Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាក់ឆ្កែបាន២ក្បាល ស៊យជួបប៉ូលិស ខ្នោះ

ទាក់ឆ្កែបាន២ក្បាល ស៊យជួបប៉ូលិស ខ្នោះ

ភ្នំពេញ ៖ កម្មករសំណង់ ចំនួន២នាក់ បាននាំគ្នាជិះម៉ូតូដើរទាក់ឆ្កែ ទុកធ្វើម្ហូប លុះក្រោយពីទាក់បានឆ្កែ ២ក្បាល ច្រកក្នុងបាវរួចហើយ ជិះម៉ូតូដឹកគ្នាត្រឡប់មកកន្លែងស្នាក់នៅវិញ ជួបកម្លាំងសមត្ថកិច្ចល្បាត មានការសង្ស័យ ហៅឱ្យឈប់ ដើម្បីពិនិត្យ ស្រាប់តែឈប់ម៉ូតូភ្លាម ជនសង្ស័យម្នាក់ បានស្ទុះរត់គេចបាត់ សល់ជនសង្ស័យម្នាក់ ទៀត អង្គុយពីក្រោយឱបបាវច្រកឆ្កែ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។ករណីឃាត់ខ្លួនក្រុមទាក់ឆ្កែនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវលំ ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល។

ជនសង្ស័យដែលត្រូវសមត្ថកច្ចិចាប់ឃាត់ខ្លួន មានឈ្មោះឃួន ដាំ  ហៅដាំ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងចក សង្កាត់ពងទឹក ខណ្ឌដង្កោ។ ចំណែកជនសង្ស័យម្នាក់ទៀត ដែលរត់ គេចខ្លួន មានឈ្មោះអាស៊ី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ម្តុំទួលសំបូរ សង្កាត់ពងទឹក ខណ្ឌដង្កោ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅយប់កើតហេតុ កម្លាំងសមត្ថកិច្ច បានចុះល្បាតតាមភូមិ សាស្ត្រដែល ងាយរងគ្រោះ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ លុះមកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-9363 ដឹកគ្នា ដោយអ្នកជិះពីក្រោយ អង្គុយឱបបាវ១ គួរឱ្យសង្ស័យ ក៏ហៅឱ្យឈប់ ដើម្បីសាកសួរនិងត្រួតពិនិត្យ។ លុះពេលឈប់ម៉ូតូភ្លាម ស្រាប់តែ ជនសង្ស័យម្នាក់ ជាអ្នកបើកម៉ូតូ បានស្ទុះរត់គេចខ្លួនបាត់ សល់តែជនសង្ស័យដែលអង្គុយឱបបាវឆ្កែ។ លុះ សមត្ថកិច្ចពិនិត្យមើលក្នុងបាវ ប្រទះឃើញមានសត្វឆ្កែ ចំនួន២ក្បាល។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា សត្វឆ្កែ ២ក្បាលនេះ គឺរូបគេនិងបក្ខពួក ម្នាក់ទៀតដែលរត់គេចខ្លួន ទើបនឹងទាក់បាន បំណងយកទៅធ្វើម្ហូប។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ឃាត់ខ្លួនយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES