ភ្នំពេញ៖ពិតជាគូរឲ្យភ្ញាក់ផ្អើលដែលពេលនេះតារាចម្រៀងហង្សមាស សួស វីសា បានក្លាយទៅជាជំទាវទៅហើយ។ការឡើងងារយ៉ាងរហ័ស្សរបស់វីសា នាពេលនេះក្រោយពីស្វាមីនាងលោកប៊ុនថុល ប៊ុនថង ហៅថមមី ត្រូវបានពិធីករលោកប៉ែន ចំរ៉ុង ប្រកាសកាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ ក្នុងកម្មវិធី Ceo Award 2023 ដែលរៀបចំនៅវិមានដឺព្រេមៀ សេនធ័រ សែនសុខ ដោយលោកហៅថមមី ថាជា”ឧកញ៉ា”នៅចំពោះមុខមន្រ្ដីធំៗ និងសហគ្រិនរាប់រយនាក់។តារាចម្រៀងសួស វីសា ដែលឈនៅចំពោះមុខប្ដីឡើងទទួលពាននោះញញឹមបិទមាត់មិនជិតទេ ពេលឭលោកចំរ៉ុង ហៅស្វាមីនាងថាជាលោកឧកញ៉ា បែបនេះ ហើយអ្នកទាំងពីរបង្ហាញការស្រលាញ់ចំពោះគ្នាទៅវិញទៅមកតាមរយៈថតកៀកកើយគ្នាយ៉ាងស្អិតល្មូតនៅពីមុខសហគ្រិនជាច្រើនរយនាក់។ចំណែកតារាចម្រៀងនិងបង្ហាញម៉ូដជាច្រើនដួងដែលនៅក្នុងព្រឹត្តិការណ៍នោះសម្ដែងការចាប់អារម្មណ៍នៅពេលដែលឭលោកថមមី ឡើងឧកញ៉ានាពេលនេះ ហើយពួកគេបានខ្សឹបខ្សៀវគ្នាបើអីចឹងមែនគឺទាំងអស់គ្នាត្រូវហៅសួស វីសា ថាជា”ជំទាវ”បានត្រូវ ។
អ្នកយកព័តមានយើងបានទូរស័ព្ទទៅសួស វីសា កាលពីរសៀលថ្ងៃទី១៥ ខែធ្នូ តែតេចូលជាច្រើនលើកគ្មានអ្នកទទួល ទើបមិនទាន់ទទួលបានចម្លើយពីតារាហង្សមាសរូបនេះថាលោកថមមី ទទួលបានគោរម្យងារពិសេសនេះតាំងពីពេលណាឡើយ ។យ៉ាងណាតាមរយៈការធ្វើជំនួញផ្នែកអចលនទ្រព្យជាង៣ឆ្នាំ និងពេលនេះកាន់តែមមាញឹករឿងរកស៊ីតាមOnline ទាំងប្ដីប្រពន្ធនោះគេជឿរថាលោកថមមី ប្រសិនបើចង់បានងារជាឧកញ៉ា គឺមិនមែនជាបញ្ហាចោទសម្រាប់រូបលោកឡើយ បើទោះជាត្រូវបង់ថវិការចំនួន៥០ម៉ឺនដុល្លារជួយរដ្ឋក្ដី ។ប្រសិនបើដូចអ្វីដែលលោកចំរ៉ុង ប្រកាសមែននោះមានន័យថាលោកថមមី បានក្លាយទៅជាតារាទី៥ដែលឡើងជាឧកញ៉ាបន្ទាប់ពីលោកទុំ សារុត ហៅឧកញ៉ាឃ្លោគ,លាន អាហ្រ្វីលគីនីន ,ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ។ដោយឡែកអតីតតារានិងតារាដែលឡើងងារជាជំទាវមុនសួស វីសា មានដូចជាឱក បូរី ,ពេជ្រ ច័ន្ទបរមី ,ស្រីតូច ចំណាន,ហ៊ឹម ស៊ីវន ,កែវ ពិសី ,ផាន់ ម៉ូនីកា ,ស៊ឹម សូលីកា ,អ៊ឹម សុគន្ធា និងនៅ សុនិតា ជាដើម ។
មជ្ឈដ្ឋានមហាជនមើលឃើញថាពេលនេះសួស វីសា ទោះជាមិនសូវមានបទចម្រៀងលេចធ្លោដូចមុនក្ដី ប៉ុន្ដែនាងកាន់តែមានយីអ៊ុនល្អហើយ ព្រោះបានផ្លាស់ប្ដូរមុខមាត់និងជីវភាពទាំងស្រុងពីធ្លាប់រស់នៅផ្ទះជួល និងជិះម៉ូតូឌុបទៅច្រៀង ប្រែជាមានផ្ទះវីឡារប្រណិតរស់នៅ និងជិះរថយន្តទំនើបៗជាច្រើនគ្រឿងឆ្លាស់គ្នាដូចជាLexus Lx570,Lexus Nx200t ,Mazda និងBmw ជាដើម ហើយឥឡូវមុនឆ្លងឆ្នាំនាងបានឡើងជាជំទាវទៅទៀត ។តែយ៉ាងណាវីសា នៅមានរឿង២ទៀតដែលមិនទាន់បានសម្រេចនោះគឺការទិញរថយន្ដទំនើបក្នុងក្ដីស្រម៉ៃ Rolls Royce និងតំណែងធំនៅហង្សមាសជាថ្មីបន្ទាប់ពីនាងបាត់បង់ការធ្វើជាCoach កម្មវិធីThe Voice Kids Cambodia នៅរដូវកាលទី៣ ។តែអ្វីដែលនាងរីករាយនាពេលនេះគឺជំងឺរលាកបំពង់ករបស់នាងបានធូស្រាលឡើងវិញ ដែលអាចឲ្យវីសា បន្ដអាជីពចម្រៀងជាធម្មតាម្ដងទៀត ក្រោយអាកខានជាង១ឆ្នាំព្រោះជាប់ទៅព្យាបាលនៅពេទ្យថៃ ។ប៉ុន្ដែវីសា នៅពិបាកប្រឈមវាយលុកទីផ្សារចម្រៀងព្រោះនាងនៅតែមានគីឡូមិនទាន់ស្រកចុះដូចការចង់បានរបស់នាងទេ ។
ប្រភពបានឲ្យដឹងថាសួស វីសា នឹងដកឃ្លាពីការសម្ដែងមួយចំនួនដូចជាថតភាពយន្ដ និងរឿងកំប្លែង ប៉ុន្ដែចម្រៀងបន្ដធម្មតា ពោលគឺដូចជំទាវមួយចំនួនទៀតដែរដែលក្រោយមានងារនេះពួកគេខ្លះឈប់ដាច់ពីសិល្បៈ និងមួយចំនួនទៀតកាត់បន្ថយ ។អ្នកសិល្បៈរួមអាជីពនិងទស្សនិកជនខ្លះបានសរសើរពីវីសា ថាជ្រើសស្វាមីត្រូវព្រោះលោកថមមី ផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងទាំងអស់ក្នុងនោះមានដូចជាពេលខ្លះលោកសុខចិត្តធ្វើឆ្កួតជាតែងខ្លួនជាភេទទី៣ (ខ្ទើយ)ជួយLive លក់អ៊ឺវ៉ាន់ប្រពន្ធ ដែលមិនចេះខ្មាសអៀនទេ ដើម្បីបានលុយ ហើយឥឡូវលោកក្លាយទៅជាឧកញ៉ាបាត់ទៅហើយ ចាំមើលអ្នកណាហ៊ានហៅលោកថាពូកែធ្វើខ្ទើយទៀត។ដោយឡែកសម្រាប់គម្រោងយកកូនទី២វិញវីសា នៅមិនទាន់រៀបគម្រោងយកកូនថែមឆាប់ៗនោះទេ ទោះជាពេលនេះកូនស្រីនាងអាយុជាង៣ឆ្នាំ ហើយក្ដី ដែលការពន្យាពេលពពោះនេះដោយសារតែនាងមិនចង់បាត់មុខពីសិល្បៈម្ដងទៀតអំឡុងពេលដែលអាជីពចម្រៀងនៅមិនទាន់ខ្លាំងដូចមុនមានប្ដីនោះនៅឡើយ ៕