ភ្នំពេញ៖ខេម ធ្លាប់ជាតួអង្គសំខាន់ជាងគេពោលគឺជាតួឯករបស់Galaxy មុនពេលដែលព្រាប សុវត្ថិ មករួមរស់ជាមួយGalaxy នៅខែ៨ ឆ្នាំ២០២០ និងខេមរៈ សិរីមន្ដ មកតាមនៅខែ១ ឆ្នាំ២០២៣ ប៉ុន្ដែពេលនេះ អ្វីៗហាក់មានការប្រែប្រួលដូចការព្យាករណ៍ ព្រោះខេម ប្រៀបបានកំពុងដើរជាន់បន្លារដោយសារតែផ្លូវក្នុងការឈានទៅឈនៅលំដាប់លេខ១របស់ផលិតកម្មមួយនេះជួបឧបស័គ្គធំ ហេតុនេះហើយបានជាលេចឭថាខេម ចាត់ទុកលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ជារនាំង ឬបន្លារក្នុងកែវភ្នែកដែលធ្វើឲ្យរូបគេមិនអាចនាំមុខគេបានទៀត។ប៉ុន្ដែក្នុងជំនួបជាមួយអ្នកយកព័តមានយើងខេម ថាលោកមិនដែលចាត់ទុកលោកព្រាប សុវត្ថិ ជាបន្លារក្នុងកែវភ្នែកដូចគេសន្និដ្ឋាននោះម្ដងណាឡើយ ។លោកថាតារាទាំងអស់Galaxy ស្រលាញ់រាប់អានគ្នាដូចបងប្អូន ។តែការលើកឡើងរបស់ខេម បែបនេះគឺហាក់ផ្ទុយគ្នាទៅនិងតារាម្នាក់ នៅថោន ដែលធ្លាប់ស្និតស្នាលខេម នោះថាលោកសុណារិន មិនដែលចង់ធ្វើជាតួរងម្ដងណា ឡើយ ។
គូរកត់សម្គាល់ថានៅចុងឆ្នាំ២០២៣ នេះខេម រក្សារភាពស្ងៀមស្ងាត់មិនទាន់បញ្ចេញអ្វីដែលថ្មីដើម្បីដណ្ដើមភាពលេចធ្លោដូចមុនទេ ខណៈដែលព្រាប សុវត្ថិ បង្អួតRolls Royce ថតMVថ្មី បទចាស់លោកនៅហង្សមាស(Cover)បទ”ចាំទឹកភ្នែកបងស្ងួតសិន” ទប់ទល់ជាមួយខេមរៈ សិរីមន្ដ បទ”Call Me PaPa “ លេងឡានម៉ាកRolls Royce ដូចគ្នា។សម្រាប់ខេមជាតារាល្បីម្នាក់ដែររបស់Galaxy នៅមិនទាន់ចេញបទណា១តទល់បទចម្រៀងរៀមច្បងខាងលើនេះទេ បើទោះជាមុននេះលោកល្បីបទ”ចែសារុង ក្រហម”ក៍ដោយ។
អ្នកជំនាញសិល្បៈបានលើកឡើងថាខេម ទទួលស្គាល់ថារៀមច្បងទាំងពីរព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ល្បីមុនខ្លួន ហេតុនេះលោកប្រាកដជាបានដឹងខ្លួនច្បាស់ថាថៅកែនឹងមិនលើកលោកឲ្យនៅលើឬខ្ពស់ជាងតារាលោកសុវត្ថិ និងប៊ុនថៃ នោះទេ ។យ៉ាងណាខេម អាចឈនៅលើតារាប្រុសផ្សេងៗទៀតរបស់Galaxy ក្រៅពីរៀមច្បងទាំងពីរ លោកនៅតែស្ថិតក្នុងចំណោមតារាលំដាប់ជូរមុខរបស់ផលិតកម្មមួយនេះទាំង៤ដួងដដែលគឺព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ និងតន់ ច័ន្ទសីម៉ា និងរូបលោក។
អ្នកជំនាញធ្វើភ្លេងម្នាក់បានលើកឡើងថាទោះជាGalaxy មានសុទ្ធតែតារាប្រុសល្បីៗក្នុងកណ្ដាប់ដៃក្ដី ប៉ុន្ដែលោកថាខេម នៅតែមានទីផ្សារដដែល ព្រោះស្ទីលច្រៀងស្អកៗតែពិរោះគ្មានតារាវ័យក្មេងណាអាចផ្ដួលលោកបានទេ ។តែComposer រូបនោះទទួលស្គាល់ថាខេម ពិតជាពិបាកជ្រើសផ្លូវដើរមែន ដោយសារតែត្រូវទប់ជាមួយព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅផលិតកម្មតែមួយ ហេតុនេះបើថៅកែលើកតារាណាម្នាក់ខ្លាំងពេក អត់លើកស្មើគ្នា អាចមានអ្នកដើរចេញ ។
សូមបញ្ជាក់ថាទោះជាខេម មិនទាន់បង្អួតរថយន្ដទំនើបម៉ាកRolls Royce ក្ដីតែពេលនេះលោកជិះរថយន្ដម៉ាកRange Rover និងរស់នៅផ្ទះវីឡារយ៉ាងប្រណិត ពោលគឺអាជីពចម្រៀងធ្វើឲ្យរូបគេផ្លាស់ប្ដូរ៣៦០ដឺក្រេ ព្រោះពីមុនលោកធ្លាប់ជាអ្នករត់ម៉ូតូឌុប និងដេកតាមសួនច្បារម្នាក់ប៉ុណ្ណោះ តែបច្ចុប្បន្នលោកក្លាយទៅជាតារាលំដាប់ជូរមុខម្នាក់ដែលអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារនៅ១រដូវក្ដៅ ។ប៉ុន្ដែរឿងមួយដែលខេម មិនទាន់អាចធ្វើបានដូចតារារួមអាជីពនោះគឺការដឹកដៃកំពូលស្នេហ៍អាណិកជនខ្មែរនៅបារាំងអ្នកនាងស្រីកា រៀបការតាមប្រពៃណីខ្មែរ បន្ទាប់ពីពួកគេបានចាប់ដៃគ្នាជិត១០ឆ្នាំមកនេះ បើទោះជាខេម ធ្លាប់និយាយថាលោកនឹងរៀបការឆាប់ៗ ពោលគឺមិនខ្លាចធ្លាក់កូដដោយសារតែការប្រពន្ធក្ដី តែការកំណត់ថ្ងៃក្រាបផ្ទឹមជាក់លាក់នៅតែអត់ដំណឹងដដែល ។
ក្រៅពីខេម តារាដែលសាងស្នេហ៍ជាមួយនារីអាណិកជនមានដូចជាលោកស៊ុក សុភា ,រិន សាវ៉េត ,ហង្ស ឈា ,ខៃ ប្រសិទ្ធ ,យស បូវណ្ណៈ ,ខៀវ សំភេទ និងនៅ ស៊ីនឿន ជាដើម ។
មជ្ឈដ្ឋានមហាជនរងចាំមើលថាក្រោយព្រាប សុវត្ថិ -ខេមរៈ សិរីមន្ដ លេងMV ថ្មីបង្អួតសុទ្ធតែរថយន្ដRolls Royce បុកគ្នាបែបនេះតើខេម នឹងទប់ទល់ដោយរបៀបណា ?