ភ្នំពេញ៖អ្នកនាងអម្ពរ ទេវី បានមកខ្មែរជាង១ខែដើម្បីថតភាពយន្ដរឿង”អប្សរា មហាអង្គរ “ដែលដឹកនាំដោយលោកហ្វៃ សំអាង ហើយនាងបានវិលទៅអាមេរិកវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ដោយមិនទាន់ដឹងច្បាស់ថានៅពេលភាពយន្ដនេះត្រូវដាក់សម្ពោធនាងនឹងមកចូលរួមឬយ៉ាងណាទេ ព្រោះលោកសំអាង ថាពេលវេលានៅវែងឆ្ងាយហេតុនេះមិនទាន់គិតដល់រឿងនេះ។ប៉ុន្ដែគេចាប់អារម្មណ៍ថាមុនវិលទៅអាមេរិកវិញនេះអ្នកនាងអម្ពរ ទេវី មិនបានបង្ហាញសកម្មភាពណាមួយទៅជួបតទល់គ្នាជាមួយលោកយុត្ថារ៉ា ឆានី តាមគម្រោងដែលតារាផ្សេងៗទៀតដែលទិញដីគម្រោងលោកឆានី ហើយមានបញ្ហាវិវាទរំពឹងនោះទេ។បញ្ហានេះអ្នកយកព័តមានយើងបានទូរស័ព្ទទៅតារាមួយចំនួនដែលបានទិញដីឡូតិ៍លោកយុត្ថារ៉ា ឆានី ហើយត្រូវបានពួកគេនិយាយស្របគ្នាថាអាចអ្នកនាងទេវី និងលោកឆានី និយាយគ្នាហើយមុននាងទៅអាមេរិក ព្រោះបើគាត់(ទេវី) ទៅជួបលោកឆានី រឿងដីធ្លី នោះនឹងធ្វើឲ្យរឿងនោះផ្ទុះម្ដងទៀត ហេតុនេះក្នុងនាមជាតារារួមអាជីពអ្នកនាងទេវី មានការយោគយល់ដល់លោកឆានី ហើយក៍ទុកពេលឲ្យលោកធ្វើការ១០ខែ តាមការសន្យាទៅអតិថិជនទាំងអស់ដែលមានរឿងជាមួយគាត់ដែរ ហេតុនេះហើយបានជាគាត់ទៅអាមេរិកវិញទាំងមិនឃើញបានជួបតទល់គ្នាជាមួយលោកឆានី បែបនេះ។យ៉ាងណាកក្រុមតារាដែលទិញដីឡូតិ៍លោកឆានី ហើយប្លង់ខ្លួនប៉ៈធនាគារហ៊ុំព័ទ្ធនោះសម្ដែងការខកចិត្តតិចតួចចំពោះអ្នកនាងអម្ពរ ទេវី ដែលបានទិញដីឡូតិ៍នោះដែរហើយប៉ៈចង់ប្លង់គេព័ទ្ធដូចគ្នានោះតែនាងមិនទៅជួបលោកឆានី ដោយផ្ទាល់ពេលមកដល់ខ្មែរ។គេថាប្រសិនបើអ្នកនាងទេវី ទៅជួបលោកឆានី សួរនាំរឿងនេះហើយសារព័តមានជាច្រើនផ្សព្វផ្សាយនោះនឹងធ្វើឲ្យលោកឆានី និងភរិយាបង្កើនការយកចិត្តទុកដាក់លើការដោះស្រាយរឿងនេះមួយកម្រិតទៀតជាមិនខាន។
អ្នកយកព័តមានយើងមិនអាចទាក់ទងអ្នកនាងតី ភរិយាថ្មីលោកយុត្ថារ៉ា ឆានី ដែលកាន់គម្រោងដីឡូតិ៍នោះបានទេ ព្រោះទាំងទូរស័ព្ទ និងតេឡេក្រាមនាងមិនលើកនិងឆ្លើយតបឡើយ ។ដោយឡែកលោកយុត្ថារ៉ា ឆានី វិញនៅពេលអ្នកយកព័តមានយើងជួបផ្ទាល់និងចង់ឲ្យលោកបំភ្លឺរឿងនេះឲ្យជ្រះស្រឡះលោកធ្លាប់ប្រាប់ថាឲ្យទៅសួរភរិយាលោកបានច្បាស់ទៅវិញ។
តាមព័តមានថាអ្នកនាងអម្ពរ ទេវី បានទិញដីឡូតិ៍លោកយុត្ថារ៉ា ឆានី មួយប្លង់អស់ទឹកប្រាក់ចំនួន២៤០០០ដុល្លារ ហើយបង់លុយអស់ តែឥឡូវដីនោះត្រូវបានគេព័ទ្ធរបងយកជាហេតុនេះនាំឲ្យអ្នកនាងទេវី ដែលកំពុងរស់នៅអាមេរិកនោះមានអារម្មណ៍ច្របូកច្របល់ ដូចអតិថិជនចំនួនទាំង៤៣ នាក់ទៀតដែរ ។ប៉ុន្ដែកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោកយុត្ថារ៉ា ឆានី និងភរិយាបានជួបតទល់គ្នាជាមួយអតិថិជនដែលរងគ្រោះទាំងអស់ដើម្បីរកដំណោះស្រាយហើយជាលទ្ធផលលោកនិងប្រពន្ធបានផ្ដិតមេដៃសន្យាថានឹងដោះស្រាយរឿងរ៉ាវមួយនេះឲ្យចប់ជ្រះស្រឡះនូវរយៈពេល១០ខែ មានន័យថានៅអំឡុងខែឧសភា ឆ្នាំ២០២៤ អតិថិជននឹងបានប្លង់ដី ហើយការធ្វើរបងហ៊ុំព័ទ្ធពីធនាគារមួយនោះនឹងត្រូវដកចេញ។លោកឆានី ថែមទាំងប្រកាសថាបើលោកធ្វើមិនបានរយៈពេល១០ខែ នោះគឺលោកមិនរត់ទៅណាទេ ហើយសូមឲ្យច្បាប់ដាក់ទោសលោកចុះ ។ដោយសារតែមានការបញ្ជាក់ច្បាស់ៗបែបនេះហើយទើបអ្នកមានបញ្ហាទាំង៤៣នាក់ ទិញដីឡូតិ៍លោកនៅនៅភូមិអម្ពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នោះបានយល់ព្រមដកថយមួយជំហ៊ាន លែងធ្វើការតវ៉ាទៀត ដោយទុកពេលឲ្យលោកនិងភរិយាធ្វើការទៅតាមកិច្ចសន្យាដែលបានមានអជ្ញាធរចុះទៅផ្ទាល់ត្រួតពិនិ្យរឿងនេះផងដែរ។
គូរបញ្ជាក់ថាអ្នកនាងអម្ពរ ទេវី បានផ្អាកថតសម្ដែងភាពយន្ដជាច្រើនឆ្នាំមកហើយតាំងពីនាងបានចេញទៅរស់នៅអាមេរិកជិត២០ឆ្នាំមកនេះ ហើយនាងមានស្វាមីថ្មីលោក Pauly Hap និងទទួលបានកូនស្រីម្នាក់អាយុជិត១០ឆ្នាំ ។កាលពីឆ្នាំ២០១៧ អ្នកនាងទេវី ធ្លាប់បានចុះមកថតភាពយន្ដរឿង”ទឹកចិត្តម្ដាយសម័យថ្មី”ដឹកនាំដោយលោកស្រីពាន់ ភួងបុប្ផា និងរឿង” ” ឆន្ទា”របស់Ld “។ការមកខ្មែរលើកចុងក្រោយរបស់អ្នកនាងទេវី ដើម្បីថតរឿង”អប្សរ៉ា មហាអង្គរ” នេះមិនមានការទៅទទួល, ជូនតំណើរឬរៀបចំសម្លៀកបំពាក់ឲ្យនាងថតពីសំណាក់អតីតស្វាមីនាងលោកពេជ្រ ភិរុណ ដូចមុនៗទេ ព្រោះស្វាមីថ្មីអ្នកនាងរួមដំណើរមកដែរ។សម្រាប់លោកហ្វៃ សំអាង អ្នកដឹកនាំរឿង”អប្សរា មហាអង្គរ” បានសរសើរនូវទេពកោសល្យអ្នកនាងទេវី ថានៅតែល្អដដែល ទោះជាផ្អាកថតរឿងច្រើនឆ្នាំក្ដី ហើយលោកថាអ្នកនាងសាកសមជាតារាកំពូលដែលតារាវ័យក្មេងៗគោរពនិងយកគំរូរតាម ៕