ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូម្នាក់ ១គ្រឿង ចេញធ្វើសកម្មភាពឆក់តាមដងផ្លូវ ដោយក្នុងនោះ ម្នាក់ឆក់ ២នាក់ចាំបិទគូទ លុះក្រោយពីឆក់ទូរស័ព្ទនារីម្នាក់បានសម្រេច ក៏ព្យាយាមជិះរត់គេចខ្លួន តែមិន បានប៉ុន្មានម៉ោង ត្រូវកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យជាអ្នកបិទគូទ បានម្នាក់ ខណៈបក្ខពួក២នាក់ទៀត បានរត់គេចបាត់អស់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅ ចំណុចមុខគ្លីនិកឯកជន សុខាកំបូល លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល។ លុះមកដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃដដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ (អ្នកបិទគូទ) នៅចំណុចមុខផ្ទះលេខ 11CD ផ្លូវលេខ៥៧៨ ក្រុមទី៥១ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ជនសង្ស័យទាំង៣នាក់ រួមមាន ទី១-ឈ្មោះសុខ លី ហៅលី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ជាអ្នកជិះបិទគូទ (ឃាត់ខ្លួន)។ ទី២-ឈ្មោះអាកណ្តុរ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកដៃដល់ (គេចខ្លួន) និងទី៣-ឈ្មោះអាតូ ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកជិះបិទគូទ (គេចខ្លួន)។ ចំណែកជនរងគ្រោះ មានឈ្មោះ CHONTICHA ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកក្រុមហ៊ុន។

ចំណែកវត្ថុតាងចាប់យក រួមមាន ម៉ូតូ ១គ្រឿង ម៉ាក Honda Scoopy ស៊េរី២០២៣ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KG-2328 លេខតួ 5218682 លេខម៉ាស៊ីន 1218682 និងទូរស័ព្ទដៃ ១គ្រឿងម៉ាក iPhone 12Pro Max ពណ៌ត្នោត (ជាជនសង្ស័យ)។

ជនសង្ស័យខាងលើ ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌកំបូល ជាម្ចាស់ករណីដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួក២នាក់ទៀត សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមចាប់ខ្លួន៕
