Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងស្រី៦ឆ្នាំ អ៊ំនិងយាយ ចាប់ចង... ទុកចោល ក្រៅផ្ទះ

ក្មេងស្រី៦ឆ្នាំ អ៊ំនិងយាយ ចាប់ចង… ទុកចោល ក្រៅផ្ទះ

ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ទើបនឹងមានអាយុ៦ឆ្នាំ បានទទួលរងនូវទារុណកម្មពីអ៊ំស្រី និងយាយបង្កើត ដោយ ចាប់ចងដៃជើង វាយដំ ទះកំផ្លៀង អូសចេញមកទុកចោលនៅខាងក្រៅរបងផ្ទះ លុះអ្នកជិត ខាងទ្រាំមើល នឹងភ្នែកមិនបាន ក៏ថតវីដេអូ បង្ហោះក្នុងបណ្តាញសង្គម ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ នាំខ្លួនស្ត្រីជាអ៊ំ ស្រីរបស់ក្មេងស្រីរងគ្រោះ ទៅប៉ុស្តិ៍ ដើម្បីសាកសួរ។

ហេតុការណ៍អំពើហិង្សាលើកុមារនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ៦២ ផ្លូវបេតុង ក្រុម៥ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ក្មេងស្រីរងគ្រោះ មានឈ្មោះយ៉ាន សម្បត្តិច័ន្ទវិលីស្សា អាយុ៦ឆ្នាំ មុខរបរសិស្ស។ ចំណែកស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះឃុន វ៉ាន់ដា អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ត្រូវជាអ៊ំស្រីបង្កើតរបស់ក្មេងស្រីរងគ្រោះ។ ជនរងគ្រោះ និងជនសង្ស័យ សព្វថ្ងៃស្នាក់នៅជាមួយគ្នា នៅចំណុចផ្ទះលេខ៦២ ផ្លូវបេតុង ក្រុម៥ ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីដែលប្រើហិង្សាលើក្មេងស្រីតូចនោះ មិនមែនជាម្តាយ បង្កើតរបស់ ក្មេងស្រីរងគ្រោះទេ គឺត្រូវជាអ៊ំ (បងស្រីបង្កើតរបស់ម្តាយក្មេងស្រីរងគ្រោះ)។ ចំណែកស្ត្រីចំណាស់ម្នាក់ទៀត ដែលចូលរួមចាប់ចងដៃជើងក្មេងស្រីរងគ្រោះ ត្រូវជាជីដូន ដោយម្តាយរបស់ក្មេងស្រីរងគ្រោះ គឺជាគ្រូពេទ្យ នៅខណ្ឌកំបូល ហើយផ្ញើកូនឱ្យម្តាយនិងបងស្រី ជួយមើលថែ។

ប្រភពដដែល បន្តថា ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ មានឈ្មោះឃុន សុខគីម ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរគ្រូពេទ្យ សព្វថ្ងៃស្នាក់នៅផ្ទះលេខ២ ផ្លូវលេខ១ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បានយកកូនចំនួន ៤នាក់ ក្នុងនោះក៏មានក្មេងស្រីរងគ្រោះម្នាក់ផងដែរ យកមកឱ្យម្តាយបង្កើត និងបងស្រី (ជនសង្ស័យ) ចិញ្ចឹមបីបាច់ឲ្យរៀនសូត្រ រយៈ ពេល ៤ឆ្នាំមកហើយ មុនឪពុកម្តាយលែងលះគ្នា។

នៅចំពោះមុខសមត្ថកិច្ច និងអ្នកសារព័ត៌មាន ស្ត្រីទាំង២នាក់ បានឱ្យដឹងថា រូបភាពដែលពួកគាត់ធ្វើនោះ គឺគ្រាន់តែជាការអប់រំក្មួយនិងចៅរបស់គាត់តែប៉ុណ្ណោះ ពុំមានចេតនាប្រើហិង្សា ឬធ្វើទារុណកម្មទៅ លើក្មួយនិងចៅនោះទេ សូម្បីតែទះកំផ្លៀងនោះ ក៏មិនបានទះខ្លាំងដែរ។ ចំណែកមូលហេតុ គឺដោយសារ តែក្មេងស្រីរងគ្រោះ រពិសខ្លាំង និងរៀនខ្សោយនៅសាលា ហើយតែងតែបង្ករឿង រហូតអ្នកគ្រូស្តីបន្ទោស ឱ្យពួកគាត់ជាអាណាព្យាបាល ជាញឹកញាប់។

ស្ត្រីដដែល បន្តថា នៅយប់កើតហេតុ ខណៈគាត់បង្រៀនអក្សរដល់ក្មួយ ប៉ុន្តែក្មួយមិនស្តាប់ បែរជារត់លេង ធាក់ជញ្ជាំងផ្ទះទៀត ដោយសារតែខឹងក្មួយនិយាយមិនស្តាប់ ទើបគាត់បានទាញដៃក្មួយស្រី ចេញពីផ្ទះ មកឈរនៅមុខផ្ទះ ខាងក្រៅរបង រួចគាត់បានបិទទ្វាររបងផ្ទះ ដើរចូលក្នុងផ្ទះ។ ចំណែកក្មួយស្រី បានស្រែកយំ និងយកដៃវាយទ្វាររបងផ្ទះ ធ្វើឱ្យគាត់ខឹង ទ្រាំមិនបាន ក៏បើកទ្វារបងផ្ទះ យកក្រមាដែលទុកនៅលើម៉ូតូ យកមកចងដៃជើងក្មេងស្រីរងគ្រោះឱ្យដេកផ្កាប់មុខទៅលើដី ហើយជីដូនជនរងគ្រោះ បានចេញពីក្នុងផ្ទះ មកជួយចាប់ ដោយអង្គុយពីលើជនរងគ្រោះ ជួយចងជើង រួចដើរចូលក្នុងផ្ទះ វិញបិទទ្វាររបងផ្ទះ។ ចំណែកក្មួយស្រី នៅតែស្រែកយំខ្លាំងទៀត ទើបគាត់ទ្រាំមិនបាន បើកទ្វាររបងផ្ទះ ចេញមកក្រៅ ទះកំភ្លៀង ជនរងគ្រោះ ចំនួន៣ដៃ ទៅលើផ្ទៃមុខ តែមិនធ្ងន់នោះទេ ហើយក៏ត្រូវប្រជាពលរដ្ឋជិតខាង ថតវីដេអូស កម្មភាពគាត់ រួចរាយការណ៍ប្រាប់សមត្ថកិច្ច ដោយគិតថា គាត់ធ្វើទារុណកម្មទៅ លើក្មួយរបស់ គាត់។

ទោះបីជាយ៉ាងណា ទាំងនេះគ្រាន់តែជាចម្លើយសារភាពរបស់ស្ត្រីសង្ស៧យ ជាអ៊ំក្មេងស្រីរងគ្រោះតែប៉ុណ្ណោះ ប៉ុន្តែរូបភាពសកម្មភាពរបស់គាត់ សមត្ថកិច្ចបានឱ្យដឹងថា នេះជាបទល្មើសហិង្សាលើកុមារ។

ករណីនេះ ស្ត្រីសង្ស័យ ត្រូវជាអ៊ំស្រីរបស់ក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចហៅទៅបំភ្លឺ និងធ្វើការសាកសួរ ព្រមទាំងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលទួលសង្កែ១ ។ ចំណែកស្ត្រីជាជីដូនរបស់កុមារីរងគ្រោះ សមត្ថកិច្ចបានអនុញ្ញាតឲ្យនៅផ្ទះ មើលថែចៅ មួយយប់សិន រហូតដល់ព្រឹកឡើង ទើបអញ្ជើញ ទៅបំភ្លឺបន្ថែម ទៀត ជុំវិញករណីខាងលើនេះ។

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដោយសារមានការយោគយល់ពីស្ត្រីជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ដែលត្រូវជាប្អូនស្រីបង្កើតរបស់ស្ត្រីសង្ស័យខាងលើ មិនប្តឹងផ្តល់ទៅលើបងស្រី ទើបសមត្ថកិច្ចគ្រាន់តែ អប់រំណែនាំ និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តអំពើហិង្សាលើកុមារទៀត រួចក៏អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ។ ចំណែកក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្តាយបង្កើតវិញផងដែរ៕

RELATED ARTICLES