថថ្នាក់ដឹកនាំ និងខិលខូចរឿងមាតុគ្រាម សេពមេថុនធម្មនោះឡើយ។ ដូច្នេះព្រះអង្គសុំឲ្យសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌ដល់ព្រះសង្ឃទាំងអស់ផង ដើម្បីបានបន្តគង់នៅ និងរៀនសូត្រក្នុងវត្តតទៅទៀត ។

ព្រះតេជគុណតំណាងព្រះសង្ឃ ៧០អង្គ បានមានថេរដីកាថា “ …អត់បានចូលរួមជេរប្រមាថថ្នាក់ដឹកនាំទេ លោកបដិសេធចោល ហើយសូមឲ្យដកព្រះអង្គដែលលោកជេរប្រមាថថ្នាក់ដឹកនាំ តែប៉ុណ្ណឹងទេ តែពេលដែលកើតរឿង ធ្វើវាផ្ទុយទៅវិញ ធ្វើឲ្យព្រះអង្គលោកមានការភ័យខ្លាច ឲ្យលោកចេញអីអ៊ីចឹងទៅ ។ អ៊ីចឹងព្រះអង្គ១អង្គ ដែលលោកខុស អត់បានដោះស្រាយជាមួយព្រះអង្គដែលលោកជេរហ្នឹង ល្មើសនឹងច្បាប់រដ្ឋ ច្បាប់សាសនា លោកជេរសម្ដេចតេជោ លោកជេរសម្ដេចធិបតី លោកប្រមាថ លោកធ្វើនយោបាយអីអ៊ីចឹងទៅ ហើយព្រះអង្គទាំងអស់ លោកបានផ្ដិតមេដៃគាំទ្រ ថាលោកមិនទទួលយកបុគ្គលដែលលោកមិនគាំទ្ររដ្ឋាភិបាលស្របច្បាប់ហ្នឹងទេ លោកជេរប្រមាថ លោកបំបែកញុះញង់ ។ អ៊ីចឹងសុំឲ្យព្រះអង្គគង់នៅវត្តទៅ សុំសំណូមពរដល់ថ្នាក់ពាក់ព័ន្ធ ជាពិសេសដល់សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី សូមជួយព្រះអង្គទៅ កុំឲ្យព្រះអង្គចេញអី លោកអត់ដឹងអីទេ នៅវត្តនេះ លោកសុំតែសុខ សុំតែរៀនសូត្រតែប៉ុណ្ណឹងទេ “ ។

ដូចគ្នានោះដែរ ភិក្ខុ១អង្គទៀត ព្រះនាមពៅ ជាព្រះសង្ឃគង់នៅវត្តពោធិលង្កា ដែលត្រូវបណ្ដេញចេញផងដែរ បានលើកឡើងថា ព្រះសង្ឃវត្តនៅពោធិលង្លា រងភាពអយុត្តិធម៌ ។ ព្រះអង្គបញ្ជាក់ថា ម្លប់សន្ដិភាពទើបមានព្រះពុទ្ធសាសនា ដូច្នេះសូមសម្ដេចសង្ឃនាយក សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មេត្តាជួយរកយុត្តិធម៌ដល់ព្រះសង្ឃគ្រប់អង្គ គង់នៅក្នុងវត្ដពោធិលង្កា នេះផង ដោយសារតែមានការបង្ខិតបង្ខំដាច់ខាតឲ្យព្រះសង្ឃចេញពីវត្ត ទាំងដែលព្រះអង្គមិនមានកំហុសអ្វីសោះ គឺខុសតែបុគ្គលកែវ ខូយ ដែលជេរប្រមាថដល់ប្រមុខថ្នាក់ដឹកនាំជាតិ និងប្រព្រឹត្តខុសជាមួយមាតុគ្រាម តែម្នាក់ប៉ុណ្ណោះ ។

ព្រះតេជគុណពៅ បានមានថេរដីកា តាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ថា “នៅក្នុងការធ្វើខុសវិន័យសង្ឃ មានការជេរប្រមាថថ្នាក់ដឹកនាំជាតិ មានសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី ជាដើម ហើយបានប្រព្រឹត្តខុសក្នុងមាតុគ្រាមផងនោះ ក្នុងនោះដែរ មន្រ្តីក្នុងខេត្តសៀមរាប មានព្រះអនុគណ មន្ត្រីសង្ឃគ្រប់ឋានានុក្រម រួមជាមួយកងកម្លាំងប្រដាប់អាវុធបានចុះមក ហើយបានប្រកាសសេចក្ដីសម្រេចក្នុងខេត្ត គឺឲ្យព្រះសង្ឃក្នុងវត្តពោធិលង្កា ចាកចេញពីវត្តទាំងអស់ ជាហេតុធ្វើឲ្យព្រះសង្ឃទាំងអស់រងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង គឺបុគ្គលដែលលោកប៉ះពាល់ស្ថាប័នជាតិ បានប្រមាថថ្នាក់ដឹកនាំជាតិ ធ្វើខុស គឺមិនដកតែបុគ្គលហ្នឹងទេ គឺដកទាំងព្រះសង្ឃដែលកំពុងគង់នៅសិក្សារៀនសូត្រ ចេញពីវត្តជាធរមានដាច់ខាត មានទាំងឡាន ទាំងអ្វីផ្សេងៗទាំងអស់ ដើម្បីដឹកបង្ខំឲ្យលោកចេញនៅក្នុងវេលាថ្ងៃនេះ (១៣ វិច្ឋិកា) ទៅដាក់វត្តផ្សេង ប៉ុន្តែព្រះសង្ឃទាំងអស់មិនព្រមចេញជាចេញជាដាច់ខាត ដោយលោកមិនបានធ្វើខុសឆ្គាំឆ្គងនឹងប្រការណាផ្សេងៗទេ ខុសតែបុគ្គលតែមួយអង្គទេ (ចៅអធិការ) ។ អ៊ីចឹងទេសុំទទូចបិណ្ឌបាតដល់សម្ដេចពុក តេជោ សូមសម្ដេចពុកជួយសន្ដោសដល់កូនចៅផង ដែលបានចេញបទបញ្ជាឲ្យព្រះសង្ឃទាំងអស់ចេញពីវត្តហ្នឹង គឺមិនត្រឹមត្រូវទេ ព្រះសង្ឃគ្រប់អង្គមិនយល់ព្រមទេ មិនបានរៀបចំគណៈគ្រប់គ្រងណាមួយដ៏សមគួរឲ្យព្រះអង្គ ជម្លៀសព្រះសង្ឃដូចសម័យប៉ុល ពត ធ្វើបាបព្រះអង្គ បង្ខំព្រះអង្គអ៊ីចឹងទេ សម័យនេះសម័យសន្តិភាពហើយ ។ អ៊ីចឹងសូមសម្ដេចពុក សម្ដេចតេជោ សម្ដេចបវរធិបតី មន្រ្តីពាក់ព័ន្ធទាំងអស់ មេត្តាជួយរកយុត្តិធម៌ដល់ព្រះសង្ឃគ្រប់ព្រះអង្គ កុំឲ្យលោកចេញ ឲ្យតែបុគ្គលខូចប៉ះពាល់ផ្សេងៗចេញចុះ!… “ ។

ជាមួយគ្នានោះដែរ ព្រះតេជគុណធូក បូរី ដែលអះអាងថា បានគង់នៅវត្តពោធិ៍លង្កា អស់រយៈពេល៦វស្សា និងបានសិក្សារៀនសូត្ររហូតដល់ចប់មហាវិទ្យាល័យ បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មកដល់ពេលនេះ ព្រះអង្គរកវត្តគង់នៅបណ្ដោះអាសន្នបានហើយ គឺនៅក្នុងវត្តមួយក្នុងខេត្តផ្សេង មិនមែនជាខេត្តសៀមរាប ។ ដូច្នេះព្រះអង្គមិនគង់នៅវត្តពោធិលង្កាទៀតទេ ប៉ុន្តែយ៉ាងណា ភ្លាមៗ ព្រះអង្គ ក៏ដូចជាព្រះសង្ឃផ្សេងៗដែលមិនចង់ចាកចេញ ធ្វើចិត្តមិនបានទេ ជាពិសេសពេលជញ្ជូនអីវ៉ាន់ចេញពីវត្ត ព្រះអង្គពោលក្នុងចិត្តទាំងក្ដុកក្ដួលថា នឹកកន្លែងធ្លាប់ស្នាក់នៅរៀនសូត្រ  កម្សត់កម្រ ។

ព្រះតេជគុណធូក បូរី បានមានថេរដីកាថា “ ពរ! ព្រះសង្ឃដទៃទៀត ហើយនិងអាត្មាបានចេញពីវត្តនោះហើយញោម គឺចេញពីម្សិលមិញ ដោយសារតែគេតម្រូវឲ្យចេញតាំងពីម្សិលមិញ ។ មុនពេលចាកចេញម្សិលមិញនោះ ព្រះសង្ឃ បានធ្វើសន្និសីទសារព័ត៌មាន នៅក្នុងវត្តពោធិលង្កា តវ៉ាពីការមិនចង់ចាកចេញនោះ ប៉ុន្តែអាត្មាមិនសូវជាដឹងរឿងរ៉ាវច្រើនទេ រឿងទាក់ទងទៅនឹងអ្នកដឹកនាំវត្តទេ គឺរឿងថាព្រះសង្ឃក្នុងវត្តមានបក្ខពួកអីហ្នឹង អាត្មាអត់ដឹងទេ ដោយសារអាត្មាទៅនៅរត្តនេះ គោលបំណងតែមួយ គឺដើម្បីសិក្សារៀនសូត្រ ។ ប៉ុន្តែរឿងអយុត្តិធម៌ នៅត្រង់ថា ការដែលឲ្យព្រះសង្ឃចេញភ្លាមៗ ពិបាកនឹងទទួលយកបាន សម្រាប់អ្នករៀនសូត្រអស់ហ្នឹង តែបើទាក់ទងនឹងអ្នកដឹកនាំអី អាហ្នឹងអាត្មាមិនសូវជាដឹងរឿងវ៉ាវច្រើនទេ ហើយកន្លងមក ក្នុងការគង់នៅវត្តនេះ ៦ឆ្នាំ អាត្មាអត់ដែលមានបញ្ហារឿងរ៉ាវអីទេ ។ ដូច្នេះជារួមទៅ អាត្មាអត់មានអីត្រូវនិយាយច្រើនទេ គ្រាន់តែបញ្ជាក់ថា ការដែលព្រះសង្ឃស្រែករកយុត្តិធម៌ ដោយសារតែឲ្យលោកនិមន្តចេញទៅភ្លាមៗពេក ប៉ុន្តែពេលនេះអាត្មាបានចេញផុតហើយ គ្មានអីត្រូវតវ៉ាទៀតទេ “ ។

ពាក់ព័ន្ធនឹងការតវ៉ារបស់ព្រះសង្ឃ ជាង៧០អង្គ ខាងលើនេះ ព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាគណៈកិត្តិយស ព្រះវិន័យធម៌គណខេត្តសៀមរាប ជាព្រះគ្រួសារធម្មបាលអនុគណស្រុកជីក្រែង ជាព្រះចៅអធិការវត្តបុព្វទិសារាម ហៅវត្តកំពង់ក្ដី និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ការសម្រេចបិទវត្តពោធិលង្កា ជាបណ្តោះអាសន្ននាពេលនេះ ធ្វើឡើងតាមខ្លឹមសារនៃសេចក្តីសម្រេចរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់មុខតំណែងរបស់គណៈគ្រប់គ្រងវត្តពោធិលង្កា បន្ទាប់ពីកើតមានភាពមិនប្រក្រតីក្នុងការគ្រប់គ្រងវត្ត ។ ដូច្នេះមកដល់ពេលនេះ បន្ទាប់ពីការសម្រេចនេះ គណៈសង្ឃខេត្ត ក្រុង បានកំពុងធ្វើការរៀបចំសណ្តាប់ធ្នាប់វត្តនេះឡើងវិញ ដោយមិនមានព្រះសង្ឃណា១អង្គ ក្នុងចំណោម១៤០អង្គ គង់នៅក្នុងទីអារាមនេះទៀតទេ ។ ចំណែកព្រះសង្ឃដែលភាគីក្រុមម្ខាងទៀតដែលមានអធិករណ៍ជាមួយចៅអធិការវត្តនោះ នាំគ្នាផ្ទុះការតវ៉ាមកគង់នៅវត្តពោធិលង្កា វិញនោះ ព្រះអង្គមិនដឹងទេ ។

ព្រះបវរវិជ្ជា ទេព ភឿន បានមានថេរដីកាថា “ ឥឡូវកិច្ចការងារហ្នឹង យើងបានយកព្រះសង្ឃទៅដាក់តាមគោលដៅដែលយើងបានរៀបចំហើយ ព្រះសង្ឃដែលនៅក្នុងវត្តហ្នឹង យកទៅដាក់នៅខេត្តសៀមរាបហ្នឹង ឥឡូវយើងកំពុងតែសម្រួលនៅក្នុងវត្តហ្នឹងផ្នែកអនាម័យ ឲ្យមានអនាម័យ សណ្ដាប់ធ្នាប់នៅក្នុងវត្តហ្នឹងវិញ ហើយយើងរៀបចំនីតិវិធីធ្វើយ៉ាងណា ដើម្បីឲ្យមានការគ្រប់គ្រងពិតប្រាកដនៅក្នុងវត្តរបស់យើង។ បានន័យថា ទាំងចៅអធិការ ទាំងភិក្ខុ សាមណេរ ចំនួន១៤០អង្ក ចេញអស់ហើយ យើងបានសម្រួលកិច្ចការនេះ យើងអត់មានទុកទេ ។ ចំពោះព្រះសង្ឃជាង៧០អង្គតវ៉ាថាអយុត្តិធម៌ ដែលបណ្ដេញចេញពីវត្តនោះ ចម្រើនពរ! រឿងហ្នឹងជាការលើកឡើងរបស់ព្រះអង្គភាគីម្ខាងទៀតទេ ក៏ប៉ុន្តែនីតិវិធីរបស់យើងមានរឿងរ៉ាវជាច្រើន ដែលយើងនិយាយ មិនមែនរឿងតែមួយហ្នឹងទេ ។ អ៊ីចឹងវាមានរឿងរ៉ាវជាច្រើននៅនឹងកន្លែងហ្នឹង ។ បើសិនជាមានរឿងតែមួយចំណុចហ្នឹង (ចៅអធិការមានស្រី) គឺយើងមិនធ្វើដល់ថ្នាក់ហ្នឹងទេ គ្រាន់តែថាពេលខ្លះយើងអាចជម្រាបបាន ពេលខ្លះយើងមិនអាចជម្រាបបាន ។ ជារួមទៅ រឿងចៅអធិការខុសបារាជិកសង្ឃាទិសេស ឬសេពកាមតាមអនឡាញនោះ ពរ! ហ្នឹងយើងបានដោះស្រាយចេញហើយ បានដោះស្រាយរកទីតាំងឲ្យលោកស្នាក់អាស្រ័យនៅ ដើម្បីធ្វើកិច្ចការងារហ្នឹងរួចហើយ “ ។

ព្រះបវរវិជ្ជា ទេព ភឿន មានថេរៈដីកាបន្តថា “ យើងឮដែរថា នៅក្នុងការតវ៉ានោះ ភាគីម្ខាងនោះ ថាមិនបានជេរប្រមាថថ្នាក់ដឹកនាំ និងសុំឲ្យសម្ដេចអតីតនាយករដ្ឋមន្រ្តី ជួយរកយុត្តិធម៌ តែយើងមិនទាន់បានទទួលព័ត៌មានណាមួយជាក់លាក់រឿងហ្នឹងទេ ចម្រើនពរ! យ៉ាងណា អត់អីទេ សូមឲ្យសាធារណជនជឿជាក់លើថ្នាក់ដឹកនាំទាំងព្រះសង្ឃក្រុងខេត្ត ហើយនិងអាជ្ញាធរដែនដី ធ្វើតាមសេចក្ដីសម្រេចរបស់គណៈសង្ឃនាយក ។ សូមសាធារណជនជឿជាក់លើការដឹកនាំរបស់យើងទាំងអស់គ្នា ព្រោះយើងជ្រកក្រោមម្លប់សុខសន្តិភាពទាំងអស់គ្នា ។ ដូច្នេះយើងធ្វើអ្វីប្រកបដោយតម្លាភាព ដើម្បីសេចក្ដីសុខក្នុងសង្គមរបស់យើងទាំងអស់គ្នា “ ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ថេរសភាខេត្តសៀមរាប បានសម្រេចផ្អាកតួនាទីភិក្ខុកែវ ខូយ ពីចៅអធិការវត្តពោធិលង្កា ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់ នៅក្នុងវត្តពោធិលង្កា ក្នុងក្រុងសៀមរាប ។

យោងតាមសេចក្តីជូនដំណឹងរបស់សាលាគណខេត្តសៀមរាប បានពិតប្រគេនភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ទាំងអស់ ឱ្យបានជ្រាបថា សាលាអនុគណក្រុង សូមធ្វើការប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កា ឱ្យនិមន្តទៅគង់តាមបណ្តាវត្តក្នុងក្រុងសៀមរាប។ ព្រះសង្ឃ សរុបមាន ចំនួន ១៤០អង្គ និងតាជី យាយជី ក្មេងវត្ត មានចំនួន៣១នាក់ ក្នុងនោះ ព្រះសង្ឃជាសមណសិស្សពុទ្ធិកវិទ្យាល័យរាជបូណ៌ ចំនួន៣៨អង្គ ត្រូវនិមន្តទៅគង់នៅវត្តរាជបូណ៌។ ព្រះសង្ឃ ចំនួន១០២អង្គទៀត សូមនិមន្តទំនាក់ទំនងជាមួយសាលាអនុគណក្រុងសៀមរាប ដើម្បីរកវត្តស្នាក់នៅបន្ត។ ដោយឡែក តាជី យាយជី និងក្មេងវត្ត ចំនួន៣១នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណក្រុងសៀមរាប ដោយផ្ទាល់ នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបានវត្តស្នាក់នៅបន្ត។

លិខិត​ជូនដំណឹង​ដដែល បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា សាលា​អនុគណ​ក្រុង មិន​អនុញ្ញាត​ឱ្យ​បុគ្គល​ណាមួយ​បន្ត​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ​លង្កា​ទៀត​ឡើយ​។ បើ​បុគ្គល​ណាមួយ​មិន​ព្រម​ចាកចេញ​តាម​ការ​ជូនដំណឹង​នេះ សាលា​អនុគណ​ក្រុង និង​សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​អនុវត្ត​តាម​ផ្លូវច្បាប់ ដោយ​មិន​ទទួល ខុស​ត្រូវ​លើ​ការ​បាត់បង់​ឬ ខូចខាត​ទ្រព្យសម្បត្តិ​ណាមួយ​ឡើយ ។

ជាមួយគ្នានោះដែរ ថេរសភាខេត្តសៀមរាប ចេញសេចក្តីសម្រេច ដូចខាងក្រោម ៖

ប្រការ១៖ ចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឱ្យត្រូវអាបត្តិសង្ឃាទិសេស។

ប្រការ២៖ ផ្អាកតួនាទីភិក្ខុ កែវ ខូយ ពីចៅអធិការវត្តពោធិលង្កា ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី ពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា។

ប្រការ៣៖  ក្នុងចន្លោះអន្តរកាល ព្រះមេគណខេត្ត និងព្រះអនុគណក្រុង ត្រូវចាត់តាំងក្រុមការងារសង្ឃ គ្រប់គ្រងដឹកនាំវត្តពោធិលង្កា ទាំងមូល រហូតដល់មានការសម្រេចជាថ្មី។

ប្រការ៤៖  សង្ឃសម្រេចនេះ មានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ…។

ដោយឡែក នៅក្នុងសេចក្ដីសម្រេច ស្ដីពីការបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា (វត្តពោធិ៍លើ) ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របស់គណៈសង្ឃនាយក លេខ១០៧ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចបញ្ចប់មុខតំណែងគណៈសង្ឃវត្តពោធិលង្កា រួមមាន៖

. បញ្ចប់មុខតំណែងភិក្ខុ កែវ ខូយ ពីចៅអធិការ
២. បញ្ចប់មុខតំណែងភិក្ខុ ពេជ្រ ដេវីឌ ពីគ្រូសូត្រស្ដាំ
៣. បញ្ចប់មុខតំណែងភិក្ខុ ស៊ីញ ស៊ីន ពីគ្រូសូត្រឆ្វេង
៤. បញ្ចប់មុខតំណែងភិក្ខុ សេង សុខុម ពីវិន័យធរ ៕

RELATED ARTICLES