Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លើងឆេះអគារ SKY CITY ៣យប់៤ថ្ងៃ បាញ់ ទឹកជិត៤ពាន់ឡាន

ភ្លើងឆេះអគារ SKY CITY ៣យប់៤ថ្ងៃ បាញ់ ទឹកជិត៤ពាន់ឡាន

ភ្នំពេញ ៖ បន្ទាប់ពីប្រើប្រាស់ពេលអស់ចំនួន ៣យប់៤ថ្ងៃ អគ្គិភ័យឆេះអគារ Sky City ស្ថិតនៅចំ កណ្តាល រាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុងនៅល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ដោយកម្លាំង ជំនាញបានប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ប្រមាណជិត ៣៨០០ឡាន។

អគារ Sky City កម្ពស់៥ជាន់ ដែលកំពុងដំណើរការសាងសង់នេះ មានទីតាំងស្ថិតនៅវិថីរដ្ឋសភា ក្នុងភូមិ១៥ ក្រុម០១ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ាង ៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ-ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរ បាលរាជធានីភ្នំពេញ បានឱ្យដឹងថា មុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបាន រាយការណ៍មកកាន់លេខ Hotline របស់លោកថា មានអគ្គិភ័យឆាបឆេះអគារ Sky City ដែលស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។ ភ្លាមៗនោះ លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យ នៅតាម បណ្តា គោលដៅទាំងអស់ ឱ្យចេញរថយន្តជួយសង្គ្រោះអន្តរាគមន៍ទាន់ពេលវេលា ដោយក្នុងនោះមានរថយន្តពន្លត់ អគ្គិភ័យប្រភេទ ជណ្តើរប្រវែង ៥៤ម៉ែត្រផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ដោយនៅក្នុងប្រតិបត្តិការទាំងយប់ទាំងថ្ងៃ ជាមួយភាពស្មុគស្មាញនៃទីតាំងអគារនេះ ធ្វើឡើងដោយកម្លាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលបង្ការនិងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ អង្គភាព៧១១ នៃកងពលតូចលេខ៧០ បញ្ជាការដ្ឋានទ័ពពិសេស និងបណ្តារថយន្តជំនួយ របស់ក្រុមហ៊ុនឯកជនជាច្រើនផ្សេងទៀត។ ដោយឡែក នៅទីតាំងប្រតិបត្តិការផ្ទាល់ គឺមានការដឹកនាំបញ្ជា ពីសំណាក់លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា អភិបាលរងអភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំង កងកម្លាំងជំនាញ និងអាជ្ញាធរមូលដ្ឋានផងដែរ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ក្នុងរយៈពេល៣យប់ ៤ថ្ងៃនេះ កម្លាំងសមត្ថ កិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥២គ្រឿង និងប្រើប្រាស់ទឹកសរុបចំនួន៣៧៩ឡាន ជាមួយកម្លាំង សរុបរួមក្នុងប្រតិបត្តិការសង្គ្រោះជាង ៤០០នាក់។ ក្នុងនោះ រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ ការិយាល័យ ជំនាញចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០០០ឡាន រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន៥គ្រឿង ប្រើប្រាស់អស់ចំនួន៤៨ឡាន រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣២០ឡាន រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងនរា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន៥០ឡាន រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងជ្រោយចង្វា ចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៦២ឡាន រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព្យ៉ា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន រថយន្តពន្លត់អគ្គិ ភ័យរបស់អង្គភាព៧១១ ចំនួន៤គ្រឿង ប្រើប្រាស់អស់ចំនួន៥០ឡាន រថយន្តពន្លត់អគ្គិភ័យរ បស់កងប្រតិបត្តិ ការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ ៩១១ ចំនួន៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៨ឡាន រថយន្តពន្លត់ អគ្គិភ័យរបស់បុរីប៉េងហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៤ឡាន និងរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៥ឡាន។

បើទោះបីអគ្គិភ័យត្រូវគ្រប់គ្រងបានទាំងស្រុងយ៉ាងណាក្តី នៅយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តដាក់កម្លាំងការិយាល័យជំនាញរបស់លោក ដើម្បីប្រចាំការមួយយប់ទៀត នៅកន្លែងកើតហេតុ ព្រោះ ខ្លាចក្រែងមានចន្លោះប្រហោងដោយប្រការណាមួយ ឬអាចនៅសេសសល់រងើកភ្លើង ដែលអាចបង្កជាអគ្គិភ័យ ឡើងវិញ ខណៈកម្លាំងបណ្តាអង្គភាពផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យវិលចូលអង្គភាពវិញ។

យ៉ាងណាក៏ដោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ខូចខាតសម្ភារៈឆេះអគារខារ៉ាអូខេ Sky City សរុបអ់សចំនួន ១៦បន្ទប់ ស្មើនឹង៨០ភាគរយ នៃការឆេះខូចខាតទាំងអស់ ក្នុងនោះរួមមានការឆេះ បន្ទប់ខារ៉ាអូខេ នៅជាន់ទី៣ ទំហំប្រហាក់ប្រហែល (៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ) អស់ចំនួន៨បន្ទប់ ឆេះបន្ទប់ ខារ៉ាអូខេ នៅជាន់ទី៤ ទំហំប្រហាក់ប្រហែល (៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ) អស់ចំនួន៧បន្ទប់ និងឆេះបន្ទប់ ស្តុកអីវ៉ាន់ នៅជាន់ទី៥ ទំហំប្រហាក់ប្រហែល (៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ) អស់ចំនួន១បន្ទប់ រួមទាំងឆេះ រោលផ្សែងទៅបន្ទប់ផ្សេងទៀត នៅជាន់ទី៥ អស់មួយផ្នែកតូច ហើយពុំបានឆេះរាលដាល ដល់ផ្ទះអ្នក នៅក្បែរខាងឡើយ។

ចំពោះមូលហេតុដែលនាំឱ្យមានគ្រោះអគ្គិភ័យ កើតឡើងខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងអំណរគុណនិងសរសើរស្ញប់ស្ញែងចំពោះកងកម្លាំង សង្គ្រោះគ្រប់បណ្តាអង្គភាពទាំងអស់ ដែលរួមសហការគ្នាបានយ៉ាងល្អ ទើបឈានទៅគ្រប់គ្រងបានទាំង ស្រុងនៅករណីអគ្គិភ័យមួយនេះ។ លោកបានចាត់ទុកថា នេះជាបទពិសោធន៍មួយបន្ថែមទៀត សម្រាប់ កម្លាំងសង្គ្រោះ ដោយហេតុថា ទីតាំងអគារនេះមានភាពស្មុគស្មាញ និងលំបាកក្នុងការចូលទៅសង្គ្រោះ៕

RELATED ARTICLES