Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចតឡានភ្លេចដកសោ ចោរលួចបើករត់បាត់

 ចតឡានភ្លេចដកសោ ចោរលួចបើករត់បាត់

ភ្នំពេញ ៖ ប្តីប្រពន្ធ ២នាក់ ទើបនឹងត្រឡប់មកពីចូលរួមកម្មវិធីមង្គលការបងប្អូន លុះបើករថយន្តមកដល់មុខផ្ទះ បុរសជាប្តី បានពន្លត់ម៉ាស៊ីន រួចចុះទៅចាក់សោទ្វារផ្ទះ ដោយមិនបានដកកូនសោចេញពីរថយន្តនោះទេ ចំ ណែកប្រពន្ធ បានចុះទៅអង្គុយលេងនៅមុខផ្ទះអ្នកជិតខាង ស្រាប់តែរំពេចនោះ មានជនសង្ស័យម្នាក់បានបើក ទ្វារ ចូលទៅបញ្ឆេះរថយន្ត បើករត់គេចដែរ តែរត់មិនរួច ត្រូវសមត្ថកិច្ចប្រដេញតាមចាប់បានទាំងមនុស្ស និង រថយន្ត នាំយកមកចាត់ការតាមច្បាប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង៨យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្បែរផ្សារសុភ មង្គល បុរីសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ រហូតដល់ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចមុខឃ្លាំងរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

ជនសង្ស័យជាចោរលួចរថយន្តដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាត់ សារិកា ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧៥៦ ផ្លូវលំ ស្ថិតក្នុងភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (មានសារធាតុញៀនក្នុងខ្លួន)។ ចំណែកជនរង គ្រោះជាម្ចាស់រថយន្ត មានឈ្មោះហុង សុវណ្ណៈ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកលក់ថ្នាំពេទ្យ មានប្រពន្ធឈ្មោះខុក វួចហេង អាយុ៤២ឆ្នាំ មុខរបរនៅផ្ទះ និងមានលំនៅ ផ្ទះលេខ 81C ផ្លូវលេខ៣ ក្រុមទី៥ក្នុងបុរីសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះលេខ 81C ផ្លូវលេខ៣ ក្រុមទី៥ ស្ថិតនៅបុរីសន្តិភាព២ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោម ចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីចោរលួចរថយន្តរបស់ប្រជាពលរដ្ឋ ១គ្រឿង បង្កឡើងដោយជន សង្ស័យម្នាក់ស្លៀកពាក់ស៊ីវិល មធ្យោបាយថ្មើរជើង។ ចំណែករថយន្តដែលចោរលួចទៅនោះ ម៉ាកតូយ៉ូតា កាមរីឆ្លាម  ពណ៌ទឹកមាស ផលិតឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2L-8029 ជាកម្មសិទ្ធិរបស់ឈ្មោះហុង សុវណ្ណៈ ស្នាក់នៅផ្ទះលេខ 81C ផ្លូវលេខ៣ ក្រុមទី៥ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ។

ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តដឹកប្រពន្ធនិងកូន ទៅចូលរួម កម្មពិធី អាពាហ៍ពិពាហ៍បងប្អូន នៅបុរីធូលន ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លុះចប់កម្មវិធី ជនរងគ្រោះបានជូនប្រពន្ធនិងកូន មកផ្ទះវិញ ដោយពន្លត់ម៉ាស៊ីន រួចចតថយន្តនៅខាងមុខផ្ទះ ដោយមិន បានដកកូនសោចេញពីរថយន្តនោះទេ ហើយក៏ចុះទៅបើកទ្វារផ្ទះឱ្យប្រពន្ធនិងកូន ចូលសម្រាក។ ខណៈពេលជនរងគ្រោះ កំពុងតែជាប់រវល់ជាមួយប្រពន្ធនិងកូននៅក្នុងផ្ទះ ស្រាប់តែមានជនសង្ស័យម្នាក់ ដើរចេញពីម្តុំក្បែរនោះ ចូលទៅក្នុងរថយន្ត និងកាច់សោបញ្ឆេះ ក្នុងគោលបំណងលួចយករថយន្តនោះ រត់គេចខ្លួន តែត្រូវស្ត្រីជាប្រពន្ធជនរងគ្រោះ ឮសំឡេងបញ្ឆេះរថយន្ត ក៏ងាកទៅមើល ស្រាប់តែឃើញចោរ បម្រុងបើករថយន្តចេញទៅ ក៏ស្ទុះទៅចាប់ទាញទ្វាររថយន្ត ដើម្បីឱ្យជនសង្ស័យឈប់ តែជនសង្ស័យ មិន ព្រមឈប់នោះទេ និងព្យាយាមបើករត់គេចខ្លួនទៀត ធ្វើឱ្យស្ត្រីរងគ្រោះជាប្រពន្ធ ដួលអូសតាមរថយន្ត បណ្តាលឱ្យរងរបួសរលាត់ក្បាលជង្គង់ទាំងសង ចេញឈាម។

ប្រភពខាងលើ បញ្ជាក់ថា ខណៈពេលជនសង្ស័យបើករថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុនោះ ជនរង គ្រោះនិងបងប្អូន បាននាំគ្នាជិះម៉ូតូដេញតាម ប៉ុន្តែតាមមិនទាន់។ បន្ទាប់មក ជនរងគ្រោះបានទៅ ដាក់ពាក្យ បណ្តឹងប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចនគរបាល ជួយធ្វើការស្រាវជ្រាវ និងអន្ត រាគមន៍ ដើម្បីស្វែងរកចាប់ខ្លួនមុខសញ្ញាលួចរថយន្ត។

ក្រោយពេលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ បានប្រកាសតាមវិទ្យុទាក់ទង ប្រាប់ទៅតាមបណ្តាប៉ុស្តិ៍ និងអធិការនគរបាលខណ្ឌចំណុះ ឱ្យស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ ជួយពិនិត្យមើលភិនភាគរថយន្តដែលជនសង្ស័យបានលួចនោះ។

ដោយអនុវត្តតាមការចង្អុលបង្ហាញពីលោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ទើបនៅវេលា ម៉ោងប្រមាណជាង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងល្បាតនៃអធិការដ្ឋាននគរបាល ខណ្ឌជ្រោយចង្វា បានប្រទះឃើញមុខសញ្ញាកំពុងតែបើករថយន្តដែលលួចនោះ នៅចំណុចមុខឃ្លាំង របស់ក្រុម ហ៊ុនអូស៊ីអាយស៊ី (OCIC) ទើបធ្វើការឃាត់ខ្លួនជនសង្ស័យ និងរថយន្តតែម្តង រួចប្រគល់ឱ្យនគរបាលចោម ចៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES