ភ្នំពេញ៖ចាន់ សុបញ្ញា ម្ចាស់ពានX Factor Cambodia រដូវកាលទី១ របស់ហង្សមាសត្រូវបានបណ្ដាញសង្គមជាច្រើនផ្សព្វផ្សាយថាតារាវ័យក្មេងរូបនេះកំពុងតែមានជំងឺទឹកនោមប្រៃប្រចាំកាយធ្វើទុក្ខខ្លាំងរហូតនាំឲ្យរំខានដល់អាជីពចម្រៀងរបស់គេទៀតផង ដោយសារតែតាំងពីកើតជំងឺមួយនេះបញ្ញា មិនសូវមានកំលាំងពេញក្នុងការច្រៀងសម្ដែងនិងបញ្ចេញសម្ថភាពអស់ពីខ្លួន។យ៉ាងណាបញ្ញា នៅតែជម្នះបន្ដទាំងអាជីពចម្រៀង និងការសិក្សារ។ប្រភពបានឲ្យដឹងថាតារាចម្រៀងរួមអាជីពនៅហង្សមាសមានការអាណិតសុបញ្ញា គ្រប់គ្នាព្រោះថានៅក្មេងសោះបែជាមានជំងឺកាចសាហាវមួយនេះជាប់ខ្លួន ។
អ្នកយកព័តមានយើងមិនអាចទាក់ទងចាន់ សុបញ្ញា បានទេកាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ប៉ុន្ដែអ្នកដឹកនាំសម្ដែងហង្សមាសលោកកៅ សីហា បានប្រាប់តាមទូរស័ព្ទនៅថ្ងៃដដែលនេះថាបញ្ញា ពិតជាកើតជំងឺនេះមែន តែមិនមែនទើបតែថ្មីៗនេះទេ គឺកើតជាយូឆ្នាំមកហើយ។លោកសីហា បន្ថែមថាដោយសារតែបញ្ញា មានជំងឺមួយនេះទើបញាំបានតែអាហារណាដែលសាបៗដូចជាពងទាស្ងោរជាដើម ហើយម្ហូបណាមានជាតិប្រៃមិនអាចទទួលទានបានឡើយ ។
តាមព័តមានថាចាន់ សុបញ្ញា បានកើតជំងឺនេះរយៈពេល៣ឆ្នាំមកហើយ ដែលជាប្រចាំថ្ងៃរូបគេញាំអាហារបានតែម្ហូបសាបៗប៉ុណ្ណោះ តែការច្រៀងសម្ដែងរបស់គេនៅលើឆាកមើលទៅនៅតែដូចអ្នកមានកំលាំងពេញដែរ ។ក្រុមគ្រួសារសុបញ្ញា បានលើកទឹកចិត្តដល់តារាហង្សមាសរូបនេះឲ្យប្រឹងប្រែងពង្រឹងអាជីពចម្រៀងឲ្យល្បីឈ្មោះថែមទៀតនិងថាជំងឺមួយនេះមិនអាចបង្អាក់តំណើរឲ្យបញ្ញា បោះបង់ការងារសិល្បៈរបស់គេបានឡើយ ។
សូមបញ្ជាក់ថាក្រៅពីចាន់ សុបញ្ញា តារាចម្រៀងហង្សមាសដែលមានជំងឺនិងប្រឹងច្រៀងសម្ដែងទាំងមិនទាន់ជាជំងឺដាច់នោះមានដូចជាពេជ្រ សោភា កើតជំងឺឈាមសស៊ីឈាមក្រហម ,វី ឌីណែត កើតជំងឺពកក និងសួស វីសា ទើបធូស្រាលពីជំងឺរលាកបំពង់កដ៍ធ្ងន់ធ្ងរ។ប៉ុន្ដែតារាខាងលើនៅតែចេញច្រៀងជាធម្មតា បើទោះជាមានតារាខ្លះត្រូវលេបថ្នាំអស់មួយជីវិតក៍ដោយ។
ចាន់ សុបញ្ញា ក្រោយពីក្លាយទៅជាម្ចាស់ពានX Factor Cambodia រដូវកាលទី១ កាលពីចុងឆ្នាំ២០១៩ នោះរូបគេបានចេញបទចម្រៀងផ្ទាល់ខ្លួននៅហង្សមាសដូចជាបទ”ស្រលាញ់អ្នកណា ក៍គេមានសង្សារ”,”បែកគ្នាយូរមុខអូនឡើងចាស់”,”វ័យពេញគេបោក” និងបទ”ស្ដាយអូនខ្មៅ”ជាដើម។តារាវ័យក្មេងសុបញ្ញា ធ្លាប់ទទួលរងការរិះគន់ច្រើនថាលោកច្រៀងមិនកើតតែជាប់ពាន ពោលគឺចាញ់អ្នកធ្លាក់ខ្លះក្នុងការប្រលងកម្មវិធីជាមួយគ្នាទៀតផង ។តែអ្នកជំនាញសិល្បៈបានប្រាប់អ្នកយកព័តមានយើងថាដោយសារតែបញ្ញា នៅក្មេង ហេតុនេះសម្ថភាពសម្លេងនៅតែអាចប្រែប្រួលបានពេលដែលលោកចូលដល់ពេញវ័យ។
សូមរំលឹកថាចាន់ សុបញ្ញា ច្រើនតែច្រៀងនិងលេងស្ទីលតាមខេមរៈ សិរីមន្ដ តែសម្លេងរបស់គេក៍អាចច្រៀងបទលោកព្រាប សុវត្ថិ និងតារាផ្សេងៗទៀតបានដែរ ។ដោយសារតែហង្សមាសប្រជុំទៅដោយតារាកាន់តែច្រើនឡើងជាន់គ្នានោះសុបញ្ញា ពិបាកដណ្ដើមភាពលេចធ្លោនៅផលិតកម្មធំមួយនេះ ហើយក៍មិនសូវបានចេញច្រៀងតាមឆាកធំៗញឹកញាប់ដែរ។តែអ្នកដឹកនាំប្រគុំតន្ត្រីម្នាក់នៅហង្សមាសបានឲ្យដឹងថាការដែលបញ្ញា មានមុខច្រៀងលើឆាកធំៗ ឬមិនសូវមាននោះគឺនៅលើខាងSponsors ជាអ្នកកំណត់ មិនមែនអ្នកហៅឬដាក់តួមានខ្សែ ឬផ្អិបតារាកំពុងកើតជំងឺទឹកនោមប្រៃនេះឡើយ។ពួកគេនិយាយថាបញ្ញា ធ្លាប់នៅវត្តហេតុនេះជាក្មេងដែលស្លូតបូតនិងចេះគោរពរៀមច្បងទៀតផង។តែការចេញបទចម្រៀងរបស់បញ្ញា នៅលើទីផ្សារមានកម្រិតនេះគឺដោយសារតែហង្សមាសមានតារាច្រើនអីចឹងបទចម្រៀងត្រូវវិលជុំ ហេតុនេះបញ្ញា ឬតារាផ្សេងៗទៀតរបស់ហង្សមាសបើចង់បានបទចេញច្រើនខាងផលិតកម្មបើកដៃឲ្យធ្វើខ្លួនឯងបន្ថែមឲ្យតែធ្វើទៅល្អ។យ៉ាងណាសម្រាប់សុបញ្ញា វិញអាចនឹងត្រូវការបង្ហាញសម្ថភាពពិតឲ្យទស្សនិកជនឲ្យឃើញច្បាស់ជាងនេះបន្ថែមទៀតទើបអាចលុបដានរឿងគេចោទថាម្ចាស់ពានច្រៀងមិនសូវពិរោះនេះបាន ៕