Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនមេធាវីបើកឡានបុកគេស្លាប់ តុលាការចេញ ដីកាបញ្ជាឲ្យចូលខ្លួន

កូនមេធាវីបើកឡានបុកគេស្លាប់ តុលាការចេញ ដីកាបញ្ជាឲ្យចូលខ្លួន

ភ្នំពេញ ៖ លោកប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានចេញដីកាបញ្ជាឱ្យអ្នកបើករថយន្ត Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ចូល ខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីគេចវេះមិនទទួលខុសត្រូវ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យ អ្នកដទៃស្លាប់។

ដីការបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកំណត់ឱ្យជនបង្កហេតុឈ្មោះព្រហ្ម វិចិត្រ សុសក្តា អាយុ២៣ឆ្នាំ បង្ហាញខ្លួននៅតុលាការ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ។ ក្នុងដីកាដដែល បានកត់សម្គាល់ថា ដីកានេះអនុញ្ញាតឱ្យមន្ត្រីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យបុគ្គលព្រហ្ម វិចិត្រសុសក្តា ចូលបង្ហាញខ្លួនបាន។

លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ថា “ចំពោះករណី គ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការ បានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យ បង្ហាញ ខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអានុភាពបញ្ជាឱ្យកម្លាំង សមត្ថកិច្ច ស្វែងរកនិងនាំខ្លួនជនសង្ស័យមកកាន់ អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន…”។

លោក ជិន ម៉ាលីន បានបញ្ជាក់បន្តថា “ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវនិងធ្វើការ ដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់”។

បន្ទាប់ពីបានឃើញពន្លឺនៃយុត្តិធម៌សម្រាប់ប្តីរបស់ខ្លួន ស្ត្រីជាភរិយារបស់ជនរងគ្រោះ បានសរសេរក្នុងគណនី ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ថា “ប្តីសម្លាញ់ ប្តីប្រាប់អូនថា ប្តីមានមោទនភាពណាស់ដែល បានកើតមកជាជនជាតិខ្មែរ ប្តីបានបង្កើតស្នាដៃជូនប្រទេសមួយនេះ ហើយបានបម្រើការងារជូនរដ្ឋ ជូនប្រទេស ជាតិ ព្រោះប្តីស្រលាញ់ប្រទេសមួយនេះណាស់ ប្តីអើយ ប្តីឃើញទេ មហាជនមួយប្រទេស កំពុងរកយុត្តិធម៌ ជូនប្តីវិញហើយ…”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ភរិយាជនរងគ្រោះខាងលើ ដែលកើតទុក្ខមិនសុខចិត្តចំពោះ ករណីជនបង្កហេតុបើកឡានបុកប្តីនាងស្លាប់ និងតែងដង្ហោយរកយុត្តិធម៌នោះ បានសរសេរក្នុងគណនីហ្វេស ប៊ុករបស់ខ្លួនថា “ឱ្យ១០០០ដុល្លារ បញ្ចប់រឿង ឱ្យទៅដកពាក្យបណ្តឹងវិញ ដោយលើកឡើងថា មិនមែនកូនខ្លួនជា អ្នកបើក តៃកុងឡានជាអ្នកបើក ពេលនេះអាកូនពូជរបស់ខ្លួន កំពុងរន្ធត់ សន្លប់៣ដងហើយ ហើយហ៊ាននិ យាយថា រូបភាពតាមកាមេរ៉ា ជារូបភាពកាត់តទៀត…”។

បន្ទាប់មក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ត្រីជាភរិយាជនរងគ្រោះ បានសរសេរបន្ថែមថា “លោកព្រហ្ម វិចិត្រ សុភា លោកចូលបុណ្យសព ១០០០ដុល្លារ ហើយលោកសូមឱ្យដកពាក្យបណ្តឹង បើមិនដក នឹងខូចអនាគតទាំង សងខាង លោកចង់គំរាមហ៎? ហើយលោកមកប្រាប់ពួកខ្ញុំដែលជាគ្រួសារសព ឱ្យកាត់ចិត្តទៅ? លោកព្រហ្ម វិចិត្រសុភា ខ្ញុំឱ្យលោកបែបហ្នឹងវិញ លោកព្រមអត់? បើសិនជារូបសព ជារូបកូនលោក តើលោកមាន អារម្មណ៍ បែបណា? លោកកាត់ចិត្ត និងទទួលយកបានទេ? លោកនិងក្រុមគ្រួសារ ជាពិសេសកូនរបស់លោក ព្រហ្ម វិចិត្រសុសក្តា (ឃាតករ) តើលោកហែលទឹកភ្នែកពួកខ្ញុំរួចទេ? ខ្ញុំមិនឱ្យប្តីល្អរបស់ខ្ញុំស្លាប់ទៅបែបនេះទេ យុត្តិ ធម៌ត្រូវតែមានសម្រាប់ប្តីខ្ញុំ បាបបកម្មនឹងធ្លាក់ទៅលើលោក និងក្រុមគ្រួសារលោក ជាពិសេស អាឃាតករ អាតិរច្ឆាន…”។

ស្ត្រីជាភរិយាជនរងគ្រោះ បានសរសេរបន្ថែមទៀត នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ថា “ប្តីសម្លាញ់ បងជាបុរសល្អ ប្តីល្អ បងប្រុសល្អ កូនល្អ ពលរដ្ឋល្អ ដែលសាងស្នាដៃជូនប្រទេសជាតិ និងសាងសមិទ្ធផលច្រើនលើសលប់ជូន គ្រួសារនិងប្រពន្ធកូន ប្តីល្អរបស់អូន បងជាធនធានដ៏ល្អ របស់សង្គម និងគ្រួសារ ប្តីសម្លាញ់ យុត្តិធម៌សម្រាប់ប្តី ត្រូវតែមាន មនុស្សជាច្រើន ចាំរកយុត្តិធម៌ជូនប្តី មិនឱ្យក្មេងពាលបើកឡានប្រដេញគ្នាលេងនោះ រួចខ្លួនឡើយ ប្តីត្រូវតែទទួលបានយុត្តិធម៌ ឃាតករត្រូវតែទទួលទោសមុខសំណាញ់ច្បាប់ ច្បាប់ត្រូវផ្តន្ទាទោសដល់វាឱ្យស័ក្តិ សមនូវអ្វីដែលវាធ្វើមកលើស្វាមីដ៏ល្អរបស់ខ្ញុំ…”។

គួររំលឹកថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ មានហេតុការណ៍គ្រោះថ្នាក់ចរា ចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅតាមបណ្តោយផ្លូវលេខ៥៦៦ កែងនឹងផ្លូវលេខ៣១៧ ស្ថិតក្នុងសង្កាត់ បឹងកក់ទី១  ខណ្ឌទួលគោក ដោយបុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវតែម្នាក់ឯង ដល់ត្រង់ចំណុចផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តស៊េរីទំនើប ១គ្រឿង បើកក្នុងល្បឿនលឿនដូចហោះ បោះពួយមកបុកពេញទំហឹង ធ្វើឱ្យជនរងគ្រោះប៉ើងខ្ទាតបោកក្បាលធ្លាយខួរស្លាប់នៅខាងមុខហាងមួយកន្លែង យ៉ាងអាណោចអាធ័ម។ ចំណែកអ្នកបើកបររថយន្ត និងអ្នករួមដំណើរ សរុប៣នាក់ បានចុះមើលជនរងគ្រោះមួយភ្លែត រួចឡើងរថយន្ត គ្នីគ្នាគេចចេញបាត់ភ្លាមៗ។

សពជនរងគ្រោះ ដែលត្រូវរថយន្តស៊េរីទំនើបបុកស្លាប់ មានឈ្មោះសៀង គឹមហុង ភេទប្រុស អាយុ២៩ឆ្នាំ ជាកីឡាករវាយសីជម្រើសជាតិ មួយរូបស្នាក់នៅផ្ទះលេខ១១អឺ០ ផ្លូវ២៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ចំណែករថយន្តបង្កហេតុ ត្រូវបានគេដឹងថា មានម្ចាស់ឈ្មោះសុខ លីណា ភេទស្រី អាយុ៤៨ឆ្នាំ មានអាស យដ្ឋានផ្ទះលេខ ៥២ដេ ផ្លូវលេខ៦៣ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ជាភរិយា របស់មេធាវីម្នាក់។ ចំណែកឯកសារដែលបន្សល់ទុកនៅក្នុងរថយន្ត មានឈ្មោះព្រហ្ម វិចិត្រសុសក្តា ដែលជា កូនប្រុសរបស់មេធាវី ព្រហ្ម វិចិត្រសុភា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ម៉ាក Jeep ចំនួន ២គ្រឿង ក្នុងនោះ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 និង ១គ្រឿងទៀត មិនចាំស្លាកលេខ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងទិសដៅពីជើង  ទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ត្រង់ចំណុចផ្លូវបំបែកជាបួន កែងនឹងផ្លូវលេខ៥៦៥ ទីតាំងកើតហេតុខាងលើ ស្រាប់តែរថយន្ត Jeep ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បានបុកម៉ូតូ ១គ្រឿង ម៉ាក Honda Click ពាក់ស្លាកលេខ ភ្នំពេញ 1DF-5396 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីកើត ទៅលិច ចំពីចំហៀង ពេញទំហឹង ធ្វើឱ្យផ្លោងជនរងគ្រោះទៅមុខហាងមួយកន្លែង ក្បែរនោះ បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែង កើតហេតុយ៉ាងអាណោចអាធ័ម។

ប្រភពដដែល បន្តថា ភ្លាមៗនោះ បុរស៣នាក់ បានចុះពីលើរថយន្តបង្កហេតុ មកមើលជនរងគ្រោះ មួយសន្ទុះ ចំណែករថយន្តស៊េរីទំនើបម៉ាក Jeep ១គ្រឿងទៀត បានឈប់ចាំ។ ក្រោយមក នៅពេលឃើញមានការភ្ញាក់ ផ្អើលឆោឡោកាន់តែខ្លាំង ទើបបុរសទាំង៣នាក់នោះ បាននាំគ្នាឡើងជិះរថយន្ត Jeep របស់គ្នីគ្នា ដែលឈប់ចាំ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗតែម្តង៕

RELATED ARTICLES