ភ្នំពេញ ៖ ស្ត្រីម្នាក់ បានអះអាងថា ស្វាមីរបស់នាងដែលជាមន្ត្រីផ្នែកច្បាប់ ចេះដឹងជ្រៅជ្រះ មានឋានៈជាប្រ ធាននាយកដ្ឋានកិច្ចការមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ បានបែកគំនិតក្បត់ផិតប្រពន្ធ លួចមានប្រពន្ធចុង លុះចុងក្រោយ ប្រពន្ធដើមបានបង្កប់ GPS ក្នុងរថយន្តដែលប្តីដឹកប្រពន្ធចុង ចេញពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដោយកុហកប្រពន្ធថា ទៅធ្វើការនៅខេត្ត ទីបំផុតត្រូវរូបនាងជាប្រពន្ធតាមទាន់ជាន់កែង ។ហេតុការណ៍ប្រពន្ធតាមទាន់ប្តីដឹកស្រីស្នេហ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣ នៅក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីស្ត្រីជាភរិយា បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ប្តីរបស់គាត់មានឈ្មោះឡុង សុខរណា ជាប្រធាន នាយកដ្ឋានកិច្ចការមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ។ ពួកគាត់បានរៀបការជាមួយគ្នាត្រឹមត្រូវតាមផ្លូវច្បាប់ រយៈពេល ១១ឆ្នាំហើយ ដោយមានកូនម្នាក់ក្នុងបន្ទុក បច្ចុប្បន្នអាយុ ៨ឆ្នាំ ហើយថ្មីៗនេះដោយសារតែការលំបាកចិត្ត និងការធ្វើទុក្ខបុកម្នេញពីស្វាមី គាត់ក៏ត្រូវរលូត កូនទី២ ក្នុងផ្ទៃ ដែលមានអាយុជាងពីរខែទៀតផង។
ស្ត្រីជាប្រពន្ធ បានបន្តរៀបរាប់ថា គាត់បានតាមដានដឹងរឿងប្តីមានស្រីនេះ យូរខែមកហើយ តែគាត់មានការ យោគយល់ បន្ទាប់ពីតាមទាន់ ប្តីក៏សុំទោស និងធ្វើកិច្ចសន្យាលែងប្រព្រឹត្តអំពើនេះតទៅទៀត តែចុងក្រោយ លោកប្តីមិនបានបោះបង់នូវអំពើមិនគប្បីនេះទេ ទើបគាត់សម្រេចចិត្តដាក់ GPS ក្នុងរថយន្ត ដើម្បីតាម ដានលោកប្តី។
ស្ត្រីជាប្រពន្ធ បញ្ជាក់ថា ប្តីរបស់គាត់បានបើករថយន្តដឹកស្រីកំណាន់ចិត្ត ចេញពីរាជធានីភ្នំពេញ ទៅកាន់ ខេត្តព្រះសីហនុ ប៉ុន្តែត្រូវគាត់និងសាច់ញាតិបងប្អូន តាមទាន់ ក៏ឃាត់រថយន្តប្តីជាប់ ដោយឃើញទិដ្ឋភាព ជាក់ស្តែង នារីកំណាន់ចិត្តអង្គុយក្នុងរថយន្តតែម្តង។
ស្ត្រីជាប្រពន្ធ បានបង្ហាញភ័ស្តុតាងជាច្រើនដែលខ្លួនចាប់បានតាមរយៈប្រព័ន្ធ Telegram ឆ្លងឆ្លើយ និងចាប់ កំហុសបានដែលប្តីរបស់ខ្លួន បានបញ្ជាក់ថា នារីកំណាន់ចិត្ត (ប្រពន្ធចុង) របស់ប្តី កំពុងមានផ្ទៃពោះ ៣ខែ ទៀតផង។ ក្រៅពីនោះ ក៏មានរូបថតជាច្រើនទៀតរបស់ស្ត្រីជាប្រពន្ធចុង ជាមួយលោកប្តី។
ជុំវិញរឿងរ៉ាវខាងលើនេះ អ្នកសារព័ត៌មាន មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសជាប្តី បានទេ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕