Thursday, January 23, 2025
Homeព័ត៌មានជាតិសម រង្ស៊ី ថារង់ចាំឱកាសចាប់ដៃផ្ទៃក្នុងបក្សកាន់អំណាច ដកត្រកូលហ៊ុន សែន ចេញ

សម រង្ស៊ី ថារង់ចាំឱកាសចាប់ដៃផ្ទៃក្នុងបក្សកាន់អំណាច ដកត្រកូលហ៊ុន សែន ចេញ

ភ្នំពេញៈ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានលើកឡើងថា អ្នកប្រជាធិបតេយ្យ ឬអ្នកនយោបាយប្រឆាំង ដែលដឹកនាំដោយរូបលោក កំពុងរង់ចាំឱកាសចាប់ដៃផ្ទៃក្នុងបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដើម្បីដកត្រកូនហ៊ុន សែន ចេញពីឆាកនយោបាយ ។ ជាមួយនេះ លោកសម រង្ស៊ី នៅតែបន្តចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលយួនកុម្មុយនីស្តបង្កើត ដើម្បីលេបទឹកដីកម្ពុជា ។

ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សកាន់អំណាច បានប្រតិកម្មទៅនឹងលោកសម រង្ស៊ី ដែលចោទថា គណបក្សប្រជាជនកម្ពុជា ធ្វើតាមបញ្ជាវៀតណាម ក្នុងការលេបត្របាក់ទឹកដីខ្មែរ ហើយបានបដិសេធថា បក្សកាន់អំណាច មិនបានបែកបាក់ផ្ទៃក្នុង ដូចការលើកឡើងរបស់អតីតមេបក្សប្រឆាំង សម រង្ស៊ី នោះឡើយ ។

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានបង្ហោះឃ្លីបវីដេអូសម្ភាសន៍របស់លោក ក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុករបស់លោក ជាមួយសំណេរថា “ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា នឹងចាប់ដៃជាមួយកម្លាំងប្រជាធិបតេយ្យ ទូទាំងប្រទេស ដើម្បីដកត្រកូល ហ៊ុន សែន ចេញពីឆាកនយោបាយ “ ។

នៅក្នុងវីដេអូនោះ លោកសម រង្ស៊ី បានមានប្រសាសន៍ថា “ ផ្ទែក្នុងគណបក្សប្រជាជនកម្ពុជា គេចាំតែឱកាសដើម្បីដកហ៊ុន សែន ចេញ ដើម្បីកុំឲ្យត្រកូលហ៊ុន សែន ចាប់យកគណបក្សប្រជាជនធ្វើជាចំណាប់ខ្មាំង ។ ហ៊ុន សែន ហ្នឹងយកគណបក្សប្រជាជនធ្វើជាឈ្នាន់ ដើម្បីបន្ដុបកូនគាត់ឲ្យធ្វើជានាយករដ្ឋមន្រ្តីជំនួសគាត់ តែខ្វះអីអ្នកចាស់ ខ្វះអីយុវជនជំនាន់ក្រោយ បញ្ញវន្តខ្មែររាប់ម៉ឺននាក់ គ្រួសារសាមញ្ញរាប់លានគ្រួសារ ដែលមានកូនដ៏ឆ្នើម រឿងអីចាំបាច់តែយកកូនហ៊ុន សែន ម្នាក់ហ្នឹង? ដោយសារផលប្រយោជន៍ហ៊ុន សែន ដើម្បីតម្រូវឲ្យយកកូនគាត់ ដើម្បីឲ្យកូនគាត់ហ្នឹងការពារឪពុក ។ ឪពុកដែលជាជនឧក្រិដ្ឋ ត្រូវការកូនការពារខ្លួន ។ អ៊ីចឹងហើយបានក្នុងជួរគណបក្សប្រជាជន ដូចជាទឹកចិត្តប្រជាពលរដ្ឋខ្មែរទូទៅក៏ស្របអ៊ីចឹងដែរ គឺត្រូវតែដកហ៊ុន សែន ហើយកូនហ៊ុន សែន កុំឲ្យមកច្រងេងច្រងាង មកធ្វើភ្លៀង ធ្វើផ្គរ ពីឪដល់កូន ។ អ៊ីចឹងខ្ញុំជឿថា កម្លាំងប្រជាធិបតេយ្យនៅក្រៅពីគណបក្សប្រជាជនកម្ពុជានោះ ត្រូវតែចាប់ដៃជាមួយអ្នកស្នេហជាតិនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលគេធុញទាន់ នឿណាយចំពោះហ៊ុន សែន គ្រួសារហ៊ុន សែន នោះ គឺយើងត្រូវចាប់ដៃគ្នា មិនមែនទៅចាប់ដៃកម្លាំងប្រជាធិបតេយ្យ សម រង្ស៊ី-កឹម សុខា អីទេ គឺចាប់ដៃជាមួយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនោះ ដែលគេមិនពេញចិត្តចំពោះហ៊ុន សែន នោះ ខ្ញុំជឿថា ហ្នឹងហើយដែលជាដំណោះស្រាយដើម្បីនាំមកនូវការផ្លាស់ប្ដូរនៅប្រទេសកម្ពុជា ហើយប្រទេសជិតខាងដែលគេមានឥទ្ធិពលលើប្រទេសកម្ពុជា យើងដឹងហើយ ថាប្រទេសណាដែលមានឥទ្ធិលើប្រទេសកម្ពុជា ក៏គេមិនពេញចិត្តហ៊ុន សែន ដែរ ដែលហ៊ុន សែន ឲ្យចិន ចូលមកបង្កើតមូលដ្ឋានសឹកនៅរាមហ្នឹង គឺវាប៉ះពាល់ដល់សន្តិសុខគេ ដល់ផលប្រយោជន៍គេ យើងថា ដល់អាយុជីវិតរបស់គេក៏បានដែរ ។ អារឿងចាស់ យើងទុកមួយអន្លើទៅ តែអារឿងថ្មីពេលនេះ គឺតុល្យភាពកម្លាំងនយោបាយ កម្លាំងកងទ័ពនៅតំបន់អាស៊ីភាគអាគ្នេយ៍យើង គឺផ្ដល់ក្ដីសេចក្ដីសង្ឃឹមឲ្យអ្នកប្រជាធិបតេយ្យ អ្នកដែលចង់ផ្លាស់ប្ដូរឲ្យប្រទេសកម្ពុជារួចផុតពីហ៊ុន សែន ពីត្រកួលហ៊ុន សែន ដែលជារណបចិន ។ យើងគិតមួយសន្ទុះទៅ យើងមិនចាំបាច់ចេញឈ្មោះអ្នកនេះ អ្នកនោះ ប្រទេសនេះ ប្រទេសនោះទេ យើងឃើញថា កម្លាំងដែលមិនពេញចិត្តហ៊ុន សែន គឺច្រើន ហើយយើងត្រូវរួមកម្លាំងទាំងអស់ហ្នឹង ទាំងក្នុងស្រុក ទាំងក្រៅស្រុក ដើម្បីដកត្រកូលហ៊ុន សែន ចេញពីការដឹកនាំប្រទេសជាតិ ដែលបំផ្លាញជាតិដូចសព្វថ្ងៃ “ ។

លោកសម រង្ស៊ី បានមានប្រសាសន៍បន្តថា “ហ៊ុន សែន ធ្វើបាបគណបក្សប្រឆាំង ឲ្យតែអ្នកណាហ៊ានបញ្ចេញមតិប្រឆាំងគាត់ រហូតទៅដល់ថា ចង់ដកហ៊ុន សែន ចេញហ្នឹង គឺគាត់នឹងកម្ចាត់ភ្លាមមួយរំពេច ។ អ៊ីចឹងគាត់ធ្វើបាបគណបក្សប្រឆាំងកាន់តែខ្លាំង តាំងពីគណបក្សសង្រ្គោះជាតិ គណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ គណបក្សឆន្ទៈខ្មែរ អី អ្នកណាដែលមានជំហរស្នេហាជាតិពីដើមទី គាត់ត្រូវតែកម្ចាត់ ។ ហ្នឹងជាសារដើម្បីប្រាប់គ្នាគាត់ក្នុងជួរគណបក្សប្រជាជនកម្ពុជានោះ ឲ្យតែហ៊ានប្រឆាំងគាត់ គឺគាត់នឹងកម្ចាត់ ដូចគាត់កម្ចាត់គណបក្សប្រឆាំងអ៊ីចឹង ចលនាប្រឆាំងមានទាំងប៉ុន្មានហ្នឹង ។ អ៊ីចឹងហើយយើងត្រូវយល់ថា នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ទោះជាគេមិននិយាយស្ដី ដែលគេនៅស្ងៀម តែយើងយល់ទឹកចិត្តគេ ។ អ្នកណាពេញចិត្តនឹងហ៊ុន សែន ចាប់យកគណបក្សប្រជាជនកម្ពុជាធ្វើជាឈ្នាន់ដើម្បីបន្តុបកូនគាត់? គេអត់ពេញចិត្តទេ ។ គណបក្សប្រជាជនកម្ពុជា មិនមែនជាកម្មសិទ្ធិរបស់គ្រួសារហ៊ុន សែន តែប៉ុណ្ណោះទេ ។ អ៊ីចឹងគេគ្រាន់តែចាំឱកាស ដូចខ្ញុំក៏ចាំឱកាសដែរ ហើយឱកាសនោះគង់តែមកទេ ព្រោះស្ថានការណ៍កំពុងតែប្រែប្រួលនៅក្នុងតំបន់យើង ប្រជារាស្រ្តខ្មែរត្រូវរក្សាក្ដីសង្ឃឹម ពេលណារបបហ៊ុន សែន ធ្លាក់ពីតំណែងនោះ កម្លាំងអ្នកស្នេហាជាតិត្រូវមានការចងក្រង ត្រូវមានរចនាសម្ព័ន្ធ ត្រូវមានអ្នកដែលមានបទពិសោធន៍ អ្នកដែលធ្លាប់ចេញមុខ អ្នកទាំងអស់ហ្នឹងនឹងងើបឡើងវិញ អ្នកទាំងអស់ហ្នឹងនឹងចាប់ផ្ដើមធ្វើសកម្មភាពផុសផុលឡើងវិញ ។ យើងស្ងាត់ស្ងៀមមួយរយៈពេលទៅ ដូចតែខ្យល់ព្យុះណា! យើងឲ្យខ្យល់ព្យុះឲ្យផុតទៅ ប៉ុន្តែក្នុងចិត្តយើង ក្នុងផ្ទះយើង យើងសំងំនៅស្ងៀមសិនទៅ គង់តែសញ្ញាមកដល់ ពេលនោះ ខ្ញុំនឹងចេញមុខប្រកាស ថាពេលវេលាមកដល់ហើយ សុំបងប្អូនងើបទាំងអស់គ្នា ចាប់ដៃជាមួយអ្នកដឹកនាំគណបក្សប្រជាជនមួយចំនួន ដើម្បីបោសសម្អាតឆាកនយោបាយប្រទេសកម្ពុជា ពីត្រកូលហ៊ុន សែន ចេញ “ ។

ជាមួយគ្នានោះដែរ នៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកដដែល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសម រង្ស៊ី បានសរសេរថា “ ប្រវត្តិសាស្រ្តដែលជនក្បត់ជាតិ ហ៊ុន សែន ចង់បិទបាំងៈ កាលពីថ្ងៃ ០៩ វិច្ឆិកា ២០២៣ កន្លងទៅនេះ ប្រទេសកម្ពុជា បានប្រារព្ធខួបទី ៧០ នៃថ្ងៃដែលសម្តេចព្រះនរោត្តម សីហនុ និងអ្នកស្នេហាជាតិមួយចំនួនទៀត ដែលដង្ហែព្រះអង្គ បានទាមទារឯករាជ្យពីអាណានិគមនិយមបារាំង ប្រកបដោយជោគជ័យ នៅថ្ងៃ ០៩ វិច្ឆិកា ១៩៥៣។ តែទោះជាកម្ពុជា បានទទួលឯករាជ្យហើយយ៉ាងណាក៏ដោយ ក៏កងទ័ពយួនកុម្មុយនីស្ត ហៅយៀកមិញ ដែលបានមកវាយលុកលុយប្រទេសកម្ពុជា តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៤០ ក្រោមលេសថាជួយដេញអាណានិគមនិយមបារាំង នៅតែមិនព្រមដកកម្លាំងទ័ពរបស់ខ្លួន ចេញពីទឹកដីប្រទេសកម្ពុជាឡើយ។ ពួកយួនកុម្មុយនីស្តយៀកមិញនោះ បានយកគណបក្សប្រជាជនកម្ពុជា (ពេលនោះ ឈ្មោះគណបក្សប្រជាជនបដិវត្តន៍កម្ពុជា) ធ្វើជាខែល ដើម្បីវាយប្រហារលើកងយោធពលខេមរភូមិន្ទ ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ។ ទាល់តែក្រោយសន្និសីទអន្តរជាតិ ទីក្រុងហ្សឺណែវ ខែកក្កដា ឆ្នាំ ១៩៥៤ ទើបកងទ័ពយួនកុម្មុយនីស្តយៀកមិញ ត្រូវបានសហគមន៍អន្តរជាតិ បង្ខំឲ្យដកខ្លួនចេញពីទឹកដីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាមខាងជើងវិញ ដោយយកទៅជាមួយខ្លួន ថ្នាក់ដឹកនាំអាយ៉ង នៃគណបក្សប្រជាជនកម្ពុជា ដែលមាន សឺង ង៉ុកមិញ ហៅអាចារ្យមៀន (អាចារ្យក្លែងក្លាយ) ជាបិតាស្ថាបនិកអាយ៉ង និងជាជនក្បត់ជាតិ ប្រឆាំងជាតិ សាសនា និងព្រះមហាក្សត្ររបស់ខ្លួន។ ដូច្នេះកូនខ្មែរទាំងអស់ ត្រូវចងចាំថា គណបក្សប្រជាជនកម្ពុជា ត្រូវបានយួនកុម្មុយនីស្តបង្កើត ក្នុងគោលបំណងលេបទឹកដីប្រទេសកម្ពុជា តែប៉ុណ្ណោះ។ មកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជានេះ មានជនក្បត់ជាតិ ហ៊ុន សែន ធ្វើជាប្រធាន គឺជាអ្នកបន្តវេនពីជនក្បត់ជាតិ សឺង ង៉ុកមិញ “ ។

ស្របនឹងការលើកឡើង និងការថ្លែងររបស់លោកសម រង្ស៊ី ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក ដែលជាសហការីរបស់លោកសម រង្ស៊ី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកសម រង្ស៊ី អាចចាប់ដៃជាមួយនឹងផ្ទៃក្នុងគណបក្សកាន់អំណាច ជាពិសេសជាមួយសម្ដេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីដកសម្ដេចហ៊ុន ម៉ាណែត ចេញពីតំណែងនាយករដ្ឋមន្រ្តី នៅពេលអស់ពីសម្ដេចហ៊ុន សែន ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “ ខ្ញុំយល់ថា លោកសម រង្ស៊ី អាចចាប់ដៃជាមួយនឹងផ្ទៃក្នុងគណបក្សកាន់អំណាច ដូចជាលោកស ខេង អីជាដើម ដើម្បីដកត្រកូលហ៊ុន ចេញ នៅពេលអនាគត ហើយខ្ញុំយល់ថា អាចដកបាន ហើយវិធីនៃការដកហ្នឹង គឺចាំតែឱកាសតែប៉ុណ្ណោះឯង ដើម្បីអាចឲ្យលោកសម រង្ស៊ី ចាប់ដៃជាមួយលោកស ខេង ហ្នឹង ដកលោកហ៊ុន ម៉ាណែត ចេញ ហើយខមោសទោសទៅ នៅពេលដែលលោកហ៊ុន សែន គាត់ស្លាប់ទៅ ពេលហ្នឹងលោកហ៊ុន ម៉ាណែត មិនអាចគ្រប់គ្រងសភាពការណ៍បានទេ ប្រាកដជាមានបញ្ហាផ្ទៃក្នុងគណបក្សប្រជាជនហើយ ហើយពេលហ្នឹង លោកស ខេង នឹងសហការជាមួយលោកសម រង្ស៊ី ដើម្បីចាត់ការលោកហ៊ុន ម៉ាណែត ដកលោកហ៊ុន ម៉ាណែត ចេញហើយ ។ ហ្នឹងដូចក្នុងរឿងឆាវឆាវ អ៊ីចឹង លោកស ខេង ដូចជា សៀវ មូអ៊ី អ៊ីចឹង ចាំតែឱកាសមកដល់ហ្នឹង គឺគាត់នឹងចាត់ការហើយ នៅពេលដែលលោកហ៊ុន សែន គាត់ស្លាប់ ។ អាហ្នឹងដូចសៀវ មូអ៊ី អ៊ីចឹង នៅពេលដែលអស់ពីឆាវឆាវ ទៅ គាត់ចាត់ការបានហើយ ។ អាហ្នឹងដូចគ្នា លោកស ខេង ប្រៀបដូចជា សៀវ មូអ៊ី ក្នុងរឿងឆាវឆាវ ដែលចាំតែឱកាសមកដល់ ចាត់ការត្រកូលហ៊ុន នៅពេលដែលលោកហ៊ុន សែន គាត់ស្លាប់ទៅ នៅពេលអនាគត ។ អាហ្នឹងខ្ញុំយល់ថា អាចដកលោកហ៊ុន ម៉ាណែត ចេញពីការដឹកនាំប្រទេសជាតិហើយ ព្រោះគេចាំតែឱកាសតែប៉ុណ្ណោះឯង គេអត់ពេញចិត្តនឹងការផ្ទេរអំណាចផ្ដាច់ការតពូជនៅកម្ពុជានោះទេ នៅក្នុងជួរគណបក្សប្រជាជន ភាគច្រើន “ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “គណបក្សប្រជាជន គឺយួនអ្នកបង្កើតហ្នឹងឯង នៅឆ្នាំ១៩៥១ហ្នឹង លោកហូ ជីមិញ គាត់ជាប្រធានបក្សកុម្មុយនីស្តឥណ្ឌូចិន នៅពេលនោះគាត់បំបែកឲ្យបង្កើតបក្សរៀងៗខ្លួន មានគណបក្សប្រជាជនកម្ពុជាហ្នឹងសព្វថ្ងៃ ប៉ុន្តែពីមុនគេហៅបក្សបដិវត្តន៍ខ្មែរ ហើយដល់វៀតណាម មានគណបក្សពលករវៀតណាមអ៊ីចឹងទោ នៅប្រទេសឡាវ មានគណបក្សមួយផ្សេងអ៊ីចឹងទៅ ហើយឆ្នាំ១៩៥១ហ្នឹង បក្សបដិវត្តន៍កម្ពុជា ហ្នឹង គឺជាការរៀបចំបង្កើតឡើងដោយហូ ជីមិញ ដែលឲ្យសឺង ង៉ុកមិញ ហ្នឹង ដែលជាកូនសិស្សរបស់ហូ ជីមិញ ហ្នឹង ដែលឪពុកគាត់ជាខ្មែរក្រោម ម្ដាយជាវៀតណាមហ្នឹង ដឹកនាំគណបក្សហ្នឹង ដែលគ្រាន់តែជាអាយ៉ងតែប៉ុណ្ណេះឯង ការពិតដឹកនាំគ្រប់គ្រងនិងការបង្កើត គឺជាហូ ជីមិញ ជាអ្នកបង្កើត ។ ដូច្នេះគណបក្សហ្នឹង គឺយួន ជាអ្នកបង្កើត ដើម្បីលេបត្របាក់ទឹកដីកម្ពុជា ហើយមកដល់ពេលនេះ តាមគណបក្សប្រជាជន យួនបានលេបទឹកដីខ្មែរដល់កម្រិតណា យើងដឹងហើយ នៅតាមព្រំដែនហ្នឹង យួនយកដីខ្មែរយើងជាបន្តបន្ទាប់ ហើយតាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និង២០១៩ហ្នឹង ដែលយកតាមសន្ធិសញ្ញា១៩៨៥ ជាសន្ធិសញ្ញាខុសច្បាប់ សម័យយួនត្រួតត្រាកម្ពុជាហ្នឹង បានកាត់ទឹកដីខ្មែរមួយចំនួនឲ្យទៅយួន ហើយបានកាត់កោះត្រល់ ឲ្យទៅយួន បានកាត់កោះក្រចកសេះ ឲ្យទៅយួន បានកាត់ផ្ទៃសមុទ្រយើងចំនួន៣០ពាន់គីឡូម៉ែត្រការ៉េ ឲ្យទៅយួន ហើយតាមសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨២ហ្នឹង ឆ្នាំ១៩៩៧ហ្នឹង យួន និងសៀមចុះហត្ថលេខាទ្វេភាគីហ្នឹង បានយកផ្ទៃសមុទ្រខ្មែរយើងចំនួន៣០ពាន់គីឡូម៉ែត្រការ៉េបន្ថែមទៀត។ ដួច្នេះគណបក្សប្រជាជន គាត់ត្រូវតែទទួលស្គាល់ការពិត ជុំវិញការលេបទឹកដីខ្មែរពីសំណាក់ប្រទេសវៀតណាម ទោះបីកន្លងមក គាត់បំភ្លៃការពិតថា យួនមិនបានយកដីខ្មែរក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋនៅតាមជាយដែនជាសាក្សីរស់ នៅពេលបោះបង្គោលម្ដងៗ គាត់តែងតែស្រែកយំបាត់ដីស្រែចម្ការរបស់គាត់ នៅពេលបាត់ដីស្រែចម្ការរបស់គាត់ មានន័យថា បាត់ដីខ្មែរហើយ ហើយនៅពេលបោះបង្គោលម្ដងៗ យើងមិនដែលឃើញពលរដ្ឋយួនឯណាស្រែកយំបាត់ដីស្រែចម្ការទេ មានតែខ្មែរទេស្រែកយំបាត់ដីស្រែចម្ការ ។ ដូច្នេះគណបក្សប្រជាជនគួរតែទទួលស្គាល់ការពិតនៃការលេបទឹកដីខ្មែរពីសំណាក់ប្រទេសយួន ដែលលោកហ៊ុន សែន គាត់ជំពាក់គុណយួនហ្នឹង គាត់កាត់ទឹកដីខ្មែរឲ្យយួន ដើម្បីជាការសងគុណយួន ដែលបានលើកបន្តុបគាត់តាំងពីទសវត្សរ៍ទី៨០មក “ ។

ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្បួនបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា នេះ ត្រូវបានក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយជនក្បត់ជាតិ៣ជំនាន់ ទណ្ឌិតសម រង្ស៊ី ធ្វើយូរមកហើយ ក៏ប៉ុន្តែមិនទទួលបានលទ្ធផលអីទេ ពីព្រោះការលើកឡើងរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ គ្រាន់តែជាការមួលបង្កាច់សភាពការណ៍ពិតតែប៉ុណ្ណោះ ។ ចំណែកការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា យួន ជាអ្នកបង្កើត ដើម្បីលេបទឹកដីកម្ពុជា នោះ វាជានយោបាយលាបពណ៌ របស់ពួកឧទ្ទាមក្រៅច្បាប់ វាមិនផ្អែកទៅលើការពិតជាក់ស្ដែងទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ អាក្បួនបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជានេះ គឺត្រូវបានក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹងធ្វើយូរមកហើយ ក៏ប៉ុន្តែមិនទទួលបានលទ្ធផលអីទេ ពីព្រោះការលើកឡើងរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ គ្រាន់តែជាការមួលបង្កាច់សភាពការណ៍ពិតតែប៉ុណ្ណោះទេ ហើយផ្ទុយទៅវិញ គឺថា ឧបាយកលទុច្ចរិតដែលចង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជានេះ គឺឡងទៅខ្លួនឯងវិញ យើងឃើញថា គណបក្សប្រឆាំង ជាពិសេសរបស់ក្រុមជ្រុលនិយមហ្នឹង គឺបែកបាក់ប៉ុន្មានចំណែកទៅហើយ យើងឃើញហើយ ធ្វើនយោបាយ៣០ឆ្នាំ អត់សល់អីទាំងអស់ សល់តែបាតដៃទទេ ហើយរត់ចោលស្រុកទៀត អត់ទឹក អត់ដី អត់ផ្ទះសម្បែងនៅ ហើយរត់ទៅនៅពឹងបរទេសឯណោះ អាហ្នឹងវាអត់មានបានការអីទេ ។ អ៊ីចឹងទេសរុបមកវិញ គឺថា ការនិយាយបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា របស់ពួកក្រុមឧទ្ទាមក្រៅច្បាប់នេះ វាអត់បានអីទាំងអស់ ។ ពោលគឺសួរទៅវិញថា ចាប់ដៃឯណា? ពីព្រោះវាអត់មានអីចាប់ដៃ ក្នុងផ្ទៃក្នុងគណបក្សប្រជាជន អត់មានខាងណាបោះដៃមកឲ្យក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹងចាប់ដៃទេ ពីព្រោះវាអត់មានការបែកបាក់ផង បានអីទៅចាប់ដៃខាងណា? គណបក្សប្រជាជន គឺបានលើកទិសស្លោកហើយៗ ការស្លាប់រស់របស់គណបក្ស វាផ្អែកទៅលើសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ ។ ដូច្នេះមិនអាចគណបក្សប្រឆាំង ឬមជ្ឈដ្ឋានប្រឆាំងណាមានឧបាយកលយ៉ាងណា ក៏មិនអាចបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាបានដែរ ។ និយាយទៅ ពាក្យឱកាស សម្រាប់គាត់ហ្នឹងអត់មានទេ ។ ឥឡូវទណ្ឌិតសម រង្ស៊ី អាយុប៉ុន្មានហើយ? យើងគិតមើល? កើតឆ្នាំ១៩៤៩ ឥឡូវវា៧៥ឆ្នាំហើយ អ៊ីចឹងទេសួរថា នៅប៉ុន្មនឆ្នាំទៀត ហើយបំបែកបំបាក់ហ្នឹង? វាល្មមតែដកស្រង់មេរៀនឧបាយកលរបស់ខ្លួនហ្នឹង ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតហ្នឹងទៀតទៅ ។ បំបែកបំបាក់គណបក្សប្រជាជន ជាលទ្ធផលទៅ វាបែកបាក់ខ្លួនឯង ខ្ចាត់ខ្ចាយព្រាត់ប្រាសអស់រលីង រហូតដល់សព្វថ្ងៃនេះ យើងឃើញហើយ ៣០ឆ្នាំប្លាយហ្នឹង តើសល់អី? សល់តែបាតដៃទទេ ។ អាហ្នឹងមានតែប៉ុណ្ណឹងទេ វាអត់មានបញ្ហាអីគួរឲ្យឆ្ងល់ទេ “ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ និយាយទៅ ផ្ទៃក្នុងគណបក្សកាន់អំណាចរឹងមាំ ឬមិនរឹងមាំ អាហ្នឹងយើងឃើញស្រាប់ហើយ ការដែលផ្ទេរអំណាចជូនទៅរាជរដ្ឋាភិបាល នីតិកាលទី៧ គឺស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ហើយស្របទៅតាមកម្មវិធីនយោបាយ ក៏ដូចជារបត់នយោបាយ ដែលគណបក្សប្រជាជនធ្វើ ដែលមិនធ្លាប់មានពីមុនមករាប់រយឆ្នាំ ជាពិសេសក្រោយសម័យអង្គរមក ខ្មែរយើងមានការបែកបាក់ធ្ងន់ធ្ងរ តែឥឡូវនេះ គឺថា ក្នុងសម័យតេជោ គឺយើងឃើញថា បានសាមគ្គីភាព សន្តិភាពរឹងមាំ មានការឯកភាពជាតិរឹងមាំ ហើយការដឹកនាំនេះ គឺថា វាជារបត់ថ្មីមួយ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជាពីមុនមក ពីព្រោះការផ្ទរេអំណាចនេះ ពីមុនមកបានតែតាមរយៈចុងអាវុធ ចុងដាវទេ តែឥឡូវនេះយើងធ្វើគឺស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ អ៊ីចឹងទេបានជាបរទេសនានា ដែលពីមុនមកវ៉ៃតម្លៃថា ការបោះឆ្នោតក្លែងក្លាយនោះ ឥឡូវនេះលែងមានអ្នកណាស្រែកថា ជាការបោះឆ្នោតក្លែងក្លាយហើយ ពីព្រោះវាសម្ដែងចេញតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយមិនមែនប្រជាពលរដ្ឋតិចទេ គឺ៨៤% ឯណោះ ។ ដូច្នេះហើយយើងឃើញថា គ្មានប្រទេសណានៅលើពិភពលោកដែលមានអ្នកទៅបោះឆ្នោតគាំទ្រគណបក្សកាន់អំណាច​ រហូតទៅដល់ជាង៨០% ទេ “ ។ លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ ភ្ជាប់ជាមួយចំណុចនេះដែរ រឿងដែលថា គណបក្សប្រជាជនកម្ពុជា យួនជាអ្នកបង្កើត ដើម្បីលេបទឹកដីខ្មែរនោះ អានោះវាក្បួនដដែលៗទេ វាស៊ាំដដែលៗទេ តិចទៀត ប្រជាជនគេលែងនឹងស្ដាប់ទៀតទៅហើយ ។ អាហ្នឹងវាជានយោបាយលាបពណ៌ ដូច្នេះហើយវាមិនផ្អែកទៅលើការពិតជាក់ស្ដែងទេ ក៏ប៉ុន្តែវាត្រូវតែផ្អែកទៅលើសច្ចធម៌ប្រវត្តិសាស្រ្ត ។ ដូចជាលោកប្រធានាធិបតីបារាំង ហ្សាល ដឺហ្គោល អ៊ីចឹង នៅពេលដែលប្រទេសបារាំង ត្រូវអាល្លឺម៉ង់យក វ៉ៃគ្រប់គ្រងមក គឺថា ដាច់ខាតលោកប្រធានាធិបតី ដឺហ្គោល ហ្នឹង គឺថា ក្នុងនាមគាត់ជាឧត្ដមសេនីយ៍ហ្នឹង គាត់រត់ទៅពឹងពាក់អង់គ្លេសដែរតើ! ហើយបានកងទ័ពអង់គ្លេសមកជួយវ៉ៃបណ្ដេញពួកកងទ័ពអាល្លឺម៉ង់ចេញនេះ អាហ្នឹងបានបារាំងបានឯករាជ្យ ហើយគេយកឧត្ដមសេនីយ៍ប៉េតាំង ហ្នឹង ទៅកាត់ទោស ។ អាហ្នឹងដោយសារលើកទង់សចុះចូលជាមួយពួកអាល្លឺម៉ង់នេះ ក៏ប៉ុន្តែយើងនេះ ចំពោះសភាពការណ៍កម្ពុជានេះ ក៏មិនខុសគ្នាដែរ ហើយការរត់ទៅពឹងពាក់បរទេសជិតខាង យើងត្រូវធ្វើស្របទៅតាមកាលៈទេសៈដែលតម្រូវឲ្យធ្វើ បើយើងមិនធ្វើទេ សួរថា យើងទៅពឹងអ្នកណា? បើមិនពឹងអ្នកជិតខាង ហើយយើងមិនអាចយកភាពជូរចត់នៃប្រវត្តិសាស្រ្តពីពេលកន្លងទៅ យកមកចាក់ឆ្កុះឆ្កៀលដូចពួកប្រឆាំងនិយាយទេ ហើយបើយើងធ្វើរបៀបនេះ យើងមិនអាចរំដោះជាតិរបស់យើងឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយយើងកសាងប្រទេសជាតិរបស់យើងឲ្យមានសន្តិភាព មានស្ថិរភាព មានការឯកភាពជាតិរហូតមកដល់សព្វថ្ងៃទេ ។ អាហ្នឹងវាអ៊ីចឹង អាហ្នឹងវាផ្អែកទៅលើកាលៈទេសៈ “ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ អ្នកដឹកនាំនយោបាយ ដឹកនាំប្រទេសដែលប្រកបដោយឆន្ទៈមោះមុត ហើយនិងមានឧត្ដមគតិស្នេហាជាតិហ្នឹង គឺត្រូវចេះឆក់ឱកាស ឆ្លៀតឱកាស ហើយនិងប្រើឱកាសដើម្បីផលប្រយោជន៍ជាតិនិងប្រជាជន ។ អាហ្នឹងបានគេហៅថា ជាអ្នកនយោបាយមានឧត្ដមគតិស្នេហាជាតិ និងស្រលាញ់ប្រជាជនពិតៗ តែបើដូចជាពួកក្រុមឧទ្ទាមក្រៅច្បាប់ដែលដឹកនាំដោយជនក្បត់៣ជំនាន់ ទណ្ឌិតសម រង្ស៊ី នេះ គឺថា រត់ទៅនៅប្រទេសបារាំងហ្នឹង គឺដេកស៊ីនៅហ្នឹង ហើយចាំតែញុះញង់ ចាំតែលុតក្រាបបរទេសឲ្យមកដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា នៅឯផ្ទៃក្នុងប្រទេសជាតិនេះ គឺមិនអាចទទួលបានលទ្ធផលអីទេ ពីព្រោះពួកនេះគ្មានឆន្ទៈ គ្មានឧត្ដមគតិស្នេហាជាតិ ស្រលាញ់ប្រជាជនអីទេ វាស្រលាញ់តែអំណាច ក៏ប៉ុន្តែឥឡូវនេះ ដោយសារតែការស្រលាញ់អំណាចនេះ គឺថា មិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ។ អ៊ីចឹងទេពួកនេះត្រូវបរាជ័យ ហើយខ្ញុំយល់ថា បរាជ័យរបស់ពួកនេះ គឺរហូតទៅដល់បាត់បង់អាយុជីវិតរៀងៗខ្លួនទៅហោងតែប៉ុណ្ណឹងទេ ។ ជារួមទៅ យើងដឹងហើយ ថាគណបក្សប្រជាជន ជាគណបក្សរបស់ប្រជាជន គិតគូរអំពីផលប្រយោជន៍ជាតិ និងប្រជាជន ។ ក្រោយពេលដែលប្រទេសជាតិទទួលបាននូវការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋមក គឺរាជរដ្ឋាភិបាលគណបក្សប្រជាជនតែងតែយកចិត្តទុកដាក់គិតគូរអំពីការការពារឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា តាមរយៈការខិតខំធ្វើយ៉ាងណាបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង មានវៀតណាម មានឡាវ មានថៃហ្នឹង គឺឲ្យបានគត់មត់ ។ អាការដែលខិតខំបោះបង្គោលព្រំដែន ខណ្ឌសីមាឲ្យបានត្រឹមត្រូវ ស្របទៅតាមផែនទីដែលបន្សល់ទុកដោយបារាំងមក យើងឃើញថា អានេះហើយវាឆ្លុះបញ្ចាំងអំពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន មិនមែនដូចពួកប្រឆាំងថា ធ្វើឲ្យបាត់បង់ទឹកដីទេ ពួករត់ចោលស្រុកតើ! ដែលធ្វើឲ្យបាត់បង់ទឹកដីនោះ ពីព្រោះអត់មានឆន្ទៈក្នុងការតស៊ូ ក្នុងការរៀបចំលិខិតបទដ្ឋាននានា ដើម្បីឲ្យទៅជាលិខិតបទដ្ឋានគតិយុត្ត ទទួលស្គាល់ដោយប្រទេសជិតខាង និងអន្តរជាតិទេ “ ៕

RELATED ARTICLES