Tuesday, July 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមករណីមន្ត្រីយោធា វ៉ៃសន្តិសុខ តុលាការបើក ការស៊ើបសួរ

ករណីមន្ត្រីយោធា វ៉ៃសន្តិសុខ តុលាការបើក ការស៊ើបសួរ

ភ្នំពេញ ៖ លោកប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសជាមន្ត្រីយោធាជើងខ្លាំងម្នាក់ ដែលផឹកស្រាស្រវឹង បើកឡានបុកទ្វាររបងបុរី និងបាន ប្រើអំពើហិង្សា វាយសន្តិសុខយាមបុរីម្នាក់ បណ្តាលឱ្យបែកមុខ ហើយអួតអាងខ្លួនជាខ្សែហ៊ុន ព្រមទាំង គំរាមយកកាំភ្លើងបាញ់បំបែកក្បាលជនរងគ្រោះថែមទៀតនោះ ត្រូវបានតំណាងអយ្យការ បើកការស៊ើបសួរ ពាក់ព័ន្ធការចោទប្រកាន់ពីបទ «ហិង្សាមានស្ថានទម្ងន់ទោស»។

ជនសង្ស័យដែលវាយសន្តិសុខបែកមុខ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះហ្វី សុធា អាយុ៥២ឆ្នាំ មុខរបរមន្ត្រីយោធា ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ុម កួក អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ។

លោកប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា សំណុំរឿងខាងលើនេះ តំណាងអយ្យការ កំពុងមានចំណាត់ការតាមនីតិវិធី ដោយមិនទាន់បានបញ្ចប់នៅឡើយទេ។

គួរបញ្ជាក់ថា ជនសង្ស័យជាមន្ត្រីយោធាដែលបបង្កអំពើហិង្សាលើសន្តិសុខនោះ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួន ក្រោយពីជននេះ បានវាយសន្តិសុខម្នាក់ មួយពិល បណ្តាល ឱ្យបែកលើផ្ទៃមុខ រងរបួសធ្ងន់ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវច្រកចូលបុរីពិភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ហើយជននេះ ថែមទាំងគំរាមបាញ់បំបែកក្បាលជនរងគ្រោះ និងទារឱ្យសងពិលទៀតផង។ លុះពេលសមត្ថកិច្ចចុះមកដល់ កន្លែងកើតហេតុ ជនសង្ស័យបានជេរប្រមាថ និងគំរាមបាញ់នគរបាលមូលដ្ឋានទៀតផង។ 

តាមការបំភ្លឺរបស់ឈ្មោះ នឿន វាសនា អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅថ្ងៃទី២៤ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ១រំលងអធ្រាត្រ ខ្លួនកំពុងតែយាមនៅច្រកចូលបុរីពិភពថ្មី ជាប់ធនា គារ ABA ស្ថិតនៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក TOYOTA TUNDRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-1127 បើកបរដោយជនសង្ស័យខាងលើ បានដល់ចំណុចច្រកចូលបុរី ហើយមិនបានបើកចូលតាមផ្លូវចំហទេ បែរជាបើកបុកទ្វាររបងបុរី នៅផ្លូវម្ខាងដែល បិទ រួចបើកចូលទៅខាងក្នុងបាត់។

សន្តិសុខឈ្មោះនឿន វាសនា បានបន្តថា ក្រោយកើតហេតុ ខ្លួនបានបោះដៃតាមអាយកូម ទៅប្រធានសន្តិសុខ (ជនរងគ្រោះឈ្មោះអ៊ុម កួក) ដែលកំពុងតែជិះម៉ូតូល្បាតនៅក្នុងបុរី ។ លុះរយៈពេលជាង ៥នាទីក្រោយមក ជនរងគ្រោះបានជិះម៉ូតូមកដល់កន្លែងកើតហេតុ ហើយជន សង្ស័យខាងលើ បានបើករថយន្តត្រឡប់ មកដល់ កន្លែងកើតហេតុវិញដែរ រួចជនសង្ស័យ បានស្រែកគំរាមបាញ់បំបែកក្បាលជនរងគ្រោះ រួចចុះពីលើរថយន្ត កាន់ពិលដែកពណ៌ខ្មៅ ដេញវាយជនរងគ្រោះ ហើយជនរងគ្រោះរត់គេច ជនសង្ស័យបានគប់ពិលចំលើផ្ទៃមុខ ចុងចិញ្ចើមខាងឆ្វេង បណ្តាលឱ្យរបួស បែកចេញឈាមតែម្តង។

តាមសម្តីជនរងគ្រោះឈ្មោះអ៊ុម កួក បានឱ្យដឹងថា ជនសង្ស័យនេះ ធ្លាប់វាយជាងសាងសង់ដំបូលក្នុងបុរី ហើយក៏ធ្លាប់ដេញវាយគាត់ពីមុនម្តងដែរ តែគាត់រត់គេចទាន់ ស្រាប់តែលើកនេះបានវាយគាត់បែកមុខ (លើចិ ញ្ចើមខាងឆ្វេង) ថែមទាំងគំរាមបាញ់បំបែកក្បាលគាត់ ដោយអួតអាងថា គេខ្សែហ៊ុន គ្មានអ្នកណាហ៊ានប៉ះ ពាល់ទៀតផង។ លុះពេលសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ ចុះមកនាំខ្លួនទៅប៉ុស្តិ៍ ជនសង្ស័យថែមទាំងជេរ ប្រមាថ សមត្ថកិច្ច ដោយអួតអាងថា មេប៉ុស្តិ៍ជាកូនចៅរបស់ខ្លួន និងធ្វើជាទូរស័ព្ទហៅកម្លាំងព្រហ្មទណ្ឌ មកជួយអន្តរា គមន៍ទៀត។

ចំណែកសន្តិសុខម្នាក់ទៀត បានបញ្ជាក់ថា ជនសង្ស័យខាងលើ ពេលសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាល ចោមចៅទី១ បានស្រែកឡូឡា គំរាមថាខ្លួនមានខ្សែធំ និងបានជុះអាចម៍ដាក់ប៉ុស្តិ៍ប៉ូលិសទៀតផង។ជាមួយគ្នានេះ ប្រជាពលរដ្ឋ និងមហាជនទូទៅ បានសំណូមពរថ្នាក់ដឹកនាំ ក៏ដូចជាស្ថាប័នតុលាការ ចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ចំពោះជនសង្ស័យជាមន្ត្រីទំនើងម្នាក់នេះ ដែលបង្កហិង្សាលើប្រជាពលរដ្ឋ ប្រមាថកម្លាំងសមត្ថកិច្ច ថែមទាំងថ្លើមធំ ព្រហើនហ៊ានអួតអាងខ្លួនជាខ្សែហ៊ុន ទៀត ខណៈដែលលេចឮថា សាច់ញាតិជនសង្ស័យ កំពុងស្វែងរកអន្តរាគមន៍ ដើម្បីដោះលែងជនសង្ស័យឱ្យនៅក្រៅឃុំ៕

RELATED ARTICLES