Wednesday, October 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាំស្រីមកផឹកស៊ី អត់លុយ រត់ចោលស្រី

នាំស្រីមកផឹកស៊ី អត់លុយ រត់ចោលស្រី

ខេត្តបាត់ដំបង ៖ បុរសនារី ១ក្រុម មានគ្នា៣នាក់ បាននាំគ្នាចូលមកផឹកស៊ី ច្រៀងខារ៉ាអូខេយ៉ាងសប្បាយ នៅក្នុងហាងមួយកន្លែង ដោយបានហៅម្ហូបនិងស្រាបៀរ ផឹកស៊ីយ៉ាងហ៊ឺហា លុះចុងក្រោយ ប្រើល្បិច រំដោះគ្នាម្តងម្នាក់ រត់គេចខ្លួន ដោយមិនឱ្យលុយម្ចាស់ហាង បែរជាទុកឲ្យនារីម្នាក់ ប្រឈមមុខនឹងម្ចាស់ហាង។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចអាហារដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យមានចំនួន៣នាក់ (ប្រុស២ ស្រី១) ដោយនារីម្នាក់នោះ អះអាងថា នាងជាអ្នករកស៊ីកញ្ឆក់កណ្តៀតពេលរាត្រី នៅតាមសួនច្បារនានា ក្នុងក្រុងបាត់ដំបង។ ក្រុមនេះបានចូលផឹកស៊ីនៅក្នុងបន្ទប់ខារ៉ាអូខេ នៅហាងខាងលើ ហើយបាន រំដោះគ្នាចេញ មិនបាន ឱ្យលុយម្ចាស់ហាងទេ ថែមទាំងលួចយកទូរស័ព្ទម្ចាស់ហាង អស់១គ្រឿងទៀត។

តាមប្រភពពីម្ចាស់ហាង បានឱ្យដឹងថា ដំបូងក្រុមជនសង្ស័យទាំង៣នាក់ខាងលើ បានជិះម៉ូតូដឹកគ្នាមក ចូលផឹកស៊ីក្នុងហាងរបស់គាត់ នៅម៉ោងប្រមាណ១០យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។ ប៉ុន្តែពេលចូលផឹកបានបន្តិច ស្រាប់តែមានម្នាក់ជិះម៉ូតូចេញទៅវិញបាត់ នៅតែនារីម្នាក់ និងប្រុសម្នាក់។

ម្ចាស់ហាង បានបន្តថា ជនសង្ស័យប្រុសស្រីទាំង២នាក់នេះ បានកុម៉្មង់ម្ហូបជាច្រើនមុខ ផឹកស៊ី និងច្រៀង លេងយ៉ាងសប្បាយ រហូតដល់ម៉ោងជិត១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ  ឆ្នាំ២០២៣ ស្រាប់បុរស នោះប្រើល្បិចចេញចូលបន្ទប់ច្រៀង ដែលមើលទៅគួរឱ្យសង្ស័យ។ បុរសនោះបានដើរចេញមកខាងក្រៅបន្ទប់ ចុះមកខាងក្រោម មើលឆ្វេងស្តាំ ហើយបុគ្គលិកហាងឃើញសកម្មភាពមិនល្អ ក៏ហៅភ្ញៀវម្នាក់នេះឡើងទៅ បន្ទប់ច្រៀងវិញ តែជននេះប្រាប់ឱ្យបុគ្គលិកហាងឡើងទៅមុន។ ពេលបុគ្គលិកឡើងទៅលើផុត ស្រាប់តែ ជននោះ បានឱកាសដើរចេញទៅខាងក្រោយហាង ផ្លោះរបងរត់គេចបាត់ ទាំងមិនគិតលុយ បន្សល់ទុកនារីម្នាក់ ឱ្យទទូលខុសត្រូវ។

ម្ចាស់ហាងដដែល បានឱ្យដឹងបន្តថា ក្រោយដឹងថា ជនម្នាក់នោះបានរត់ផ្លោះរបងហាងគេចខ្លួន គាត់បាន ឆែកកាមេរ៉ាសុវត្តិភាព ក៏ឃើញសកម្មភាពជនម្នាក់នោះ ដើរឡេមឡឺម ដែលមានពាក់មួកផង បានលូកដៃលួច យកទូរស័ព្ទស៊េរីទំនើប ១គ្រឿង របស់បុគ្គិលដែលទុកកន្លែងគិតលុយ រួចដើរទៅខាងក្រោយហាង ផ្លោះរបង រត់ទៅបាត់ ដែលទំនងមានបក្ខពួកជិះម៉ូតូមកចាំទទួល។

ចំណែកនារីម្នាក់ ដែលមកផឹកស៊ីជាមួយគ្នា បើតាមម្ចាស់ហាង បានប្រាប់ថា នារីម្នាក់នេះឈ្មោះលីន ស្នាក់នៅ ផ្ទះជួលម្តុំ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង។ នារីម្នាក់នេះ បានឆ្លើយប្រាប់ថា ក្នុងចំណោមបុរស ២នាក់នោះ គឺនាងស្គាល់ម្នាក់ដែលជិះម៉ូតូទៅមុន គឺឈ្មោះម៉ាប់ តែម្នាក់ពាក់មួក អង្គុយផឹកស៊ី ហើយរត់ចោល នាង គឺទើបស្គាល់គ្នាទេ។ នាងបាននិយាយថា នាងមិនដឹងអីទេ នាងជាអ្នករកស៊ី រកលុយពេលយប់ នៅតាម សួន ហើយពួកគេបានបបូលនាងមកផឹកស៊ីជាមួយ។ ប៉ុន្តែនាងបានធ្លោយពាក្យថា ពួកគេទាំង០២នាក់នេះ ធ្លាប់ នាំនាងទៅធ្វើបែបនេះ លក់មុខនាង ច្រើនលើកហើយ។ ដូច្នេះបានន័យថា នារីម្នាក់នេះ និងបុរស២ នាក់នោះ គឺជាក្រុមតែមួយ។

ម្ចាស់ហាងខាងលើ បានអះអាងថា ក្រោយពីសួរនាំត្រូសៗ គាត់បានទាក់ទងទៅកាន់ មន្ត្រីការិយាល័យ ព្រហ្ម ទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្ត ដើម្បីរាយការណ៍ពីរឿងនេះ តែដោយឃើញស្ថានភាពនារីម្នាក់នេះ គ្មានលទ្ធភាពដោះស្រាយសំណង គាត់ក៏ស្នើសមត្ថកិច្ចឱ្យដោះលែងនាង តែគាត់បានដាក់ពាក្យបណ្តឹងសុំឱ្យ សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបុរស២នាក់ ដែលបានរត់គេចខ្លួន មិនព្រមសងលុយ និងលួចទូរស័ព្ទ។

បើតាមម្ចាស់ហាង បានបញ្ជាក់ថា បើគិតតម្លៃផឹកស៊ីនៅក្នុងបន្ទប់ខារ៉ាអូខេ បូកសរុបអស់ចំនួន ជាង៣០ម៉ឺន រៀល។ យ៉ាងណា បើតាមមន្ត្រីនគរបាលការិយាល័យជំនាញ បានប្រាប់ថា បើតាមប្រវត្តិជនមួយក្រុមនេះ ជាមុខសញ្ញាចាស់ ដែលតែងដើរប្រព្រឹត្តបែបនេះនៅតាមអាហារដ្ឋាន ឬតាមក្លឹប ខារ៉ាអូខេនានា ច្រើនលើក ច្រើនសាហើយ។ ពេលនេះមន្ត្រីជំនាញ កំពុងបន្តតាមដាន និងស្រាវជ្រាវសកម្មភាពក្រុមនេះ៕

RELATED ARTICLES