ភ្នំពេញៈ អ្នកវិភាគ បានលើកឡើងថា ដើម្បីពង្រឹងប្រព័ន្ធយុត្តិធម៌ ភាពស្អាតស្អំ ការគោរពច្បាប់ និងប្រសិទ្ធភាពការងាររបស់មន្រ្តីនៅថ្នាក់ក្រោមជាតិ រាជរដ្ឋាភិបាល គួរបង្កើតតុលាការរដ្ឋបាលគ្រប់ស្រុក សម្រាប់រាស្រ្តប្ដឹងមន្រ្តីរាជការធ្វើខុសច្បាប់ ។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា បើមិនទាន់មានទេ សុំបង្កើតតុលាការរដ្ឋបាលនៅគ្រប់ស្រុក សម្រាប់ឲ្យរាស្ត្រប្តឹងតវ៉ាសេចក្តីសម្រេច និងទង្វើខុសច្បាប់ឯទៀតរបស់មន្ត្រីរាជការ ។
លោកបណ្ឌិតឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “មកទល់សព្វថ្ងៃនេះ គឺមើលរំលងនូវសារសំខាន់នៃការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការកែលម្អការគ្រប់គ្រងរដ្ឋរបស់យើង ហើយការចូលរួមនេះ មានជាការតវ៉ា ជាការប្ដឹងផ្ដល់ ប្រឆាំងនឹងមន្រ្តីរាជការណាដែលមិនបានបម្រើប្រជាពលរដ្ឋឲ្យជាទីគាប់ចិត្តដល់ប្រជាពលរដ្ឋ ដូចជាប្រព្រឹត្តអំពើពុករំលួយ ប្រព្រឹត្តខុសនឹងច្បាប់អីផ្សេងៗទៅ ។ ដូច្នេះយើងគួរបង្កើតតុលាការរដ្ឋបាលហ្នឹង ដើម្បីឲ្យប្រជាពលរដ្ឋហ្នឹងងាយស្រួលក្នុងការតវ៉ាប្ដឹងផ្ដល់ទៅនឹងមន្រ្តីរាជការដែលមិនបានផ្ដល់សេវាទៅតាមច្បាប់ ឬក៏បានប្រព្រឹត្តបទល្មើសនឹងច្បាប់ ដែលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ហើយម៉េចជាបង្កើតដល់ស្រុក? គឺដើម្បីឲ្យងាយស្រួលដល់ប្រជាពលរដ្ឋ គឺដូចតុលាការធម្មតាសព្វថ្ងៃនេះ ទៅដល់ខេត្ត ។ ម៉្លោះហើយធ្វើឲ្យគ្នានេះ (ប្រជាពលរដ្ឋ) ត្រូវចំណាយលុយច្រើន ឆ្ងាយ ហើយទៅស្នាក់នៅអីថែមទៅទៀតផង ធ្វើឲ្យអស់សោហ៊ុយច្រើន ឯនៅស្រុកនេះ គឺថា ប្រហែលជាវិលល្ងាចបាន ហើយក៏តុលាការនេះ មិនចាំបាច់មានចៅក្រមអីច្រើនទេ មានតែពីរបីនាក់អី គឺបានហើយ ហើយមានមេធាវិ ដើម្បីប្ដឹងផ្ដល់ជួសប្រជាពលរដ្ឋហ្នឹង ឬក៏ប្រជាពលរដ្ឋខ្លួនឯងទៅ “ ។
លោកបណ្ឌិតឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “ តុលាការរដ្ឋបាលស្រុកនេះ យកសមាសភាពពីខាងតុលាការ ប៉ុន្តែឲ្យមានជំនាញខាងកិច្ចការរដ្ឋបាល គឺឲ្យច្បាស់រដ្ឋបាលសាធារណៈហ្នឹង ។ អ៊ីចឹងគឺមានជំនាញ ដូចជា ជំនាញខាងព្រហ្មទណ្ឌ ជំនាញខាងរដ្ឋប្បវេណី ជំនាញខាងពាណិជ្ជកម្មអ៊ីចឹងទៅ ពិសេសមានចៅក្រមហ្នឹង ដែលមានគោលការណ៍ឲ្យច្បាស់លាស់ គឺអនុវត្តគោលការណ៍យុត្តិធម៌ធម្មជាតិហ្នឹង ឬមានចៅក្រមណាពាក់ព័ន្ធនឹងរឿងហ្នឹងផ្ទាល់ខ្លួន អាហ្នឹងគេមិនត្រូវធ្វើជាចៅក្រមកាត់សេចក្ដីទេ ហើយតុលាការហ្នឹង ជាតុលាការរដ្ឋបាលសាធារណៈ គឺទូទៅអ៊ីចឹង (មិនសម្រាប់ឯកជន) ក៏ប៉ុន្តែអ៊ីចេះ! ដូចអ្នករកស៊ី ហើយមានធ្វើកុងត្រាជាមួយខាងក្រសួងណា ឬមួយក៏ខាងមន្ទីរណា ដូចជាផ្ដល់ភ័ស្តុភារអីអ៊ីចឹងទៅ ហើយគឺវាមានទាស់គ្នា អាហ្នឹងក៏តុលាការហ្នឹងអាចដោះស្រាយបានដែរ ហើយមន្រ្តីរាជការខ្លួនឯងហ្នឹងអាចប្ដឹងដែរ ប្ដឹងដល់ចៅហ្វាយនាយ ដែលដក ឬស្ដីបន្ទោស ឬក៏ដាក់ទណ្ឌកម្មអីផ្សេងៗ ខ្លួនឯង (មន្រ្តី) ក៏អាចប្ដឹងផ្ដល់បានដែរ “ ។
លោកបណ្ឌិតឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តទៀតថា “ ចំពោះរឿងសួរថា បើបានមានតុលាការរដ្ឋបាលស្រុក នៅថ្នាក់ក្រោមជាតិនេះ តើវាអាចជួយកាត់បន្ថយអំពើពុករលួយនៅក្នុងមន្រ្តីថ្នាក់ក្រោមជាតិហ្នឹងបានឬយ៉ាងណា? អាហ្នឹងទាល់តែមន្រ្តីរាជការហ្នឹងធ្វើការបម្រើប្រជាពលរដ្ឋតាមច្បាប់ អាហ្នឹងគឺមានន័យថា ជាគោល ។ ក្នុងន័យនេះដែរ ដើម្បីប្រសិទ្ធភាពការងាររបស់មន្រ្តីនេះ គួរផ្លាស់មន្ត្រីគ្រាប់ល្ពៅទៅកន្លែងផ្សេង ក្រែងលោដុះលូតលាស់ជាង ហើយទុកឲ្យមន្ត្រីគ្រាប់ពេជ្រទៅជំនួសវិញ គឺខ្ញុំចង់បញ្ជាក់សង្កត់ធ្ងន់ថា គឺបង្កើននូវប្រសិទ្ធភាពនៃសេវាសាធារណៈ បម្រើប្រជាពលរដ្ឋ ឬក៏បម្រើជាតិទាំងមូលហ្នឹង ឬក៏អនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលហ្នឹង ឲ្យមានប្រសិទ្ធភាព ។ មានន័យថា ចំណាយពេលវេលា និងធម្យោបាយតិច តែឲ្យមានប្រសិទ្ធភាព ហើយប្រសិទ្ធភាពហើយ គឺឲ្យបានច្បាស់លាស់ទៅទៀត ចំពោះមតិសាធារណជន ។ បានសេចក្ដីថា ដកមន្រ្តីគ្រាប់ល្ពៅ ដាក់មន្រ្តីគ្រាប់ពេជ្រនេះ វាទាក់ទងនឹងប្រព័ន្ធយុត្តិធម៌នៃការបង្កើតឲ្យតុលាការរដ្ឋបាលស្រុកដែរ ឬតុលាការរដ្ឋបាលសាធារណៈដែរ គឺអាហ្នឹងវាអាចជាប់ពាក់ព័ន្ធគ្នា គឺគុណភាព ឬក៏គុណសម្បត្តិរបស់មន្រ្តីរាជការហ្នឹង ហើយគ្រាប់ពេជ្រហ្នឹង គឺខ្ញុំឮនិយាយពិតមែន គឺខ្ញុំបានជួប (មន្រ្តី) ច្រើនដែរ ដែលមានចំណេះដឹងច្រើន ហើយមានឆន្ទៈបម្រើប្រជាពលរដ្ឋ និងបម្រើជាតិ ហើយស្នេហាជាតិទៅទៀតនោះ គឺមានច្រើន គឺមុនកូវីដ មន្រ្តីនគរបាលជាន់ខ្ពស់ខ្លះ គាត់អួតប្រាប់ខ្ញុំថា គាត់បានអនុបណ្ឌិតច្បាប់ ។ ខ្ញុំក៏តបថា ខ្ញុំជួយអរ ហើយក៏សួរថា តើមានច្រើនទេ? គាត់ក៏ឆ្លើយថា មានច្រើនដែរតើ! ប៉ុន្តែក្រសួងដទៃទៀតក៏មានដែរ ព្រោះគេរៀនសូត្រខ្លួនគេ អីខ្លួនគេ ។ ដូច្នេះតាមពិតធនធានមនុស្សយើងមានគុណភាពខ្ពស់ហើយ ចំណេះចេះដឹង ហើយក៏គេចង់ធ្វើការឲ្យបានត្រឹមត្រូវដែរ “ ។
លោកបណ្ឌិតឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្ថែមថា “ ជារួមខ្លីមកវិញ រឿងខ្ញុំស្នើបង្កើតតុលាការរដ្ឋបាលគ្រប់ស្រុក សម្រាប់រាស្ត្រប្តឹងមន្ត្រីរាជការធ្វើខុសច្បាប់នេះ តើរដ្ឋាភិបាលនឹងពិចារណា ឬមិនពិចារណា? ខ្ញុំមិនហ៊ានថាដែរ ក៏ប៉ុន្តែគំនិតមនុស្ស គឺជាគំនិតដែលយើងត្រូវគិត ហើយគំនិតមនុស្សនេះ ជួនកាលថ្ងៃនេះ វាអត់ត្រូវទេ គេមិនសូវជាយកចិត្តទុកដាក់ទេ តែថ្ងៃក្រោយ គេអាចយកចិត្តទុកដាក់ “ ។
គួរបញ្ជាក់ថា ការលើកឡើងរបស់អ្នកវិភាគ ចង់ឲ្យបង្កើតតុលាការរដ្ឋបាលគ្រប់ស្រុកខាងលើនេះ បានធ្វើឡើងស្របពេលដែលប្រទេសជាច្រើននៅលើពិភពលោក បានរៀបចំស្ថាប័នតុលាការ ដើម្បីដោះស្រាយវិវាទ ដោយបង្កើតឲ្យមានតុលាការជំនាញផ្សេងៗគ្នា មានដូចជា តុលាការរដ្ឋប្បវេណី តុលាការព្រហ្មទណ្ឌ តុលាការពាណិជ្ជកម្ម តុលាការរដ្ឋធម្មនុញ្ញ តុលាការការងារ តុលាការរដ្ឋបាល ជាដើម ដើម្បីបង្កភាពងាយស្រួល ធានាដំណើរការនីតិវិធីបានលឿន និងប្រកបដោយភាពយុត្តិធម៌ ។ នៅកម្ពុជា មិនទាន់ឈានទៅដល់ការបង្កើតតុលាការតាមជំនាញខាងលើនៅឡើយ គឺមានតុលាការនៃនីតិរួម ដែលដោះស្រាយលើគ្រប់វិវាទទាំងអស់ លើកលែងតែរឿងក្ដីយោធា ព្រោះយើងមានតុលាការយោធា ជាតុលាការដោយឡែកមួយ ។
តាមន័យទូលំទូលាយ វិវាទរដ្ឋបាល គឺជាវិវាទដែលកើតឡើងរវាងអាជ្ញាធរសាធារណៈ និងប្រជាពលរដ្ឋ ឬរវាងនីតិបុគ្គលសាធារណៈ និងនីតិបុគ្គលសាធារណៈ ឬរវាងនីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈ ។ នៅក្នុងទំនាក់ទំនងរវាងអាជ្ញាធរសាធារណៈ និងប្រជាជន អាចមានទំនាស់កើតឡើង ព្រោះជាទំនាក់ទំនងរវាងការប្រើប្រាស់អំណាចសាធារណៈ និងការប្រើប្រាស់សិទ្ធិរបស់ប្រជាពលរដ្ឋ ។ ការប្រើប្រាស់អំណាចសាធារណៈ របស់អាជ្ញាធររដ្ឋបាល ជាពិសេសអំពើ ឬសកម្មភាព និងសេចក្ដីសម្រេចរដ្ឋបាល អាចបណ្ដាលឱ្យកើតមានអំពើអនីត្យានុកូល បញ្ហាអសកម្ម (រដ្ឋបាលមិនអនុវត្តសមត្ថកិច្ចជាកាតព្វកិច្ចរបស់ខ្លួន) ការរំលោភអំណាច ឬការប្រើអំណាចផ្ដេសផ្ដាស (រដ្ឋបាលប្រើអំណាចឆន្ទានុសិទ្ធិហួសព្រំដែន) ឬការបង្កជាព្យស្យនកម្មផ្សេងៗ ។ កំហុសទាំងនេះ ជាហេតុបណ្ដាលឱ្យមានវិវាទរដ្ឋបាល ។ បណ្ដឹងក្នុងវិវាទរដ្ឋបាល មានគោលបំណងពីរ គឺ ទី១ សុំកែប្រែ និរាករណ៍ មោឃភាពសេចក្ដីសម្រេចរដ្ឋបាល និងទី២ ទាមទារសំណង ។
ការដោះស្រាយវិវាទតាមផ្លូវរដ្ឋបាល ជាការត្រួតពិនិត្យសេចក្ដីសម្រេច អំពើ ឬសកម្មភាពរបស់រដ្ឋបាល ដោយរដ្ឋបាលខ្លួនឯង ។ ការត្រួតពិនិត្យនេះ មានពីរបែបគឺ ការជួបជាមួយរដ្ឋបាលសាមី (រដ្ឋបាល/អាជ្ញាធរដែលចេញសេចក្ដីសម្រេច ឬធ្វើអំពើ) និងការជួបជាមួយរដ្ឋបាល ឬអាជ្ញាធរដែលមានឋានានុក្រមខ្ពស់ជាងរដ្ឋបាលសាមី ដើម្បីបង្ហាញការពិត ឬសុំការសម្របសម្រួល ឬសុំការកែសម្រួល ដោយបញ្ជាក់ពីមូលហេតុចាំបាច់នានា ដែលអាចជាភ័ស្ដុតាង ជាដើម ។ ការដោះស្រាយវិវាទរដ្ឋបាល នៅកម្ពុជា បច្ចុប្បន្ន មានពីរបែប គឺការដោះស្រាយវិវាទតាមយុត្តាធិការធម្មតា និងការដោះស្រាយវិវាទតាមយុត្តាធិការពិសេស ។ ការដោះស្រាយវិវាទតាមយុត្តាធិការធម្មតា គឺសំដៅដល់ការដោះស្រាយវិវាទដោយអនុលោមតាមបទប្បញ្ញត្តិដែលមានចែងនៅក្នុងច្បាប់រដ្ឋប្បវេណី (ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី) ។
តុលាការរដ្ឋបាល មានសមត្ថកិច្ចដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងអំពើខុសច្បាប់របស់អង្គការរដ្ឋ ឲ្យអង្គការរដ្ឋបញ្ឈប់អំពើខុសច្បាប់នោះ កែតម្រូវកិច្ច (លិខិតរដ្ឋបាល) និងបង្ខំឲ្យរដ្ឋជួសជុលការខូចខាត ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ។ កំហុសរបស់រដ្ឋ អាចជាការអនុវត្តអំណាចដោយរំលោភបំពានច្បាប់ធ្វើឲ្យខូចប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាការធ្វេសប្រហែសបង្កឬការខូចខាត ឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ និងការចេញសេចក្ដីសម្រេចផ្សេងៗមិនសមស្រប ឬរំលោភច្បាប់ ។ ក្នុងដំណើររឿងរដ្ឋបាល ចៅក្រមអាចប្រឈមនឹងបញ្ហាជាច្រើន ព្រោះថា ជាទំនាស់រវាងអង្គការរដ្ឋបាល ជាមួយនឹងប្រជាពលរដ្ឋ ដែលស្ថិតក្រោមនៅក្នុងដែនរដ្ឋបាលរបស់អង្គភាពនោះ ។
ទោះបីជាតុលាការនៃនីតិរួមនៅកម្ពុជា មានសមត្ថកិច្ចជម្រះក្ដីលើរឿងរដ្ឋបាលក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ មានរឿងក្ដីរដ្ឋបាលតិចតួចណាស់ ដែលបានដោះស្រាយដោយតុលាការ ដោយសារនៅក្នុងការយល់ឃើញរបស់ប្រជាពលរដ្ឋ នៅពេលដែលរដ្ឋបាលប្រព្រឹត្តកំហុស មិនដឹងទៅប្ដឹងនរណា ។ ហេតុនេះហើយ អ្នកវិភាគថា ការបង្កើតតុលាការដោយឡែកមួយ គឺតុលាការរដ្ឋបាល ជាស្ថាប័នដែលត្រូវស្វែងរកយុត្តិធម៌រដ្ឋបាល កសាងទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងរដ្ឋពង្រីកនីត្យានុកូលភាពសង្គម ការពារផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ធានាសិទ្ធិប្ដឹងតវ៉ា និងប្ដឹងបរិហាររបស់ប្រជាពលរដ្ឋ និងត្រួតពិនិត្យសកម្មភាពរបស់រដ្ឋបាល ៕