Sunday, November 24, 2024
Homeព័ត៌មានសិល្បៈលោកគួច ខេវិន៖"បក់ផ្លិត មិនអាចដោះបំណុល​ធនាគាររួចទេ បើយើងមិនប្រឹងធ្វើការខ្លួនឯង "!!

លោកគួច ខេវិន៖”បក់ផ្លិត មិនអាចដោះបំណុល​ធនាគាររួចទេ បើយើងមិនប្រឹងធ្វើការខ្លួនឯង “!!

ភ្នំពេញ៖លោកគួច ខេវិន ដែលធ្លាប់បានធ្វើតំណើរទៅកម្សាន្ដនៅប្រទេសក្នុងតំបន់អាស៊ី​ជិតខាងខ្មែរ និងប្រ​ទេសប៉ែកអ៊ឺរ៉ុបជាញឹកញាប់នោះ លោកសង្កេតឃើញថាប្រទេសខ្លះប្រជាជនគេធ្វើការលើសពី៨ម៉ោង ទើប​ពលរដ្ឋគេក្លាយទៅជាអ្នកមាន និងអំឡុងពេលដែលគ្រប់គ្នាគិតថាវិបត្តិសេដ្ឋកិច្ច​កំពុងតែវាយលុក​នោះប្រ​ទេស​ខ្លះនៅតែត្រូវការកំលាំងពលកម្ម និងទទួលបានអ្នកទេសចរណ៍បុកក្បាលគ្នាទៀតផង ។ប៉ុន្ដែងាកមកមើលខ្មែរយើងវិញពេលនេះខ្លះជំពាក់បំណុលធនាគារបែជាជឿរទៅលើការបក់ផ្លិត អាចជួយពួក​គេបានទៅវិញ ខណៈដែលមួយចំនួនទៀតផ្សេងសំណាងជាមួយគម្របកំប៉ុងស្រាបៀរ ។លោកបានចេញសារដាស់តឿនដល់ដល់អ្នកដែលលង់លក់ខ្លះខ្វះការពិចារណានោះថាល្មមភ្ញាក់ពីដំណេកទៅ បើមិនជួយខ្លួនឯង ទេព្តាក៏មិនអាចជួយយើងបានដែរ ។

អតីតអគ្គនាយករងទូរទស្សន៍CTN, Sea TV និងEtv រូបនេះថ្លែងសារបង្កប់ទៅដោយការពញាក់ស្មារតីនិងអប់រំ​យ៉ាងជ្រាលជ្រៅថា”ក្រឡេកមើលកៀនកោះ ឆ្វេងស្តាំ លិចកើត មួយត្រួសទៅឃើញមនុស្សម្នាសន្ធឹក​សន្ធាប់​គួរសមនៅតែ”ដេកផ្សំដួល រមួលផ្សំគ្រិច” យកពាក្យវិបត្តិសេដ្ឋកិច្ចសល់ពីកូវីដ រហូតមកដល់សង្គ្រាមអ៊ុយក្រែន ធ្លាយដល់អ៊ីស្រាអែលនឹងហាម៉ាស់ យកមកដាក់បាំងភ្នែកហើយសម្ងំដេកសញ្ជឹងរវើរវាយ ជាមួយជំនឿរ​មិនពិ​ចារណា ។ ចូរក្រឡេកមើលប្រទេសជិតខាងៗយើងផង បើគេជួបវិបត្តិសេដ្ឋកិច្ច ម៉េចបានជាគេខ្វះពលករ ម៉េច​ក៏ទេសចរណ៍សម្រុកចូលមកកំសាន្ត អ្នកវិនិយោគបុកក្បាលគ្នាចូលទៅរកស៊ី ប្លែកអីតែយើង ? យើងតែងយល់ច្រឡំថាសឹង្ហបូរីជាប្រទេសអ្នកមាន ក៏ប៉ុន្តប្រជាជនប្រទេសនោះ គេធ្វើការម្ង៉ៃៗលើសពី8ម៉ោង គ្រួសារនិមួយៗរកតែពេលទទួលទានបាយជុំគ្នាមិនបាន គឺរវល់រៀងៗខ្លួន ចំណែកស្រុកយើងមានអ្នកខ្លះ​ខ្វះ​លុយខ្ចីបុលធនាគារ មីក្រូហិរញ្ញវត្ថុ អត់អីសងក៏រត់ទៅ “បក់ផ្លិត”ឲ្យម្ចាស់បំណុល បរវាសចៀសឆ្ងាយ កុំចូល​មកទារលុយអញ? បើមិនខំធ្វើការរកស៊ី បក់យ៉ាងម៉េចក៏លុយមិនចូល ម្ចាស់បំណុលមិនខ្ទាតចេញដែរ ម៉្ងៃៗចាំ​តែដេកភ័យនឹងគេតេមកទារលុយទៅ?តែមិនរវល់ធ្វើការ ផ្សងវាសនាតែជាមួយគម្របកំប៉ុងស្រាបៀរ? ល្មមភ្ញាក់ទៅកុំលង់លក់យូរពេក គិតមុខគិតក្រោយមុននឹងទៅបក់ផ្លិតស្វែង​រកសំណាងធ្លាក់ពី​លើមេឃ!បើមិន​ជួយ​ខ្លួនឯង ទេព្តាក៏មិនអាចជួយយើងបានដែរ “។

 ការបញ្ចេញទស្សនៈរបស់លោកគួច ខេវិន នាពេលនេះត្រូវនិងបរិបថសង្គមនាពេលបច្ចុប្បន្នដែល​មនុស្សខ្លះ​លង់ជឿរទៅលើអបិយជំនឿរជ្រុលខ្លាំងពេក ខ្វះការពិរណា ទើបធ្វើឲ្យខាតបង់ទាំងទ្រព្យសម្បត្តិ និងពេលវេលា ហើយលុយជំពាក់បំណុលធនាគារនៅតែមិនអាដោះរួច ទោះជាប្រឹងរត់នៅរកអ្នកបក់ផ្លិតអន្ដរាគមន៍​យ៉ាងណាក៍​ទៅមិនរួច។ការឲ្យយោបល់ខ្លះៗរបស់លោកគួច ខេវិន នាពេលនេះចំពេលដែលប្រជាជនកម្ពុជា​មួយចំនួនកំពុង​ជំ​ពាក់​លុយធនាគារ ហើយមិនប្រឹងខំធ្វើការរកលុយដោះបំណុលដោយខ្លួនឯង បែជាពឹងទៅលើបក់ផ្លិតទៅវិញ ទើបលោកហួសចិត្តព្រោះថាអំឡុងពេលដែលយើងកំពុងតែផ្អើលរឿងបក់ផ្លិតនេះប្រទេសជិតខាងកម្ពុជាកំពុងតែទទួលបានអ្នកវិនិយោគ និងទេសចរណ៍ពីអ៊ឺរ៉ុប សម្រុកចូល ប៉ុន្ដែយើងបែជាផ្អើលរឿងបក់ផ្លិតទៅវិញ ។

សាររបស់លោកគួច ខេវិន នេះទទួលបានការគាំទ្រពីអ្នកសិល្បៈនិងFan របស់លោកជាច្រើន ខណៈដែលមុន​នេះ​​អតីត​តារា​សម្ដែងទសវត្សន៍ទី៨០ និង៩០ អ្នកនាងកែវ កល្យាណ ដែលត្រូវបានគេចាត់ទុកថាជាកំពូលតារា​សម្ដែងដែលមានបទពិសោធន៍យ៉ាងជោគជាំនោះស្រាប់តែលាន់មាត់សរសើរកូនសិស្សព្រះអង្គ វនវាសី ចន្ទមុនី ថា”សម្ដែងសាហាវ “ខ្លាំងណាស់។សម្រាប់លោកគួច ខេវិន លោកមិនបានជំទាស់ទៅនិងអ្នកដែល​មានជំ​នឿរលើព្រះអង្គ វនវាសី ចន្ទមុនី នោះទេព្រោះពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការជឿរឬមិនជឿរ ប៉ុន្ដែលោកខេវិន គ្រាន់តែរំលឹកដល់អ្នកដែលងប់ងល់ទាំងឡាយថាកុំឲ្យលង់លក់យូពេក ក្រឡេកមើលប្រទេសជិតខាង​គេដើរ​ដល់​ណាហើយ ។លោកក៍បានសង្កត់ថា”បក់ផ្លិតស្វែងរកសំណាងធ្លាក់ពីលើមេឃ!បើមិន​ជួយខ្លួនឯង ទេព្តាក៏​មិន​អាចជួយយើងបានដែរ”៕

RELATED ARTICLES