Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថ្ងៃបុណ្យអុំទូក រកឃើញនំខូចគុណភាព និងបង្គា ចាក់ចាហួយ

ថ្ងៃបុណ្យអុំទូក រកឃើញនំខូចគុណភាព និងបង្គា ចាក់ចាហួយ

ភ្នំពេញ ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) របស់ក្រសួងពាណិជ្ជកម្ម បានបន្តចុះត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារ ដើម្បីធានាអំពីសុវត្តិភាពម្ហូបអាហារ និងទប់ស្កាត់ការលក់និងចែកចាយម្ហូបអាហារដែលមានផ្ទុកសារធាតុគីមីហាមឃាត់ ម្ហូបអាហារហួសបរិច្ឆេទ ប្រើប្រាស់ ព្រមទាំងម្ហូបអាហារមិនមានអនុលោមភាព នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក រកឃើញនំខូចគុណភាព និងបង្គាចាក់ចាហួយ មួយចំនួន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ ក.ប.ប បានបន្តនាំយករថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋាន ក.ប.ប  ចុះត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារ នៅតាមសួនច្បារវត្តបទុមវតី និងសួនច្បារកោះនរា ដើម្បីចូលរួមទប់ស្កាត់ការលក់និងចែក ចាយម្ហូបអាហារមានផ្ទុកសារធាតុគីមីហាមឃាត់ ម្ហូបអាហារហួសបរិច្ឆេទប្រើប្រាស់ ព្រមទាំងម្ហូបអាហារមិន មានអនុលោមភាព។

ជាលទ្ធផលនៃការវិភាគ ក្នុងចំណោមផលិតផលម្ហូបអាហារ ៣១គំរូ ពិនិត្យឃើញមានបង្គាក្លាស្សេ ១គំរូ មាន ចាក់បញ្ចូលសារធាតុចាហួយ ហើយត្រូវបានក្រុមការងារដកហូតបាន ចំនួន២គីឡូក្រាម  និងនំចម្រុះ ពុំមាន អនុលោមភាព ខូចគុណភាព ចំនួន២០កញ្ចប់ ទម្ងន់ប្រមាណជិត ២គីឡូក្រាម យកទៅកម្ទេចចោល ព្រមទាំង ស្វែងរកប្រភពចែកចាយបន្ត។ ដោយឡែក ចំពោះទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មិនត្រូវបានរកឃើញទេ។ក្នុងឱកាសនោះដែរ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប ក៏បានបញ្ជ្រាបចំណេះដឹងសំខាន់ៗមួយចំនួនពាក់ ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ ដោយតម្រូវឱ្យការដាក់តាំងលក់ ត្រូវមានអនាម័យ ជូនដល់អាជីវករ និងអ្នកចូល រួមផងដែរ។

ជាសរុប រយៈពេលបីថ្ងៃ នៃពិធីបុណ្យខាងលើនេះ គឺមានតែបង្គាមានចាក់សារធាតុចាហួយ ២គីឡូក្រាម និងនំ ចម្រុះមិនអនុលោមលើស្លាកសញ្ញាចំនួន ២០កញ្ចប់ ស្មើនឹង ២គីឡូក្រាម ត្រូវបានរកឃើញ និងដកហូត តាមនី តិវិធី៕

RELATED ARTICLES