Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកឡានបុក វ៉ៃសន្តិសុខបែកមុខ ព្រហើនអួតអាង ខ្សែហ៊ុន ជាប់ខ្នោះ

បើកឡានបុក វ៉ៃសន្តិសុខបែកមុខ ព្រហើនអួតអាង ខ្សែហ៊ុន ជាប់ខ្នោះ

ភ្នំពេញ ៖ បុរសជាមន្ត្រីយោធាជើងខ្លាំងម្នាក់ ដែលផឹកស្រាស្រវឹងជោក បើកឡានបុកទ្វាររបងបុរី និងបានរក រឿងប្រើអំពើហិង្សា វាយសន្តិសុខយាមបុរីម្នាក់ បណ្តាលឱ្យបែកមុខ រួចអួតអាងខ្លួនជាខ្សែហ៊ុន ព្រមទាំងគំរាម យកកាំភ្លើងបាញ់បំបែកក្បាលជនរងគ្រោះថែមទៀតផងនោះ  ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតាម បញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ហើយត្រូវ បានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនឡើងតុលាការ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ករណីអំពើហិង្សា បង្កឡើងដោយជនសង្ស័យជាមន្ត្រីយោធានោះ បានកើតឡើង កាលពីវេលា ម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលវាយសន្តិសុខបែកមុខ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះហ្វី សុធា អាយុ៥២ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ុម កួក អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ។

គួរបញ្ជាក់ថា ជនសង្ស័យជាមន្ត្រីយោធាដែលបបង្កអំពើហិង្សាលើសន្តិសុខនោះ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន ក្រោយពីជននេះ បានវាយសន្តិសុខម្នាក់ មួយពិល បណ្តាលឱ្យបែកលើផ្ទៃមុខ រងរបួសធ្ងន់ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយជននេះថែមទាំងគំរាមបាញ់បំបែកក្បាលជនរងគ្រោះ និងទារឲ្យសងពិលទៀតផង។ លុះពេលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ជនសង្ស័យបានជេរប្រមាថ និងគំរាមបាញ់នគរបាល មូលដ្ឋានទៀតផង។

តាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ១រំលងអធ្រាត្រ ខ្លួនកំពុងតែយាមនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹង ជាប់ធនាគារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានរថយន្ត មួយគ្រឿង ម៉ាក TOYOTA TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-1127 បើកបរដោយជនសង្ស័យ ខាងលើ បានដល់ចំណុចច្រកចូលបុរី ហើយមុនបានបើកចូលតាមផ្លូវចំហទេ បែរជាបើកបុកទ្វាររបងបុរី នៅផ្លូវ ម្ខាងដែលបិទ រួចបើកចូលទៅខាងក្នុងបាត់។

សន្តិសុខឈ្មោះនឿន វាសនា បានបន្តថា ក្រោយកើតហេតុ ខ្លួនបានបោះដៃតាមអាយកូម ទៅប្រធានសន្តិសុខ (ជនរងគ្រោះឈ្មោះអ៊ុម កួក) ដែលកំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរី ។ លុះ រយៈពេលជាង៥នាទីក្រោយមក ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុ ហើយជនសង្ស័យខាងលើ បានបើករថយន្តត្រឡប់មកដល់ កន្លែងកើតហេតុវិញដែរ រួចជនសង្ស័យ បានស្រែកគំរាមបាញ់បំបែកក្បាលជនរងគ្រោះ រួចចុះពីលើរថយន្ត កាន់ពិលដែកពណ៌ខ្មៅ ដេញវាយជនរងគ្រោះ ហើយជនរងគ្រោះរត់គេច ជនសង្ស័យបានគប់ពិលចំលើផ្ទៃមុខ ចុងចិញ្ចើម ខាងឆ្វេង បណ្តាលឱ្យរបួស បែកចេញឈាមតែម្តង។

តាមសម្តីជនរងគ្រោះឈ្មោះអ៊ុម កួក បានឲ្យដឹងថា ជនសង្ស័យនេះ ធ្លាប់វាយជាងសាងសង់ដំបូលក្នុងបុរី ហើយក៏ធ្លាប់ដេញវាយគាត់ពីមុនម្តងដែរ តែគាត់រត់គេចទាន់ ស្រាប់តែលើកនេះបានវាយគាត់បែកមុខ (លើចិញ្ចើមខាងឆ្វេង) ថែមទាំងគំរាមបាញ់បំបែកក្បាលគាត់ទៀតផង ដោយអួតអាងថា គេខ្សែហ៊ុន គ្មាន អ្នកណាហ៊ានប៉ះពាល់ទៀតផង។ លុះពេលសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ ចុះមកនាំខ្លួនទៅប៉ុស្តិ៍ ជនសង្ស័យ ថែមទាំងជេរប្រមាថសមត្ថកិច្ច ដោយអួតអាងថា មេប៉ុស្តិ៍ជាកូនចៅរបស់ខ្លួន និងធ្វើជាទូរស័ព្ទហៅកម្លាំង ព្រហ្មទណ្ឌ មកជួយអន្តរាគមន៍ទៀត។

ចំណែកសន្តិសុខម្នាក់ទៀត បានបញ្ជាក់ថា ជនសង្ស័យខាងលើ ពេលសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាល ចោមចៅទី១ បានស្រែកឡូឡា គំរាមថាខ្លួនមានខ្សែធំ និងជុះអាចម៍ដាក់ប៉ុស្តិ៍ប៉ូលិសទៀតផង។ប្រភពសមត្ថកិច្ច បានឲ្យដឹងថា ដោយអនុវត្តតាមច្បាប់ កម្លាំងនគរបាល បានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមក ប៉ុស្តិ៍ នគរបាល និងបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុ លាការ ចាត់ការបន្តតាមនីតិវិធី តាមបញ្ជាលោកស្នងការនគតបាលរាជធានីភ្នំពេញ។

ជុំវិញករណីខាងលើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា ជនសង្ស័យពាក់ព័ន្ធករណីហិង្សាដោយចេតនាខាងលើ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែន ជ័យ ឃាត់ខ្លួន ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយកម្លាំងនគរបាលផ្នែកនគរបាល ព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ឈ្មោះ ហ្វី សុធា ភេទប្រុស អាយុ៥២ឆ្នាំ ទៅសាលាដំបូងរាជធានីភ្នំពេញ  ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រព្រឹត្ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន ជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូនទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីចាត់កាតាមនីតិវិធី។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងមហាជនទូទៅ បានសំណូមពរថ្នាក់ដឹកនាំ ក៏ដូចជាស្ថាប័នតុលាការ ចាត់វិធាន ការយ៉ាងតឹងរ៉ឹងបំផុតជំពោះជនសង្ស័យជាមន្ត្រីទំនើងម្នាក់នេះ ដែលបង្កហិង្សាលើប្រជាពលរដ្ឋ ប្រមាថកម្លាំង សមត្ថកិច្ច ថែមទាំងថ្លើមធំ ព្រហើនហ៊ានអួតអាងខ្លួនជាខ្សែហ៊ុនទៀត ខណៈដែលលេចឮថា សាច់ញាតិជន សង្ស័យ កំពុងស្វែងរកអន្តរាគមន៍ ដើម្បីដោះលែងជនសង្ស័យឱ្យនៅក្រៅឃុំ៕

RELATED ARTICLES