Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆេះសំណង់អគារ៥ជាន់ បាញ់ទឹកពន្លត់ ជិត២០០ ឡាន

ឆេះសំណង់អគារ៥ជាន់ បាញ់ទឹកពន្លត់ ជិត២០០ ឡាន

ភ្នំពេញ ៖ ករណីគ្រោះអគ្គិភ័យឆាបឆេះអគារកំពុងសាងសង់ យីហោ SKY CITY (ជាន់ទី៣ ដល់ជាន់ទី៥) តាមផ្លូវរដ្ឋសភា ស្ថិតក្នុងក្រុមទី១ ភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីវេលាម៉ោង ៩និង​៤០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញបាន​ប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ប្រមាណជិត ២០០ឡាន ប៉ុន្តែមិនទាន់អាចគ្រប់គ្រងស្ថានការណ៍​បានទាំង​ស្រុងនៅឡើយ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា តំណាងម្ចាស់ទីតាំងដែលរងការឆាបឆេះខាងលើ មានឈ្មោះ ZHANG JUNRONG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE.2875922 មុខរបរអ្នកគ្រប់គ្រង ស្នាក់នៅផ្ទះកម្មករ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ ចំណែកទំហំអគារសរុប មានប្រវែង៥០​ម៉ែត្រ គុណនឹង ៣០ម៉ែត្រ មានកម្ពស់៥ជាន់ ធ្វើអំថ្មបេតុង និងឈើពិតានកុងប្លាកេ។

សម្ភារខូចខាតពីជាន់ទី៣ ដល់ជាន់ទី៥ មិនទាន់ដឹង និងមិនមានមនុស្សរងគ្រោះ និងរបួស ព្រមទាំងមិន​ឆេះ​រាលដាលដល់លំនៅឋានអ្នកជិតខាងនោះទេ។

តាមការបំភ្លឺពីឈ្មោះផែន បញ្ញារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាសន្តិសុខ បានប្រាប់សមត្ថកិច្ចថា នៅមុន​ពេលកើតហេតុ ខ្លួនកំពុងយាមមើលការខុសត្រូវនៅជាន់ទី៣ ចាប់ម៉ោង៦ព្រឹកដូចសព្វដង រហូតដល់ម៉ោងកើត​ហេតុ ស្រាប់តែមានឈ្មោះលិន គឹមហួង ភេទប្រុស មុខរបរសន្តិសុខរួមការងារជាមួយគ្នា បានបោះដៃតាម​វិទ្យុទាក់ទងមកប្រាប់ថា មានផ្សែងហុយចេញពីលើពិតាន និងតាមបំពង់ម៉ាស៊ីនត្រជាក់ នៅជាន់ទី៣។ ភ្លាមនោះខ្លួន បានស្ទុះពីលើជាន់ទី៤ មកជាន់ទី៣ ក៏មើលឃើញមានផ្សែងហុយចេញពីលើពិតាន និងតាមបំពង់​ម៉ាស៊ីនត្រជាក់មែន ពេលនោះពួកខ្លួនក៏បាននាំគ្នាចាប់គាស់ហែកពិតាន រួចយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ ដើម្បីពន្លត់ អស់ជាច្រើនបំពង់ នៅតែមិនបាត់ផ្សែង ហើយកាន់តែហុយខ្លាំងឡើងៗ។ ដោយទ្រាំនូវផ្សែងមិនបាន ទាំងបុគ្គលិក ទាំងកម្មករ ក៏បានឆោឡោឡើង រួចបាននាំគ្នារត់ចុះចេញមកក្រោមអស់ និងបានរាយការណ៍​មក​សមត្ថកិច្ច។ បានបន្តិចក្រោយមក មានរថយន្តពន្លត់អគ្គិភយ័របស់សមត្ថកិច្ច មកដល់ ចាប់ផ្តើមអន្តរាគមន៍​បាញ់ទឹកពន្លត់ ប៉ុន្តែនៅមិនរលត់ ដោយពិបាកចូល រហូតដល់ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ក៏នៅមិនទាន់រលត់​ទាំងស្រុងនៅឡើយ។ ចំពោះមូលហេតុឆេះ ពុំទាន់ដឹងនៅឡើយ កំពុងស្រាវជ្រាវបន្ត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញបាន​បញ្ជូន​រថយន្តពន្លត់អគ្គិភ័យ ចំនួន៣៣គ្រឿង ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិ​ភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានី ចំនួន១៨គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន៤​គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះនរា ចំនួន២គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព្យ៉ា ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ជ្រោយចង្វា ចំនួន៧គ្រឿង ដោយបានប្រើប្រាស់​ទឹកអស់សរុប​ចំនួន ១៨៨ឡាន។

យ៉ាងណា មកដល់ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាលយ័ជំនាញពន្លត់អគ្គិភ័យកំពុងដំណើរ​ការបាញ់​ទឹកបន្តនៅឡើយ៕

RELATED ARTICLES