ភ្នំពេញ៖នៅថ្ងៃបុណ្យអុំទូក៣ថ្ងៃគឺ២៦,២៧ និង២៨ វិច្ឆិកា ឱក សុគន្ធកញ្ញា មិនបានចេញច្រៀងសម្ដែងដូចសព្វដងនោះទេ ពោលគឺបាត់មុខទាំងស្រុងតែម្ដង ព្រោះតែផ្ទៃពោះរបស់នាងកាន់តែរីកធំពោលគឺឈានចូលជិត៦ខែហើយ ហេតុនេះបានជាការចេញច្រៀងConcerts បែបសម័យ មានឆាកធំ ក្រុមរាំអម និងត្រូវប្រើក្បាច់រាំនៅបទខ្លះតម្រូវទៅតាមកម្មវិធីចង់បាននោះនាងផ្អាកទទួល ប៉ុន្ដែតាមការច្រៀងតាមមង្គលការដែលតម្រូវបទបែបស្លូវ ក្លាស៊ិក មិនមានការប្រើក្បាច់រាំនោះគេឃើញនាងនៅតែទទួលច្រៀងជាធម្មតា ។សុគន្ធកញ្ញា បាននិយាយថាស្ថានភាពរបស់នាងនាពេលនេះគឺមានតែការចំណាយ អត់ចំណូល បើទោះជាអំឡុងពេលផ្ទៃពោះកូនទី២កាន់តែធំនេះមែន តែកញ្ញា នៅតែអាចLive ឲ្យហាង និងផលិតផលមួយចំនួន រួមទាំងការលក់កាបូបនៅហាងនាងដែលអាចនិយាយបានថាប្រាក់ចំណូលរបស់នាងនៅតែមានជាប្រចាំ ក្ដី ប៉ុន្ដែលុយដុំពីConcerts ធំគឺបានបាត់អាចពេញ១រដូវក្ដៅនេះតែម្ដងពោលគឺពីខែ១១ ឆ្នាំ២០២៣ ដល់ខែ៤ ឆ្នាំ២០២៤ ហើយតាមគម្រោងនាងនឹងសម្រាលកូននៅដើមខែកុម្ភៈឆ្នាំ២០៤ ខាងមុខ ព្រោះកាលពីថ្ងៃទី១៧ ខែវិច្ឆិកា នាងថាផ្ទៃពោះនាងបានឈានចូលដល់សប្ដាហ៍ទី៣២ ទៅហើយ ។ប្រភពបានឲ្យដឹងថាឱក សុគន្ធកញ្ញា នឹងទៅសម្រាលកូនទី២នៅប្រទេសថៃ ពោលគឺដូចការសម្រាលកូនទី១ដែរ បើទោះជាបច្ចុប្បន្នមានពេទ្យជំនាញផ្នែកសម្ភពនៅខ្មែរមានសម្ថភាពមិនចាញ់បរទេសក្ដី តែនាងនៅតែជ្រើសការសម្រាលកូននៅប្រទេសជិតខាងដដែល ។
សូមបញ្ជាក់ថាមិនមែនតែឱក សុគន្ធកញ្ញា នោះទេដែលបន្ដការងារសិល្បៈរហូតដល់កៀកថ្ងៃសម្រាលនោះ ប៉ុន្ដែតារាល្បីៗផ្សេងទៀតកន្លងមកដូចជានាងទេព បូព្រឹក្ស និងសួស វីសា ក៍ធ្វើដូចនាងដែរ ខណៈដែលសុគន្ធកញ្ញា បានចេញសារមុននេះពីមូលហេតុដែលនាងត្រូវយកកូនទី២នៅឆ្នាំនេះដោយសារតែនាងថាមិនចង់ឲ្យកូនប្រុសទី១ អផ្សុក និងម្យាងនាងថាពីមួយថ្ងៃទៅមួយថ្ងៃពេលវេលាចេះតែដើរទៅមុខ ហេតុនេះនាងដាស់តឿនថាមនុស្សគ្រប់គ្នា យើងចង់ធ្វើអ្វីក៍ប្រញ៉ាប់ធ្វើទៅ ។សាររំលឹករបស់ឱក សុគន្ធកញ្ញា មួយនេះអាចធ្វើឲ្យតារាដែលមានសង្សារជាច្រើនឆ្នាំមិនហ៊ានរៀបការ ព្រោះខ្លាចធ្លាក់កូដ និងតារាដែលមានស្វាមីរាប់ឆ្នាំមិនហ៊ានយកកូនអាចឲ្យពួកគេពិចារណាឡើងវិញបាន ហើយហ៊ានប្ដូរចិត្តទៅជាក្លាហាននឹងហ៊ានធ្វើដូចសុគន្ធកញ្ញា ដែរជាមិនខា ព្រោះក្រោយពេលរៀបការកាលពីចុងឆ្នាំ២០១៩ នោះកញ្ញា ថាបើដឹងថាមានប្ដីនិងកូនសប្បាយចឹងម្លេះនាងការប្ដីតាំងពីយូ ។
គូរកត់សម្គាល់ថាឱក សុគន្ធកញ្ញា ជាតារាដែលគេចាត់ទុកថានាងជោគជ័យទាំងអាជីពចម្រៀងនិងស្នេហាព្រមគ្នារយៈពេលជិត៥ឆ្នាំចុងក្រោយនេះ ហើយនាងថែមទាំងក្លាយទៅជាតារាមានឥទ្ធិពលបំផុតនៅហង្សមាសពោលគឺប្រៀបដូចជាថៅកែ ឬម្ចាស់ផលិតកម្មតែម្ដង បើទោះជានាងមិនដែលប្រើអំណាចជាប្អូនថ្លៃថៅកែដាក់សម្ពាធទៅលើតារាណាម្នាក់ក៍ដោយ។ដោយឡែកការទទួលបានកូនស្រីនាពេលដ៍ឆាប់ខាងនេះជាបំណងធំរបស់សុគន្ធកញ្ញា ខណៈមានការព្យាករណ៍ពីតារារួមអាជីពថានាងនឹងទទួលបានសុភមង្គលទេ្វដងជាមិនខាន ព្រោះថាមុនរៀបការអ្នកខ្លះថាសុគន្ធកញ្ញា នឹងប្រឈមទឹកភ្នែក ព្រោះលោកអ៊ឹង សុខលី ស្វាមីនាងធ្លាប់ពាកព័ន្ធស្នេហាជាមួយតារាមួយចំនួន ប៉ុន្ដែក្រោយរៀបការនិងមានកូនប្រុស១លោកសុខលី បែជាស្រលាញ់កញ្ញា កាន់តែខ្លាំងនិងហៅនាងថាជាឧត្តមភរិយា និងមាតាដៃ១០០ ទៀតផង ទើបធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំង ។ដោយសារតែចំណុចនេះហើយបានជាសុគន្ធកញ្ញា ត្រូវមិត្តភក្ដិជុំវិញខ្លួនជម្រុញឲ្យយកកូនថែម ព្រោះតែគេជឿរថាពេលបានកូន២នាងនឹងអាចត្រូវស្វាមីស្រលាញ់ស្ទើលេប ឬទេ្វដងជាមិនខាន ហើយពេលនេះសុគន្ធកញ្ញា អាចធ្វើបានតាមបំណងរបស់នាងហើយ។
គូររំលឹកថាឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយមុនក្លាយទៅជាប្ដីប្រពន្ធគ្នាពួកគេស្វែងយល់ចិត្តគ្នាជិត១០ឆ្នាំ ។តារាជាច្រើនបានព្យាករណ៍ថាសុគន្ធកញ្ញា នឹងក្លាយទៅជាជំទាវក្នុងពេលដ៍ឆាប់ ព្រោះតែលោកអ៊ឹង សុខលី ជាអគ្គនាយកទូរទស្សន៍ហង្សមាសនោះត្រូវបានតារាខ្លះចាប់ផ្ដើមហៅលោកថាជាឧកញ៉ាៗ ទៅហើយ បើទោះជាគេមិនទាន់ឃើញមានព្រះរាជ្យក្រឹត្យជាផ្លូវការណាមួយក្ដី ប៉ុន្ដែលោកលី ដែលគ្រប់គ្រងConcerts ទាំងអស់នៅទូរទស្សន៍ហង្សមាស ហើយត្រូវគេសន្និដ្ឋានថារកចំណូលបានរាប់លានដុល្លារក្នុង១ឆ្នាំៗនោះប្រសិនបើលោកចង់បានងារឧកញ៉ានោះការចំណាយថវិការចំនួន៥០ម៉ឺនដុល្លារទិញគោរម្យងារជួយដល់រដ្ឋនោះគ្មានឧបស័គ្គឡើយសម្រាប់រូបលោក។ចំពោះសុគន្ធកញ្ញា អាចនឹងប្រឡូកសិល្បៈពេញទំហ៊ឹងវិញនៅពាក់កណ្ដាលឆ្នាំ២០២៤ ពោលគឺក្រោយនាងសម្រាលកូនរួចនិងបានរឹងដៃរឹងជើងទើបវិលវិញ ស្របពេលដែលកាលពីថ្ងៃទី១៧ ខែវិច្ឆិកា នាងទទួលបានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ដែលបំពាក់ដោយសម្ដេចធិបតីហ៊ុន ម៉ាណែត ផងដែរ ៕