Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះផ្ទះ៣ខ្នង

ទុស្សេខ្សែភ្លើង ឆេះផ្ទះ៣ខ្នង

ខេត្តកំពង់ចាម ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យខូចខាតទាំងស្រុងចំនួន ២ខ្នង ចំណែក១ខ្នងទៀត ត្រូវសមត្ថកិច្ចជួយបាញ់ទឹកពន្លត់ទាន់ពេលគ្រាន់ តែខូចខាតជញ្ជាំង១ចំហៀងប៉ុណ្ណោះ ចំណែកមូលហេតុ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី។ករណីអគ្គិភ័យខាងលើ បានកើតឡើង កាលពីវេលាម៉ោង២ និង១០នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិជីប៉ោ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ មកថា មានករណីអគ្គិភ័យ មួយបានកើតឡើងនៅចំណុចខាងលើ ដែលមានចម្ងាយពីអធិការដ្ឋាននគរបាល ស្រុកស្រីសន្ធរ ប្រមាណ១០គីឡូម៉ែត្រ។ ភ្លាមនោះ លោកអធិការ ស្រុក បានបញ្ជាឱ្យបញ្ជូនរថយន្តសង្គ្រោះ អគ្គិភ័យចំនួន២គ្រឿង របស់អធិការនគរបាលស្រុកស្រីសន្ធរ ចេញអន្តរាគមន៍ជាបន្ទាន់ ដោយសហការ ជាមួយ ប៉ុស្តិ៍ស្វាយពោធិ៍ មេឃុំ ក្រុមប្រឹក្សាឃុំស្វាយពោធិ៍ មេភូមិជីប៉ោ និងកម្លាំងប្រជាការពារ។

ពេលចុះទៅដល់អគ្គិភ័យបានឆេះអស់ផ្ទះ១ខ្នង និងបន្តទៅ១ខ្នងទៀត ខណៈនោះសមត្ថកិច្ច បានបាញ់ទឹក ទប់ស្កាត់មិនឱ្យភ្លើងឆេះរាល ដាលដល់ផ្ទះទី៣ឡើយ ដោយប្រើប្រាស់រថយន្តចំនួន២គ្រឿង និងប្រើប្រាស់ ទឹកអស់ចំនួន៣ឡាន និងបានបាញ់ទឹកពន្លត់ភ្លើងទាំងស្រុង នៅវេលា ម៉ោង៣ និង៣០នាទីរសៀលថ្ងៃដដែល។

ចំពោះទំហំនៃការខូចខាតសរុប ត្រូវបានសមត្ថកិច្ចបញ្ជាក់ប្រាប់ថា ករណីនេះ បានបង្កឱ្យឆេះខូច ខាតផ្ទះ ទាំងស្រុងចំនួន២ខ្នង និងរាល ដល់ជញ្ជាំងផ្ទះទី៣មួយចំហៀង។ ក្នុងនោះ ផ្ទះទី១-មានម្ចាស់ឈ្មោះឌី វៃ ភេទប្រុស អាយុ៥៩ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ខូចខាតទ្រព្យសម្បត្តិរួមមាន ផ្ទះ១ខ្នងទាំងស្រុង ម៉ូតូ១គឿង អង្ករ៣បេ សូវ២០បេ ខ្សែក ខ្សែដៃ ចិញ្ជៀន៧ជី (ផ្លាកទីន) ចិញ្ជៀនមាស១ជី លុយចំនួន៥០០ដុល្លារ គ្រែឈើចំនួន១ ទូរឈើចំនួន២ និងសំភារៈប្រើប្រាស់មួយចំនួនទៀត។ ផ្ទះទី២-មានម្ចាស់ឈ្មោះសែម ធឿន ភេទប្រុស អាយុ៥០ឆ្នាំ ផ្ទះទំហំ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង។ ខូចខាតទ្រព្យសម្បត្តិរួមមាន ផ្ទះ១ខ្នងទាំងស្រុង លុយចំនួន៣លានរៀល ខ្សែកខ្សែដៃចំនួន២ ដំឡឹង(មាស) ស្រូវ២០បេ គ្រែឈើចំនួន៣ ទូរឈើចំនួន២ និងសំភារៈប្រើប្រាស់មួយចំនួនទៀត។ ចំណែកផ្ទះទី៣-មានម្ចាស់ឈ្មោះឌី ភី អាយុ៨៣ឆ្នាំ ឆេះខូចខាតជញ្ជាំងផ្ទះមួយចំហៀងប្រវែង៩ម៉ែត្រ។តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើ គឺបណ្តាលមកពីការឆ្លងចរន្ត អគ្គិសនី  តែករណីខាងលើ មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ៕

RELATED ARTICLES