Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់បង្ខាំងជំរិតទារលុយ ជាប់ខ្នោះ២

ចាប់បង្ខាំងជំរិតទារលុយ ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិចិន ១ក្រុម ដែលធ្វើសកម្មភាពវាយដំ និងចាប់បុរសជនជាតិចិនម្នាក់បញ្ចូល រថយន្ត នៅចំណុចបុរីញូថោន ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ រួចដឹកយកទៅបង្ខាំងទុក ដើម្បីជំរិតទារប្រាក់នោះ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវបង្ក្រាប បានចំនួន២នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់។

ប្រតិបត្តិការបង្ក្រាបករណីចាប់បង្ខាំងជំរិតទារប្រាក់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤និង៤៥នាទី រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចកែងផ្សាររតនាផ្លាហ្សា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះ WENG SHENGFENG ភេទប្រុស ជនជាតិចិន មុខរបរអាជីវករ ស្នាក់នៅផ្ទះឃ្លាំងជួល គ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះ ZHANG YAN ភេទប្រុស ជនជាតិចិន មុខរបរអ្នកបើកបររថយន្ត ស្នាក់ នៅផ្ទះឃ្លាំងជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។ រីឯបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ជាជនជាតិចិន ដូចគ្នា មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៤៥នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចកែងផ្សាររតនាផ្លាហ្សា តាមផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កម្លាំងការិយាល័យនគរ បាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នង ការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹក នាំការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលពងទឹក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវតាមរយៈការពិនិត្យ នៅកន្លែងកើត ហេតុ និងសហការពីសាក្សី ឈានដល់ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ក្នុងចំណោមបក្ខពួក ចំនួន៣នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ ប្រព្រឹត្តនៅចំណុចបុរីញូវថោន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាមួយនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង រួមមាន រថយន្តម៉ាកហាយឡែនដឺរ ពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ 2AG-4374 ចំនួន១គ្រឿង។ រថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០០៤ លេខតួ 051104 ពាក់ស្លាកលេខ ភ្នំពេញ 2AF-7646 ចំនួន១គ្រឿង។ ទូរស័ព្ទដៃ ម៉ាក iPhone ពណ៌ប្រផេះ ១គ្រឿង។ ទូរស័ព្ទដៃ ម៉ាក iPhone ពណ៌ខ្មៅ ចំនួន២គ្រឿង។ កាបូបដាក់ខោអាវ ម៉ាក MCYS & JPM ពណ៌ខ្មៅ១។ អាវដៃវែង មានចំណាំងផ្លាត ពណ៌ទឹកក្រូច សម្រាប់ធ្វើការងារនៅតាមការដ្ឋានចំនួន២។ ស្បែកជើងប៉ាតា ម៉ាក PEDRO ពណ៌ទឹកប្រាក់ ១គូ។ ស្បែកជើងប៉ាតា ម៉ាក NIKE ពណ៌ស ១គូ។ ស្បែកជើងប៉ាតា ម៉ាក STARFOS ពណ៌ ស្វាយលាយប្រផេះ ១គូ។ ស្បែកជើងប៉ាតា ម៉ាក ARTTENGO ពណ៌ទឹកប៊ិក ១គូ។ ស្លាកលេខរថយន្ត ភ្នំពេញ 2BT-2995 (លេខពិតភ្នំពេញ 2BT-2905) ចំនួន២បន្ទះ។ ខ្សែរឹតជ័រ ពណ៌ស មួយចំនួន។ ខ្សែពណ៌ស ចំនួន២ខ្សែ។ ខ្សែអង្រឹងពណ៌បៃតង ចំនួន៣ដុំ។ ច្រវាក់ដែក ចំនួន៤ ខ្សែ។ មេសោ ចំនួន៣។ ស្រោមដៃពណ៌ខ្មៅ ចំនួន២គូ។ ស្រោមដៃពណ៌ផ្ទៃមេឃលាយខ្មៅ។ វិទ្យុទាក់ទងម៉ាក BAOFENG ពណ៌ខ្មៅ ចំនួន២គ្រឿង។ ឧបករណ៍ផ្តាច់ប្រព័ន្ធកាមេរ៉ា។ ទួរណឺវីស ដងពណ៌លឿង។ កែវឆ្លុះម៉ាក SAGA ជើងទម្រ និងស្រោម។ ម៉ាស ចំនួន៣ដុំ។ សក់ក្លែងក្លាយ ចំនួន៣។ របាំងមុខជ័រកែច្នៃ ចំនួន៤។ មួកសុវត្ថិភាព ពណ៌ខ្មៅ ម៉ាក BOPA កញ្ចក់មុខលាបថ្នាំពណ៌ សខាងក្នុង ចំនួន១។ ស្កុតចំនួន៤ដុំ។ ក្រដាសអាលុយមីញ៉ូម ចំនួន១ដុំ។ មួកកាតឹប ចំនួន១។ មួកឆាង ចំនួន២។ សំឡីចុកត្រចៀក ១ថង់។ ទឹកថ្នាំដបជ័រ ចំនួន៦ដប (៦ពណ៌) និងច្រវាក់ដែកប្រវែង ១៤៥សង់ទីម៉ែត្រ និងសោ ចំនួន១។ រីឯសម្ភារៈបាត់បង់ ប្រាក់ដុល្លារ ចំនួន ៦៤០០ដុល្លារ និងទូរស័ព្ទដៃ ម៉ាក iPhone 13 ចំនួន១គ្រឿង។

ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ កម្លាំងជំនាញការិយាល័យ បានកសាងសំណុំរឿងបញ្ជូន ទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង ១១និង៥៧នាទីយប់ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីចាប់ជំរិតមួយ បាន កើតឡើងនៅចំណុចបុរីញូវថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយបុរស ជាជនជាតិចិនម្នាក់ បានចូលទៅម៉ាស្សា នៅហាង១កន្លែង លុះពេលម៉ាស្សារួច ចេញមកវិញ រៀបដើរចូល រថយន្តរបស់ខ្លួន ស្រាប់តែលេចមុខជនសង្ស័យជាជនជាតិចិន ចំនួន៣នាក់ ពាក់អាវភ្លៀង និងប្រដាប់ដោយ ដាវក្នុងដៃផង បាននាំគ្នាមកព្រួតវាយ រួចចាប់អូសបុរសចិននោះ បង្ខំឱ្យចូលក្នុងរថយន្ត ១គ្រឿង ហើយបើក គេចចេញបាត់ភ្លាមៗតែម្តង៕

RELATED ARTICLES