Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្លាំងសណ្តាប់ធ្នាប់ ផ្ទុះជម្លោះហិង្សាជាមួយ អ្នកលក់ដូរតាមរ៉ឺម៉ក

កម្លាំងសណ្តាប់ធ្នាប់ ផ្ទុះជម្លោះហិង្សាជាមួយ អ្នកលក់ដូរតាមរ៉ឺម៉ក

ភ្នំពេញ ៖ កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ បានចុះរៀបចំសណ្តាប់ធ្នាប់ការលក់ដូរនៅតាម បណ្តោយផ្លូវហាណូយ ស្រាប់តែកើតមានទំនាស់ពាក្យសម្តីជាមួយនឹងអាជីវករលក់ដូរតាមរ៉ឺម៉ក រហូត ដល់ផ្ទុះអំពើហិង្សា វាយតប់គ្នា។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ ចំណុចសួនច្បារមុខវិទ្យាស្ថានស្រាវជ្រាវព្រៃឈើ តាមបណ្តោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ និងស្ត្រីម្នាក់ ដែលជាអ្នកលក់ដូរភេសជ្ជៈ និងរបស់ហូបចុក តាមម៉ូតូសណ្តោងរ៉ឺម៉ក ហើយពួកគាត់បានបើកម៉ូតូ សណ្តោង រ៉ឺម៉ក ទៅឈប់លក់ដូរនៅត្រង់ចំណុចសួនច្បារកើតហេតុ។ លុះដល់វេលាកើតហេតុ មានកម្លាំងសណ្តាប់ធ្នាប់ សាលាខណ្ឌសែនសុខ ៤ទៅ៥នាក់ បានជិះម៉ូតូទៅឈប់នៅត្រង់ចំណុចកើតហេតុនោះ រួចដើរប្រាប់ និងណែ នាំទាំងអាជីវករ និងប្រជាពលរដ្ឋ ដែលទៅអង្គុយលេងនៅទីនេះ សូមកុំឱ្យអង្គុយនៅលើស្មៅ។

ប្រភពដដែល បន្តថា រំពេចនោះ ដោយមិនដឹងថា តើកម្លាំងសណ្តាប់ធ្នាប់ និងអាជីវករ ២នាក់ប្តីប្រពន្ធនោះ មានបញ្ហាអ្វីនឹងគ្នានោះទេ ស្រាប់តែកើតមានការជជែកគ្នាយ៉ាងតឹងសរសៃក រហូតក្លាយជាការឈ្លោះប្រកែកគ្នា និងឈានដល់ការប្រើប្រាស់អំពើហិង្សា វាយតប់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើ ការអន្តរាគមន៍ភ្លាមៗតែម្តង។

តាមសម្តីភាគីអាជីវករ ២នាក់ប្តីប្រពន្ធ បានរៀបរាប់ប្រាប់ថា ពួកគាត់បានមកលក់ដូរនៅត្រង់ចំណុច កើតហេតុ នេះ អស់រយៈពេលជាងកន្លះខែទៅហើយ តែមិនដែលមានអ្នកណាមកដេញនោះទេ។ លុះនៅយប់កើតហេតុ ពួកគាត់មកលក់ដូរនៅទីនោះជាធម្មតា ស្របពេលនោះ ក៏មានបងប្អូនរបស់គាត់ទើបមកពីស្រុក និងបានដាក់ បាយមកអង្គុយហូបជាមួយគាត់ នៅលើស្មៅសួនច្បារ ត្រង់ចំណុចកើតហេតុនោះ។ លុះក្រោយមក ក៏មាន កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ ៤ទៅ៥នាក់ ជិះម៉ូតូមកដល់ រួចបាននិយាយថា “ដាក់លក់អ៊ីចឹងប្រ យ័ត្នគេអូសយកទៅសាលាខណ្ឌ”។ បន្ទាប់មក គាត់ក៏ជិះម៉ូតូសណ្តោងរ៉ឺម៉ករបស់គាត់ចេញ រួចទៅឈប់ទុក ចោលនៅមួយចំហៀងផ្លូវម្ខាងទៀត។

អាជីវករ ២នាក់ប្តីប្រពន្ធ បន្តថា ពេលនោះ មានកម្លាំងសណ្តាប់ធ្នាប់ម្នាក់ បានមកប្រាប់ពួកគាត់ទៀតថា “កុំអង្គុយនៅលើស្មៅ” និងបានហាមគាត់មកលក់ដូរនៅទីនោះបន្តទៀតទេ ព្រោះកុំឱ្យប៉ះពាល់ដល់សណ្តាប់ ធ្នាប់។ ពេលនោះ បងប្អូនរបស់គាត់ក៏បាននិយាយថា “បងអើយ! យប់ហើយ អនុគ្រោះធ្វើមិនឃើញខ្លះទៅ ព្រោះគាត់ក្រ ជំពាក់លុយគេច្រើនណាស់” ស្រាប់តែកម្លាំងសណ្តាប់ធ្នាប់ម្នាក់ ច្រឡោត និងគំរាមវាយមក លើរូបគាត់ទាំង២នាក់ប្តីប្រពន្ធតែម្តង។ ភ្លាមនោះ កម្លាំងសណ្តាប់ធ្នាប់ បានវាយប្តីរបស់គាត់ ហើយពេល ដែលគាត់ចូលទៅជួយ ក៏វាយគាត់ចំសៀតផ្កា មួយដៃថែមទៀត។ បន្ទាប់ពីកើតមានជម្លោះ និងវាយតប់គ្នា រួចមក ក៏មានបុរសម្នាក់ ទំនងជាមេរបស់កម្លាំងសណ្តាប់ធ្នាប់នោះ បានមកសុំឱ្យគាត់សម្រួលគ្នា ដើម្បីបញ្ចប់ រឿង ព្រមទាំងសុំទោសពួកគាត់ ប៉ុន្តែពួកគាត់មិនព្រមទេ។

ចំណែកកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ បានបញ្ជាក់ថា ពួកគាត់មិនបានប្រើប្រាស់ អំពើហិង្សា ដាក់ទៅលើប្តីប្រពន្ធទាំង២ ដូចដែលពួកគេចោទប្រកាន់នោះទេ គឺរយៈពេលកន្លងមក ថ្នាក់លើរបស់ពួកគាត់ បានដាក់បទបញ្ជាឱ្យពួកគាត់មកធ្វើការណែនាំ និងសុំអធ្យាស្រ័យប្រជាពលរដ្ឋដែលមកកម្សាន្តនៅសួនច្បារ ត្រង់ចំណុចកើតហេតុនេះ សូមឱ្យពួកគាត់កុំអង្គុយនៅលើស្មៅ ព្រោះខ្លាចងាប់ស្មៅ។

កម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខ បន្តថា ចំពោះអ្នកលក់ដូរ គឺមិនតម្រូវអត់ឱ្យឈប់លក់ ដូរជាអចិ ន្ត្រៃយ៍នោះទេ ដោយប្តីប្រពន្ធទាំងពីរនាក់នោះ ពួកគាត់បានប្រាប់និងណែនាំជាច្រើនដងមកហើយ។ លុះនៅយប់កើតហេតុ កម្លាំងសណ្តាប់ធ្នាប់ ក៏មិនបានចុះទៅដេញពួកគេដែរ គឺគ្រាន់តែចុះទៅណែនាំនិងត្រួត ពិនិត្យ ដើម្បីរាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ។ ប៉ុន្តែពេលនោះ ស្រាប់តែពួកគេដកទូរស័ព្ទមកថតកម្លាំង សណ្តាប់ធ្នាប់ និងបានច្រឡោត ស្រែកខ្លាំងៗ ព្រមទាំងបានស្ទុះមកប្រវាយប្រតប់ បណ្តាលឱ្យកម្លាំងរបស់ គាត់ម្នាក់រងរបួសរលាត់ដៃជើងទៀតផង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បាននាំខ្លួនភាគីទាំងពីរ ទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលគោកឃ្លាង ដើម្បីធ្វើការសាកសួរ និងដោះស្រាយ៕

RELATED ARTICLES