ភ្នំពេញ៖ពេជ្រ សោភា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថានាងខាតបង់លុយជិត១ម៉ឺនដុល្លារ ក្រោយវះកាត់កែស្លាបច្រមុះទាំងសងខាងកាលពីខែ៧ ឆ្នាំ២០២៣នោះ។នាងថាចំពោះមូលហេតុគឺដោយសារតែក្រោយវះកាត់កែស្លាបច្រមុះភ្លាមៗពេទ្យឲ្យសម្រាកពីការធ្វើការទាំងឡាយរួមទាំងច្រៀងសម្ដែងរយៈពេលដល់ទៅ១០ថ្ងៃ ដែលនាំឲ្យនាងមិនអាចច្រៀងបាន។ប៉ុន្ដែនាងថាជាលទ្ធផលក្រោយវះកាត់ស្លាបច្រមុះរួចនាងពេញចិត្តសម្រស់ខ្លួនឯងកាន់តែខ្លាំងជាមួយទំនុកចិត្តរឹតតែខ្ពស់ជាងមុន ពោលគឺភ្ញាក់ពីគេងនាងត្រូវតែឆ្លុះកញ្ចក់តែម្ដង។ប៉ុន្ដែសោភា ថានាងមិនកែច្រមុះតាមការជម្រុញពីគ្រូពេទ្យដែលស្គាល់នាងនោះទេ ព្រោះនាងខ្លាចក្នុងការវះកាត់ ហើយគិតថាការកែស្លាបច្រមុះទាំងសងខាងដែលនាងបានធ្វើនោះគឺស្ទើតែមិនត្រូវបានគេរាប់បញ្ចូលជាផ្នែកនៃការកែសម្រស់ឡើយ ដោយសារតែវាតូចបំផុត ហើយមុននាងកែបងស្រីរបស់នាងបានធ្វើមុនឃើញថាមិនប៉ះពាល់អីដល់សុខភាពនោះទេ ទើបនាងហ៊ានធ្វើដែរ។សោភា ថានាងគ្មានការពិចារណាទៅលើការកែសម្រស់ផ្នែកផ្សេងៗនោះទេ ដោយសារតែការកែសម្រស់ដំបូងៗទាមទារឲ្យមានការតមអាហារ ហេតុនេះជាការរំខានទៅដល់ការងារសិល្បៈរបសនាងខាតទាំងការងារ និងប្រាក់ចំណូល។អ្វីដែលពិសេសនោះសោភា ថាសម្រស់ពីធម្មជាតិរបស់នាងបានប៉ុណ្ណឹងនាងពេញចិត្តណាស់ទៅហើយ អីចឹងមិនមានភាពចាំបាច់កែទៅផ្នែកផ្សេងណាទៀតឡើយ ។
គូរបញ្ជាក់ថាការសម្រេចចិត្តមិនកែច្រមុះរបស់ពេជ្រ សោភា នេះមិនមែនជាលើកទី១នោះទេ ប៉ុន្ដែវាជាលើកទី២ហើយ ព្រោះកាលពីឆ្នាំមុននាងចង់ធ្វើច្រមុះឲ្យខ្ពស់ស្រួចជាងនេះម្ដងហើយ តែពេលជិះយន្ដហោះទៅដល់កូរ៉េខាងត្បូង ដើម្បីធ្វើនៅហាងគ្លីនិកមួយដែលតារាខ្មែរមួយចំនួនបានទៅកែនៅទីនោះ តែសោភា ក៍ប្ដូរចិត្តលែងហ៊ានកែទៅវិញ ព្រោះតែឃើញមុខកាំបិតសស្ញាចនាំឲ្យនាងព្រឺររោមខ្ញាកៗ។ប៉ុន្ដែពេជ្រ សោភា ដែលចាប់អាជីពចម្រៀងជាង១៨ឆ្នាំ ទើបតែហ៊ានកែស្លាបច្រមុះនេះ ហើយនៅផ្នែកផ្សេងៗទៀតនាងថារក្សាររបស់ធម្មជាតិ(Original) ទាំងអស់នោះមុននេះត្រូវបានគេសង្ស័យថានាងបានចាក់ចង្កាឲ្យចេញជាអក្សV ដើម្បីឲ្យគេមើលទៅឃើញផ្ទៃមុខនាងកាន់តែស៊ិចស៊ីនិងទាក់ទាញ នោះនាងបញ្ជាក់ច្បាស់ៗថាអត់បានធ្វើចង្កានោះទេ ប៉ុន្ដែមូលហេតុដែលគេច្រឡំនាងថាធ្វើចង្កា នេះដោយសារតែចង្កានាងព្រែក អីចឹងពេលសើចទៅឃើញដូចជាវែងស្រួលបែបនេះហើយ ដែលការពិតវាជារបស់ពីធម្មជាតិសុទសាធ ។
សូមបញ្ជាក់ថាពេជ្រ សោភា ឈានចូលវ័យ៤០ឆ្នាំគត់ ហើយនាងនៅតែត្រូវប៉ាន់ច្រៀងសម្ដែងតាមឆាកConcerts ធំៗជាបន្ដបន្ទាប់និងស្ថិតក្នុងលំដាប់តារាឈានមុខគេនៅហង្សមាសដដែល ទោះជាជិត១០ឆ្នាំចុងក្រោយនេះហង្សមាសប្រមូលបានតារាកាន់តែច្រើនឡើងជាន់ជើងគ្នាក្ដី ។ចំណុចពិសេសរបស់សោភា គឺនាងចេះនិពន្ធMelody និងបទភ្លេងដោយខ្លួនឯង ហើយរក្សារបានសម្រស់ក្មេងជាងវ័យ ខណៈដែលនាងអាចច្រៀងបានជាច្រើនទម្រង់រួមទាំងចង្វាក់រ៉េប ផងដែរ ។នៅមុនថ្ងៃឆ្លងឆ្នាំសាកល២០២៣ ឈានចូល២០២៤ នេះពេជ្រ សោភា ថានាងកាន់តែសប្បាយចិត្តព្រោះសម្រកទម្ងន់បានដល់ទៅ១០គ.ក្រពី៥៨ មក៤៨ គ.ក្រ ដែលនេះជាគីឡូដែលនាងស្រលាញ់និងគិតថាសាកសមទៅនិងរូបរាងនាងព្រោះនៅពេលនាងចូលច្រៀងឲ្យហង្សមាសដំបូងក៍គីឡូ៤៨ នេះដែរ។
ប៉ុន្ដែតាមព័តមានថាការសម្រកទម្ងន់ដល់ទៅ១០ គីឡូរបស់សោភា នាពេលនេះមិនមែនជារឿងចៃដន្យនោះទេ តែអាចជាការត្រៀមរួចជាស្រេចសម្រាប់ការធ្វើជាកូនក្រមុំរបស់លោកឆឹម សក្កដា នាឆ្នាំ២០២៤ ខាងមុខនេះ ក្រោយពួកគេបានឆាចោលមង្គលការនៅឆ្នាំ២០២៣ ដោយសារខ្វែងគំនិតគ្នានោះ។ប្រភពបានឲ្យដឹងថាក្រៅពីសោភា-សក្កដា នៅឆ្នាំ២០២៤ ក៍មានតារាមួយចំនួនទៀតដូចជាប៉ាច គីមមួយ-សយ រតនៈ នឹងតារាមួយចំនួនទៀតត្រៀមក្រាបផ្ទឹមនៅឆ្នាំតែមួយជាបន្ដបន្ទាប់ផងដែរ ។តែរឿងដែលសោភា ដើរផ្លូវខុសពីតារាផ្សេងៗទៀតនោះគឺតារាភាគច្រើនឲ្យតែក្លាយទៅជាគូដណ្ដឹងគ្នាហើយ ពួកគេអាចចេញចូលផ្ទះគ្នា បានគ្រប់ពេលវេលា ព្រោះចាត់ទុកគ្រួសារតែ១ តែសោភា វិញបែជាមិនអនុញ្ញាត្តិឲ្យគូដណ្ដឹងចេញចូលបន្ទប់នាងគេងផ្ដែសផ្ដាសនោះទេនិងបញ្ជាក់ថាជាង១ឆ្នាំមកនេះលោកសក្កដា គេងនៅផ្ទះគាត់ នាងគេងនៅផ្ទះនាង ពោលគឺមិនអាចឆ្វេចឆ្វាចបានឡើយ ។ ការតឹងតែងបែបនេះធ្វើឲ្យលោកសក្កដា មិនសូវពេញចិត្តឡើយ ហេតុនេះបានជាមិនអាចឆាចោលមង្គលការជាលើកទី២ ម្ដងទៀតបានទេ ពោលគឺបើគ្មានអ្វីប្រែប្រួលទេ គឺគូស្នេហ៍តារា១គូនេះនឹងក្រាបផ្ទឹមនៅដើមឬចុងឆ្នាំ២០២៤ ។ប៉ុន្ដែក្រុមតារាជិតដិតសោភា នៅហង្សមាសបែជាសើចទៅវិញនៅពេលអ្នកយកព័តមានយើងសួរពេលវេលាជាក់លាក់រឿងសោភា និងសក្កដា រៀបការ ដោយពួកគេសួរច្រាសមកអ្នកយកព័តមានយើងថា”ចេះតែជឿរដែរអី?”៕