Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជិះកង់បី អត់ឱ្យលុយ ផ្អើលប៉ូលីស

ជិះកង់បី អត់ឱ្យលុយ ផ្អើលប៉ូលីស

ភ្នំពេញ ៖ បុរសម្នាក់ បានហៅម៉ូតូកង់បីជិះ ទៅមកជាច្រើនកន្លែង លុះចុងក្រោយមិនត្រឹមតែមិនឱ្យលុយថ្លៃកង់បី បែររជារករឿងវាយអ្នករត់កង់បី បណ្តាលឱ្យរងរបួសបែកបបូរមាត់ទៀត បង្កឱ្យមានការភ្ញាកផ្អើលដល់សមត្ថកិច្ច ចុះវាយខ្នោះ យកទៅចាត់ការតាមច្បាប់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង២៥នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចបុរីញូវ ថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះ ជាម្ចាស់ម៉ូតូកង់បី បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កហេតុ ជាជនជាតិចិន បានបុកឃីងម៉ូតូកង់បីរបស់គាត់ជិះ ដោយដឹកចេញពីទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅចូល កន្លែងសប្បាយៗនៅក្នុងបុរីញូវថោន នៅម៉ោង៦ព្រលប់។ បន្ទាប់មក ជនជាតិចិននេះ បានឱ្យគាត់ដឹក ចេញ ពីកន្លែងមួយ ចូលកន្លែងមួយទៀត ជាបន្តបន្ទាប់។ លុះមកដល់ម៉ោងកើតហេតុ គាត់បានទាមទារលុយថ្លៃជិះ ចំនួន ១ម៉ឺនរៀល តែខាងជនជាតិចិន ឆ្លើយថា ចាំបន្តិចៗសិន ដល់ពេលគាត់ទារញឹកពេក ជនជាតិចិន បាន ឆ្លើយថា អត់លុយឱ្យទេ។

បុរសរងគ្រោះ បន្តថា ក្រោយពេលកើតរឿងបែបនេះ ក៏មានការប្រកែកយ៉ាងតឹងសរសៃក  ស្រាប់តែខាងបុរស ជនជាតិចិន ប្រើអំពើហិង្សា វាយគាត់ បណ្តាលរងរបួសបែកបបូរមាត់ ចេញឈាមតែម្តង។ ភ្លាមៗនោះ ត្រូវបាន អ្នករត់ម៉ូតូកង់បីដូចគ្នាឃើញ ក៏នាំគ្នាចូលទៅជួយឃាត់ បែរជាត្រូវបុរសជាជនជាតិចិននោះ ចោទប្រកាន់ថា នាំគ្នាព្រួតវាយខ្លួនទៅវិញ។ បន្ទាប់មក ប្រជាពលរដ្ឋ បានរាយការណ៍ប្តឹងកម្លាំងអាវុធហត្ថមូលដ្ឋាន ដើម្បីចុះមក អន្តរាគមន៍ភ្លាមៗ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចអាវុធហត្ថមូលដ្ឋាន បានធ្វើការឃាត់ខ្លួន និងវាយខ្នោះបុរសជនជាតិចិន ខាងលើ ព្រមទាំងហៅម្ចាស់កង់បីរងគ្រោះ ទៅសាកសួរនៅផ្នែកជំនាញអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដើម្បី ចាត់ការតាមច្បាប់៕

RELATED ARTICLES