ខេត្តបាត់ដំបងៈ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមមេធាវី វ៉ែង មូលីវិភ័ក្ត្រ ទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកជំទាវ ជា ចរិយា, លោក ភួង ស៊ីល្យា, លោក ផន ផាវុធ, លោកស្រី សាត វណ្ណៈ, លោកស្រី គង់ សុជាតិ និងលោកស្រី ពេជ្រ គឹមអូន ជាតំណាងឱ្យអតីតតសិស្សឆ្នាំ១៩៩៩៣ ដល់ ឆ្នាំ១៩៩៦ នៃសាលាអនុវិទ្យាល័យសោហឺ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញចូលរួមកម្មវិធីចែករង្វាន់សិស្សពូកែ ប្រចាំឆ្នាំ២០២៣ នៅអនុវិទ្យាល័យសោហឺ ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក.រ៉ូន សុខគ្រី អភិបាលរងក្រុងបាត់ដំបង និងលោក ទ្រី ហាក់ ប្រធានការិយាល័យអប់រំយុវជន និងកីឡាក្រុងបាត់ដំបង ផងដែរ ។
សិស្សពូកែដែលត្រូវទទួលបានរង្វាន់នៅពេលនោះ គឺមានចាប់ពីលេខ១ ដល់លេខ៥ ដោយទទួលបានថវិកា សម្ភារៈ និងបណ្ណសរសើរ ។
ឡើងថ្លែងជាមតិស្វាគមន៍នៅពេលចាប់ផ្អើមកម្មវិធី នាយកអនុវិទ្យាល័យសោហឺ បានអាននូវរបាយការណ៍សង្ខេបប្រចាំឆ្នាំសិក្សា២០២២-២០២៣ ស្តីពីការបូកសរុបលទ្ធផលសិក្សា ការអប់រំ ការរីកចម្រើនរបស់សាលាអនុវិទ្យាល័យសោហឺ ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០២៣ រហូតមានការទទួលបាននូវការគាំទ្រ បានអគារសិក្សាជាច្រើនខ្នងពីសប្បុរសជន និងពីសំណាក់សម្តេចស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
បន្ទាបពីបានស្ដាប់របាយការណ៍ពីតំណាងសាលារួចហើយ លោក.រ៉ូន សុខគ្រី អភិបាលរងក្រុងបាត់ដំបង ជាគណៈអធិបតី បានឡើងសំណេះសំណាលជាមួយសិស្សានុស្សិសដែលបានចូលរួមទាំងអស់ ជាពិសេសបានសម្ដែងការកោតសសើរដល់សិស្សពូកែប្រចាំសាលា ដែលបានព្យាយាមយកចិត្តទុកដាក់សិក្សារៀនសូត្រ រហូតទទួលបានជ័យលាភីពីលេខ១ ដល់លេខ៥ ប្រចាំឆ្នាំ២០២២-២០២៣ ដែលធ្វើឲ្យលោកគ្រូ អ្នកគ្រូ និងអាណាព្យាលមិនអស់សង្ឃឹម ។ ប៉ុន្តែទន្ទឹមនោះ លោកអភិបាលរងក្រុងបាត់ដំបង ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់លើចំណុច៤ គឺ៖ ១.វិន័យ, ២.ចំណេះដឹង,៣.សុខភាព និង៤.ក្រមសិលធម៌ ។ ជាពិសេសបន្ថែមលើចំណុចទាំង៤នេះ សិស្សទាំងអស់ត្រូវចៀសវាងឲ្យឆ្លាយពីគ្រឿងញៀន ដើម្បីក្លាយជាមនុស្សល្អនៅក្នុងសង្គម និងក្លាយជាទំពាំងស្នងឫស្សី ទៅអនាគត ។
ជាមួយគ្នានោះដែរ លោកទ្រី ហាក់ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងបាត់ដំបង ក្រៅពីបានរំលឹកសិស្សទាំងអស់ឲ្យមើលឃើញគុណតម្លៃរបស់លោកគ្រូ អ្នកគ្រូដែលផ្តល់ចំណេះដឹង និងបទពិសោធន៍ ដោយក្ដីរីករាយ សមដូចពាក្យថា ជាឪពុកម្តាយទី២នោះ លោកក៏បានសំណូមពរដល់ឪពុកម្តាយ អាណាព្យាបាលសិស្ស ត្រូវចូលរួមអប់រំទៅលើកូនៗនៅឯផ្ទះផងដែរ បន្ថែមលើអី្វដែលគ្រូបានផ្ដល់ឲ្យនៅឯសាលា ។
ជាការសង្កត់ធ្ងន់បន្ថែមលើអ្វីដែលោកអភិបាលក្រុង និងប្រធានការិល័យអប់រំ យុវជន និងកីឡា បានលើកឡើងខាងលើ ឯកឧត្ដមមេធាវី វ៉ែង មូលីវិភ័ក្ត្រ ទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានមតិចំណាប់អារម្មណ៍ក្នុងអង្គពិធីថា សូមគោរពនិងថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ដល់លោកគ្រូ អ្នកគ្រូ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃបំផុត ក្នុងការជួយបណ្តុះបណ្តាលកូនក្មួយសិស្សានុស្សិស ដែលជាទំពាំងឫស្សីល្អជូនសង្គមជាតិ និងសូមលើកទឹកចិត្តដល់កូនក្មួយឱ្យខិតខំបន្តការសិក្សារៀនសូត្របន្ថែមទៀត ព្រមទាំងជួយបង្ហាត់បង្រៀនដល់មិត្តភក្តិជុំវិញខ្លួន ឱ្យក្លាយជាសិស្សពូកែដែរ ។
អ្វីដែលកាន់តែមានអត្ថន័យជ្រាលជ្រៅនៅក្នុងការអប់រំសតិទូលំទូលាយជាងនេះ ឯកឧត្ដមមេធាវី វ៉ែង មូលីវិភ័ក្ត្រ បានជូននូវកំណាព្យអនុស្សាវរីយ៍ មួយ ជូនដល់សិស្សានុស្សិស នៃអនុវិទ្យាល័យសោហឺ ដែលមានខ្លឹមសារជាអាទិ៍ថា៖
“ អស់រយៈកាល៣០ឆ្នាំកន្លង សិស្សបានមុជឆ្លងត្រងវិជ្ជា គោរពបានល្អគ្រប់វេលា វិន័យមាគ៌ាឆ្ពោះបវរ ។
ឱ!កូនអើយកូននឹមនួនល្អង គប្បីត្រាប់ត្រងប៉ងល្អៗ ព្រោះជាទំពាំងត្រូវបន្ត ជំហានបោះចរតដូនតា ។
កុំអាងថាខ្លួនបានបវរ ត្រូវខំបន្តការដឹងគុណ នាំឱ្យកូនធ្ងន់ដោយវិជ្ជា កុំហាស្តីលីលាពាក្យមុសា គេគ្រប់កាយាមិនស្នេហ៍ឡើយ “ ។
គួរបញ្ជាក់ថា នៅក្រោយកម្មវិធីចែករង្វាន់ដល់សិស្សពូកែ ឯកឧត្តមមេធាវី វ៉ែង មូលីវិភ័ក្ត្រ តំណាងឲ្យសប្បុរសជនអតីតសិស្សអនុវិទ្យាល័យបាត់ដំបងសោហឺ ឆ្នាំ១៩៩៣-១៩៩៦ និងលោកជំទាវ ជា ចរិយា បានពាំនាំយកថវិកាសាមគ្គីភាព របស់អតីតសិស្ស មកចូលរួមជួយដល់សាលា ដោយការបែងចែកដូចខាងក្រោម៖
១. សកម្មភាពទិញតុ និងកៅអី កាលពីឆ្នាំ២០១៩ សរុប ១៥០២ដុល្លារ និង ៤៣០.០០០រៀល
២. សកម្មភាពជួសជុល និងលាបអគារសិក្សា ១បន្ទប់ ឆ្នាំ២០២៣ សរុបទឹកប្រាក់ ៦៦០ដុល្លារ និង ១១.០០០.០០០រៀល ។
ថវិកាសរុបចំនួន ២១៦២ដុល្លារ និង ១១.៤៣០.០០០រៀល ។
ជាការឆ្លើយតប លោកគ្រូនាយក-នាយិកា នៃសាលាអនុវិទ្យាល័យសោហឺ តំណាងឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ បានថ្លែងអំណរអរគុណដល់សប្បុរសជនជាអតីតសិស្សអនុវិទ្យាល័យសោហឺ ដែលតែងតែជួយឧបត្ថមជាថវិកាក្នុងការកសាង និងជួសជុលសាលា តាមរយៈឯកឧត្តមមេធាវី វ៉ែង មូលីវិភ័ក្ត្រ ទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាអតីតសិស្សឆ្នាំ១៩៩៣-១៩៩៦ ៕