Saturday, July 12, 2025
Homeព័ត៌មានជាតិរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បង្គាប់​ឱ្យទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ បញ្ឈប់​កម្ម​វិធី ABC 3 Spring

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បង្គាប់​ឱ្យទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ បញ្ឈប់​កម្ម​វិធី ABC 3 Spring

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ បានបង្គាប់ឱ្យម្ចាស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ បញ្ឈប់ កម្មវិធី ABC 3 Spring ដែលជាកិច្ចសហការ ផលិតកម្មវិធីផ្សាយរវាងស្ថានីយទូរទស្សន៍ប៉ុស្តិ៍ លេខ៣ ជាមួយស្ថានីយវិទ្យុ ABC បន្ទាប់ពី មានការរិះគន់ធ្ងន់ពីមហាជន។

យោងតាមលិខិតរបស់ក្រសួងព័ត៌មាន លេខ ០០៧៨ ព.ម ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៧ ដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីខៀវ កាញារីទ្ធ ជម្រាបជូនលោកខាំពូន កែវមុណី ម្ចាស់ស្ថានីយវិទ្យុទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ មានខ្លឹមសារទាំងស្រុងដូចខាង ក្រោម ៖

កម្មវត្ថុ ៖ បញ្ឈប់កិច្ចសហការផលិតកម្មវិធី ផ្សាយរវាងស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍ លេខ៣ រាជធានីភ្នំពេញ ជាមួយស្ថានីយវិទ្យុ ABC កម្ពុជា FM107.50 MHz។

យោង ៖ លិខិតលេខ១២២,១៦ វិ.ទ.៣ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ របស់ឯកឧត្តម ខាំពូន កែវមុណី។

-លិខិតលេខ០០៣៩ព.ម ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ របស់ក្រសួងព័ត៌មាន។

តាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូម ជម្រាបជូនឯកឧត្តម ខាំពូន កែវមុណី ម្ចាស់ ស្ថានីយវិទ្យុទូរទស្សន៍ប៉ុស្តិ៍​លេខ​៣ រាជធានីភ្នំពេញ ជ្រាបថា កន្លងមក ក្រសួងព័ត៌មានបាន ឯកភាពអនុញ្ញាតឱ្យឯកឧត្តមធ្វើកិច្ចសហការ ជា​មួយ​​ស្ថានីយវិទ្យុ ABC កម្ពុជា FM107. 50MHz ក្នុងការផលិតកម្មវិធីចម្រុះដើម្បីធ្វើ ការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ រយៈពេល៣ម៉ោងក្នុង១ថ្ងៃ ចាប់ពីម៉ោង៦ៈ០០នាទីដល់ម៉ោង៩ៈ០០នាទី ព្រឹក។ ប៉ុន្តែបន្ទាប់ពីស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ បានដំណើរការផ្សាយកម្មវិធី នេះមួយរយៈពេលខ្លីកន្លងមក បានកើតមាន ប្រតិកម្មពីសំណាក់មហាជនជាច្រើន ធ្វើការរិះ គន់ទៅលើពិធីករ-ពិធីការិនី កម្មវិធីចម្រុះ ABC 3 Spring ដែលបានប្រព្រឹត្តនូវអំពើពុំគួរគប្បី ដោយសម្តែងកាយវិការមិនសមយម្យ ការប្រើពាក្យសម្តីខ្វះសីលធម៌ វិជ្ជាជីវៈ ជាអ្នក សារព័ត៌មាន និងបានប្រមាថមើលងាយអ្នក ស្តាប់ ក៏ដូចជាទូរទស្សនិកជនក្នុងពេលបំពេញ ភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ពិធីករ-ពិធីការិនី ផ្សេងទៀត។

ដើម្បីបញ្ចប់នូវប្រតិកម្មពីសំណាក់មហាជន និងភាពអសកម្មទាំងឡាយដែលបានកើត ឡើងជាបន្តបន្ទាប់មកនេះ ក្រសួងព័ត៌មាន តម្រូវ ឱ្យឯកឧត្តម បញ្ឈប់កិច្ចសហការផលិតកម្មវិធី ផ្សាយរវាងស្ថានីយវិទ្យុ-ទូរស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ជាមួយស្ថានីយវិទ្យុ ABC កម្ពុជា FM107.50MHA ជាបន្ទាន់ចាប់ពីថ្ងៃ ជូនដំណឹងនេតទៅ។

ដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម ចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត៕

RELATED ARTICLES