Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសបំភ្លឺ ករណីពិន័យអ្នកជិះម៉ូតូស្រវឹង ១លានរៀល

ប៉ូលិសបំភ្លឺ ករណីពិន័យអ្នកជិះម៉ូតូស្រវឹង ១លានរៀល

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើការបំភ្លឺតបទៅនឹងការផ្សព្វផ្សាយព័ត៌មាន នៅក្នុងបណ្តាញសង្គម ទាក់ទងការឃាត់ បុរសម្នាក់ មានស្ថានភាពស្រវឹងនិងមានជាតិអាកុល ០,៦៩ មីលីក្រាមក្នុងមួយលីត្រខ្យល់ នៅខណ្ឌដង្កោ និងការ ពិន័យជាប្រាក់ ១លានរៀល។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចមុខសាលាខណ្ឌដង្កោ ផ្លូវលេខ២១៧ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អំឡុងពេលសមត្ថកិច្ចអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក មានបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CS-1350 បើកបរដោយឈ្មោះភិន ច័ន្ចរិទ្ធ ភេទប្រុស មុខរបរមន្ត្រីរាជការ បើកបរក្នុងស្ថានភាពស្រវឹង ឃើញដូចនោះសមត្ថកិច្ចក៏បានហៅឱ្យឈប់ ដើម្បីធ្វើការផ្លុំតេស្តរកជាតិអាកុល ឃើញមានជាតិអាកុល ០,៦៩មីលី ក្រាមក្នុង ១លីត្រខ្យល់។

ដោយសារពេលយប់ សមត្ថកិច្ចមិនបានផាកពិន័យគាត់ (១-គាត់មានស្ថានភាពស្រវឹង ២-មិនមានលុយ គ្រប់គ្រាន់ក្នុងការបង់ពិន័យ ចំនួន១លានរៀល) និងមានការព្រួយបារម្ភពីសុវត្ថិភាពគាត់ ទើបសមត្ថកិច្ច បានឱ្យក្រុមគ្រួសារគាត់យកទៅផ្ទះសិន។ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅ រក្សាទុកនៅអធិការដ្ឋាននគរ បាលខណ្ឌដង្កោ រង់ចាំឱ្យគាត់មកទទួលយកម៉ូតូ និងការផាកពិន័យនៅថ្ងៃស្អែក។លុះដល់ព្រឹកឡើងពេលគាត់ទៅយកម៉ូតូ គាត់មានលុយតែ ៥០ម៉ឺនរៀល ដើម្បីបង់ផាកពិន័យ ទើបគាត់សុំ សមត្ថកិច្ចយោគយល់។ ដោយឃើញគាត់ជាមន្ត្រីរាជការ និងមានជីវភាពខ្វះខាត ទើបសមត្ថកិច្ចយោគយល់ ជួយចេញលុយ៥០ម៉ឺនរៀល ដើម្បីបង្គ្រប់ការបង់ផាកពិន័យ។

ក្នុងកិច្ចការងារអនុវត្តរឹតបន្តឹងចរាចរណ៍ផ្លូវគោកនេះ សមត្ថកិច្ចអនុវត្តវិធានការច្បាប់និង មានការយោគយល់ មនោសញ្ចេតនា។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា មាត្រា១០(ថ្មី) នៃអនុក្រឹត្យលេខ៣៩អនក្របក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្របក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានចែងថា ក្នុងករណីរកឃើញអត្រាជាតិអាល់កុល ចាប់ពី ០,៤០ មិល្លីក្រាម ក្នុង១លីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រឈាមឡើងទៅ ត្រូវបញ្ឈប់មិនឱ្យបើកបរបន្តដំណើរទៅមុខទៀតទេ។

យោងមាត្រា១០ថ្មី នៃអនុក្រឹត្យលេខ ៣៩អនក្របក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤អនក្របក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានចែងថា ត្រូវពិន័យអន្តការណ៍ចំពោះ អ្នកបើកបរយានយន្តស្ថិតក្នុងភាពស្រវឹង ដែលមានអត្រា ជាតិអាល់កុល ចាប់ពី ០,៤០មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាមក្នុងមួយ លីត្រឈាមឡើងទៅ ដូចតទៅ ៖

-ទឹកប្រាក់ចំនួន ១លានរៀល សម្រាប់ទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ឬម៉ូតូកង់បួន។

– ទឹកប្រាក់ចំនួន ២០០០ ០០០ (ពីរលាន) រៀល សម្រាប់យានយន្តធុនស្រាល។

– ទឹកប្រាក់ចំនួន ៤០០០ ០០០ (បួនលាន) រៀល សម្រាប់យានយន្តធុនធ្ងន់។

ក្នុងករណីនេះ ត្រូវបញ្ឈប់មិនឱ្យបើកបរបន្តដំណើរទៅមុខទៀត។

ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តបទល្មើសនេះ ទៀត ក្នុងរយៈពេល៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន ត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក។ ក្នុងករណីនេះមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ត្រូវ រៀបចំកំណត់ហេតុបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់តាមវិធានការច្បាប់៕

RELATED ARTICLES