Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាប់គេលេង ដេកពេទ្យមែន ជាប់ខ្នោះ១០

កាប់គេលេង ដេកពេទ្យមែន ជាប់ខ្នោះ១០

ខេត្តកំពង់ឆ្នាំង ៖ ក្មេងទំនើងឈាមរាវ ១ក្រុម ធ្វើសកម្មភាពកាប់យុវជន ២នាក់ បណ្តាលឱ្យរងរបួសធ្ងន់ លុះ ជិះត្រឡប់មកវិញ ឃើញយុវជនម្នាក់កំពុងអង្គុលើម៉ូតូ ក៏ដេញកាប់គេទៀត តែយុវជននោះរត់គេចទាន់ទើប ក្រុមក្មេងទំនើងកាប់តែម៉ូតូ និងកាត់យកស្លាកលេខទៅបាត់ ទីបំផុតសមត្ថកិច្ចបានចុះអន្តរាគមន៍ បង្ក្រាប និងឃាត់ខ្លួនបានចំនួន១០នាក់ យកមកសាកសួរ បែរជាឆ្លើយថា ពួកគេគ្មានគំនុំអ្វីជាមួយជនរងគ្រោះទេ គ្រាន់ តែកាប់ដើម្បីកាត់សាញ និងទុកជាការកម្សាន្តលេងប៉ុណ្ណោះ។

ក្រុមក្មេងទំនើងទាំង១០នាក់ ត្រូវបានសមត្ថកិច្ចនាំមកបង្ហាញមុខជាសាធារណៈ កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។

លោកវរសេនីយឯក ពេជ្រ សុឃឿ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ថា ក្រុមក្មេងទំនើងទាំងនេះ បានធ្វើសកម្មភាពកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយមុនពេលធ្វើសកម្មភាពក្រុមក្មេងទំនើងខាងលើ បានណាត់ជួបគ្នា រួចហើយទើបជិះម៉ូតូ ពីក្រុងកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ ឆ្ពោះទៅរង្វង់មូលស្ត្រីស្មូនឆ្នាំង។ ពេលទៅដល់ ឃើញជនរងគ្រោះ ២នាក់ ជិះម៉ូតូ ក៏បានទាញដាវកាប់ទៅលើជនរងគ្រោះតែម្តង បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់។ក្រោយពីធ្វើសកម្មភាពរួចហើយ ក្រុមក្មេងទំនើងទាំងនេះបានជិះម៉ូតូតាមផ្លូវវាងក្រុង សំដៅមករង្វង់មូលឆ្នាំងថ្មី ហើយបានឃើញយុវជនម្នាក់ទៀត កំពុងអង្គុយលើម៉ូតូ ក៏បានចុះធ្វើសកម្មភាពដេញកាប់គេទៀត តែជនរង គ្រោះឃើញទាន់ ក៏បានរត់ចោលម៉ូតូ។ ពេលនោះ ក្រុមក្មេងទំនើង ឃើញជនរងគ្រោះរត់ចោលម៉ូតូ ក៏យកដាវ កាប់ទៅលើម៉ូតូ និងកាប់ផ្តាច់ស្លាកលេខម៉ូតូជនរងគ្រោះ យកទៅបាត់តែម្តង។

លោកវរសេនីយឯក ពេជ្រ សុឃឿ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងទៀតថា ដោយ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កម្លាំងជំនាញបាន សហការជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើការស្រាវជ្រាវ និង តាមឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ សរុប១០នាក់ នាំយកមកស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តបន្ត តាមនីតិវិធី។

យោងតាមចម្លើយសារភាពរបស់ក្រុមក្មេងទំនើងខាងលើនេះ បានឆ្លើយប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបាន ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះប្រាកដមែន តែពុំមានគំនុំអីនឹងគ្នានោះទេ គឺពួកគេកាប់ដើម្បីកាត់សាញ និងជាការកម្សាន្តលេងតែប៉ុណ្ណោះ។

ក្រុមក្មេងទំនើងទាំង១០នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES