Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជនបន្លំឈ្មោះឧបនាយករដ្ឋមន្ត្រី បង្កើតគ្រុប ហ្វេសប៊ុក ចេញមុខសុំទោស

ជនបន្លំឈ្មោះឧបនាយករដ្ឋមន្ត្រី បង្កើតគ្រុប ហ្វេសប៊ុក ចេញមុខសុំទោស

ភ្នំពេញ ៖ យុវជនជាអ្នកផលិតមាតិកាម្នាក់ បានបង្កើតគណនីហ្វេសប៊ុក ដាក់ឈ្មោះលោក ស សុខា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួចបង្កើតជាក្រុម (Group) ចែករំលែកមាតិកាផ្សេងៗ ធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសថ្នាក់ដឹកនាំ និងនាំឱ្យមានការភាន់ច្រឡំ ត្រូវបានសមត្ថកិច្ចជំនាញ កោះហៅមកធ្វើការសាកសួរ និងបានធ្វើលិខិតទទួលកំហុស និងសុំអភ័យទោសដល់ថ្នាក់ដឹកនាំ ចំពោះទង្វើខុសឆ្គងរបស់ខ្លួន។

យោងតាមប្រភពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹង កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ថា អ្នកផលិតមាតិកា តាមបណ្តាញសង្គមហ្វេសប៊ុក (MMO) ម្នាក់ត្រូវបាននាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា អញ្ជើញមកសាកសួរបំភ្លឺ បន្ទាប់ពីបានរក ឃើញថាបានក្លែងបន្លំអត្តសញ្ញាណរបស់ លោក បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅលើបណ្តាញសង្គម ហ្វេសប៊ុក។

ប្រភពដដែល បន្តថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអញ្ជើញ បុគ្គលម្នាក់ឈ្មោះហោ វិចិត្រ ភេទប្រុស មានលំនៅក្នុងរាជធានីភ្នំពេញ ដើម្បីមកសាកសួរបំភ្លឺនៅនាយក ដ្ឋានប្រឆាំងបទល្មើស បន្ទាប់ពីរកឃើញថា បុគ្គលរូបនេះបាន យកឈ្មោះលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំផ្សេងទៀត ទៅបង្កើតជាក្រុម (Group) នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយគ្មានការអនុញ្ញាត និងបានចែករំលែកមាតិកាផ្សេងៗ ដែលប៉ះពាល់ដល់សន្តិសុខជាតិ និងកិត្តិយសថ្នាក់ដឹកនាំដែលអាចធ្វើឱ្យមានការភាន់ច្រឡំពីសំណាក់មហាជន។ ក្រោយពីការសួរបញ្ជាក់ បុគ្គលឈ្មោះ ហោ វិចិត្រ បានសារភាពទទួលស្គាល់កំហុស សន្យាកែខ្លួន មិនឱ្យកើតឡើងពេលក្រោយ ទៀតឡើយ និងបានធ្វើលិខិតសុំអភ័យទោសជាសាធារណៈ។

លិខិតសុំអភ័យទោស របស់យុវជនខាងលើ បានរៀបរាប់ថា «ខ្ញុំបាទឈ្មោះហោ វិចិត្រ អាយុ២៥ឆ្នាំ កើតថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៩៨ មុខរបរ Digital Marketing អាសយដ្ឋានបច្ចុប្បន្ន ខុនដូ អារ៉ាខាវ៉ា សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ។

សូមគោរពជូន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

កម្មវត្ថុ ៖ សំណើសុំការអភ័យទោស និងសុំទោស។

ខ្ញុំបាទបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Hor Vichet មាន Profile ID : 100088807668387 បង្កើតនូវក្រុម (Group) និងទំព័រហ្វសប៊ុកឈ្មោះឯកឧត្តម ស សុខា ដោយគ្មានការអនុញ្ញាត ព្រមទាំងពុំមានការគ្រប់គ្រងការបង្ហោះក្នុងក្រុម (Group) ឱ្យបានត្រឹមត្រូវ ដែលអនុញ្ញាណឲ្យសមាជិកក្នុងក្រុម ធ្វើការការចែករំលែកមានតិកាមួយចំនួន ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ថ្នាក់ដឹកនាំ ជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលបានធ្វើឱ្យមានការយល់ច្រលំពីសំណាក់មហាជន នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក (Facebook)។

ខ្ញុំបាទសូមអភ័យទោសចំពោះកំហុសឆ្គងដែលខ្ញុំបាទបានប្រព្រឹត្តចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កន្លងមក និងសូមទទួលស្គាល់កំហុសខ្លួនឯង ដែលបានធ្វើដោយគ្មានការពិចារណា ហើយខ្ញុំបាទសូមសន្យាថា ចាប់ពីថ្ងៃចុះកិច្ចសន្យានេះតទៅ ខ្ញុំបាទនឹងកែខ្លួន មិនធ្វើអ្វីដែលប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេច ក្តីថ្លៃថ្នូរ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទៀតឡើយ បើសិនជាខ្ញុំបាទមិនគោរពតាមការសន្យា ខ្ញុំបាទ សូមទទួលទោសតាមច្បាប់»។

ជុំវិញករណីខាងលើនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណ ជនទាំងអស់ត្រូវពិនិត្យនិងវិនិច្ឆ័យឱ្យបានច្បាស់ មុនបង្កើតគណនីបណ្តាញសង្គម ដែលប្រើប្រាស់ឈ្មោះអ្នក ដទៃ ដោយគ្មានការអនុញ្ញាត ដែលអាចប្រឈមនឹងការក្លែងអត្តសញ្ញាណ ដែលជាអំពីខុសច្បាប់៕

RELATED ARTICLES