ខេត្តព្រះសីហនុ ៖ មន្ត្រីមូលដ្ឋាន បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ថា ខ្យល់ព្យុះរដូវរំហើយ បាន ចាប់ផ្តើមបោកបក់ពីជើងភ្នំកំចាយ តាំងពវេលារំលងអធ្រាត្រ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយស្ថានភាពខ្យល់បានបក់បោកតាមបណ្តាឃុំមួយចំនួន ពិសេសបណ្តាឃុំជាប់ផ្លូវជាតិលេខ៣ ស្ថិតក្នុង ស្រុកព្រៃនប់ ធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅតាមឃុំជាប់ផ្លូវជាតិលេខ៣ មានឃុំសាមគ្គី ឃុំទឹកល្អក់ និង ឃុំទឹកថ្លា ប្រមាណជាង ៤០០ខ្នង រងផលប៉ះពាល់ ដែលភាគច្រើនសុទ្ធសឹងតែប៉ើងដំបូល។
គិតមកត្រឹមវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នៅឃុំទឹកថ្លា ខ្យល់ព្យុះបានបោកបក់ ប៉ើងដំបូល ផ្ទះប្រជាពលរដ្ឋ ជាង ៤០០ខ្នង ក្នុងនោះដួលរលំ មួយខ្នង នៅឃុំសាមគ្គី ខ្យល់ព្យុះបានបោកបក់ប៉ើងដំបូលផ្ទះ ខូចខាត ចំនួន៧៦ខ្នង នៅឃុំទឹកល្អក់ ខ្យល់ព្យុះបានបោកបក់ប៉ើងដំបូលផ្ទះខូចខាត ចំនួន៤៣ខ្នង។
ទាក់ទិននឹងខ្យល់ព្យុះបោកបក់ខាងលើនេះ នៅមិនទាន់ដឹងថា ស្ថានភាពខ្យល់រដូវនេះ មានរយៈពេលខ្លីឬយូរថ្ងៃ ឬអាចបង្កជាបញ្ហាប៉ះពាល់បន្ថែមកម្រិតណានៅឡើយ។ ប៉ុន្តែជាមួយគ្នានេះ អាជ្ញាធរបានអំពាវនាវដល់ ប្រជា ពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចគ្រប់មូលដ្ឋាន បន្តតាមដានសភាពការណ៍ ដើម្បីជួយប្រជាពលរដ្ឋ ក្នុងករណីខ្យល់រដូវរំហើយចុងឆ្នាំនេះ មានឥទ្ធិពលខ្លាំង។
សូមបញ្ជាក់ថា នេះជាខ្យល់រដូវរំហើយ ដែលតែងតែកើតមានជារៀងរាល់ឆ្នាំ នៅក្នុងតំបន់ឃុំខាងលើ ក្នុងស្រុក ព្រៃនប់ ខេត្តព្រះសីហនុ៕