Saturday, November 23, 2024
Homeព័ត៌មានជាតិភ្លើងឆេះផ្សារក្រោមសៀមរាប ឆេះតូប៤ ផ្ទះ១ខ្នង ស្លាប់ម៉ែកូន៣នាក់

ភ្លើងឆេះផ្សារក្រោមសៀមរាប ឆេះតូប៤ ផ្ទះ១ខ្នង ស្លាប់ម៉ែកូន៣នាក់

ខេត្តសៀមរាប ៖ គ្រោះអគ្គិភ័យមួយបានកើតឡើងយ៉ាងសន្ធោសន្ធៅ ទាំងវេលាទៀបភ្លឺ នៅចំណុចផ្សារក្រោម (ផ្សារចាស់) ខេត្តសៀមរាប ដែលបណ្តាលឱ្យមនុស្សចំនួន៣នាក់ (ស្ត្រីពពោះ២ខែម្នាក់ និងកូនប្រុសតូចម្នាក់) បានបាត់បង់ជីវិតក្នុងភ្នក់ភ្លើងយ៉ាង អាណោចអាធ័ម ចំណែកតូបលក់ដូររបស់អាជីវករចំនួន៤តូប រួមនឹងផ្ទះប្រជាពលរដ្ឋ១ខ្នង បានរងការខូចខាតទាំងស្រុង។

ហេតុការណ៍អគ្គិភ័យខាងលើ បានកើតឡើងកាលពីវេលាម៉ោង៤ និង៥០នាទីទៀបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចតូប លក់ដូរមុខផ្សារក្រោម (ផ្សារចាស់) ស្ថិតក្នុងក្រុមទី២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានបញ្ជាក់ប្រាប់ថា ករណីអគ្គីភ័យនេះ បណ្តាលឱ្យឆេះតូបលក់ដូរអស់ចំនួន៤តូប និងផ្ទះចំនួន១ខ្នង (ខូចខាតទាំងស្រុង)។ ម្ចាស់ផ្ទះមានឈ្មោះលី ដារី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

លោកអធិការ បានបន្តថា ជាមួយនេះ ហេតុការណ៍ខាងលើ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន៣នាក់ រួមមាន ទី១-ឈ្មោះវ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ (មានផ្ទៃពោះកូនក្នុងផ្ទៃ២ខែ)។ និងទី២-ឈ្មោះង៉ិក ឌី ភេទប្រុស អាយុ៤ឆ្នាំ។

ជុំវិញប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង រួមមាន រថយន្តពន្លត់ អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន៣គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរអប្សរាចំនួន២គ្រឿង និង រថយន្តពន្លត់ អគ្គិភ័យរបស់បុរីទេសចរណ៍ចំនួន១គ្រឿង ដោយប្រើប្រាស់ទឹកបាញ់ពន្លត់សរុបអស់ចំនួន៦រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយភ្លើងបានរលត់ទៅវិញ នៅវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃដដែល។

តាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យខាងលើ នៅមិនទាន់ដឹងច្បាស់លាស់ នៅឡើយ ហើយសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ។

ក្រោយកើតមានករណីខាងលើ នៅព្រឹកថ្ងៃដដែលនោះដែរ ក៏មានវត្តមាន លោកប្រាក់ សោភ័ណ ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តសៀមរាបបានចុះពិនិត្យផ្ទាល់ទីតាំងកើតហេតុផងដែរ។

ដោយឡែក សាកសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES