Saturday, November 23, 2024
Homeព័ត៌មានជាតិរកឃើញ ឡាន Hummerបុកម៉ែកូនស្លាប់ ចាប់តៃកុងអត់ទាន់បាន

រកឃើញ ឡាន Hummerបុកម៉ែកូនស្លាប់ ចាប់តៃកុងអត់ទាន់បាន

ភ្នំពេញ ៖ ករណីរថយន្ត Hummer បុកម៉ូតូ បណ្តាលឱ្យម្តាយកូន២នាក់ស្លាប់ ចំណែកបុរសជាឪពុករងរបួសធ្ងន់ នៅលើផ្លូវព្រះស៊ីសុវត្ថិ ក្នុងខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ពេលនេះសមត្ថកិច្ចជំនាញ បានស្រាវជ្រាវរកឃើញរថយន្ត បង្កហើយ នៅឡើយអ្នកបើកបរដែលកំពុងរត់គេចខ្លួន និងត្រូវសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួននាំយក មកផ្តន្ទាទោសតាម ច្បាប់។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់​ឱ្យដឹង កាលពីយប់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ថា ករណីរថយន្ត Hummer បុកមនុស្ស២នាក់បណ្តាលឱ្យស្លាប់ ហើយ​រត់គេចខ្លួននោះ នៅពេលនេះកម្លាំងជំនាញ រកឃើញរថយន្តហើយ ហើយពេលនេះ លោកកំពុងបញ្ជាឱ្យស្រាវជ្រាវ​ដោយយកចិត្តទុកដាក់បន្តទៀត ដើម្បីស្វែងរកអ្នកបើកបរមកផ្តន្ទាទោស តាមច្បាប់យ៉ាងបានម៉ឺងម៉ាត់បំផុត។

បើទោះបីវិធានការច្បាប់ម៉ឺងម៉ាត់ក៏ពិតមែន ប៉ុន្តែលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានផ្ញើសារអំពាវនាវដល់ជនបង្ក ដែលបើក រថយន្តបុកមនុស្សស្លាប់២នាក់នេះ ឱ្យចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសនៅចំពោះមុខសមត្ថកិច្ច ខណៈសមត្ថកិច្ចរបស់លោកនឹងមិនដក ដៃរាថយឡើយ ក្នុងប្រតិបត្តិការយ៉ាងស្រាវជ្រាវស្វែងចាប់ខ្លួនឱ្យខាងតែបាន។

គួររំលឹកថា កាលពីវេលាម៉ោង១២ និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង នៅត្រង់ចំណុចក្បែរវត្តភ្នំ តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយបុរសម្នាក់ជិះម៉ូតូ ១គ្រឿងដឹកប្រពន្ធ និងកូនតូចអាយុ២ខួបម្នាក់ ទើបនឹងចេញពីហូបស៊ុប ធ្វើដំណើរតាមផ្លូវសំដៅទៅផ្ទះ ស្រាប់តែត្រូវរថយន្តទំនើបម៉ាក Hummer ១គ្រឿង បើកក្នុងល្បឿនលឿនដូចហោះ ជ្រុលមកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យប៉ើងបោកផ្ទប់ទៅនឹងដើមឈើ១ដើម បណ្តាល ឱ្យបុរសជាប្តីរងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកស្ត្រីជាប្រពន្ធ និងកូនតូចអាយុ២ខួប បានស្លាប់ភ្លាមៗយ៉ាងអាណោច អាធ័ម។

ជនរងគ្រោះ២នាក់ម្តាយកូន ដែលត្រូវរថយន្តបុកស្លាប់ រួមមាន ស្ត្រីជាម្តាយ មានឈ្មោះគ្រួច សាមឹត អាយុ២០ឆ្នាំ មានស្រុកកំណើត នៅភូមិដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ រីឯកូនតូច ទើបនឹងមានអាយុ២ខួប បានរងរបួសធ្ងន់ និងបាត់បង់ជីវិតក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកបុរសជាឪពុក មានឈ្មោះយឿន យុន អាយុ២៣ឆ្នាំ មុខរបជាកម្មករប្រមូលសំរាម (រងរបួសធ្ងន់)។ ក្រុមគ្រួសារជនរងគ្រោះខាងលើ ស្នាក់នៅបន្ទប់ជួលម្តុំចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។ ដោយឡែក អ្នកបើកបររថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយ បង្កហេតុរួច បានបន្ថែមល្បឿនរថយន្ត គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលភ្លាមៗ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ៣នាក់ (ប្តីប្រពន្ធរួមទាំងកូន តូចអាយុ២ខួប) បានជិះម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-7635 ឌុបគ្នាចេញពីហាងស៊ុប១កន្លែង ដោយបានធ្វើដំណើរ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីត្បូងមកជើង​ក្នុងល្បឿនមធ្យម លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ទល់មុខសណ្ឋាគារ LCS ស្រាប់តែមានរថយន្តស៊េរីទំនើប​១គ្រឿង ម៉ាក Hummer ពណ៌ខ្មៅ មិនចាំស្លាកលេខ ធ្វើដំណើរមកពីក្រោយ តាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្នុង ទិសដៅស្របគ្នាពីត្បូងមកជើង ក្នុងល្បឿនយ៉ាងលឿនដូចហោះ រួចក៏បានជ្រុលទៅបុកម៉ូតូពីក្រោយម៉ូតូយ៉ាងពេញទំហឹង ធ្វើឱ្យផ្លោងទាំងម៉ូតូ និងមនុស្សទៅបោកផ្ទប់ដើមឈើ១ដើម បណ្តាលឱ្យស្ត្រីជាប្រពន្ធបានស្លាប់ភ្លាមៗ ចំណែកឯកូនតូចអាយុ១ខួបជាងរួម នឹងបុរសជាប្តី បានរងរបួស ធ្ងន់ និងត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូន​ទៅកាន់មន្ទីរពេទ្យភ្លាមៗ តែអកុសល ដោយស្ថានភាពក្មេងតូច មានសភាពធ្ងន់ធ្ងរពេក ក៏បានស្លាប់នៅ ក្នុងមន្ទីរពេទ្យតែម្តង។ ចំណែកបុរសជាឪពុកកំពុងសង្គ្រោះបន្ទាន់នៅឡើយ។ ចំណែករថយន្តបង្ក បន្ទាប់ពីបើកបុកម៉ូតូជនរងគ្រាះ រួចហើយ ក៏បាន បន្ថែមល្បឿនបើកគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល៕

RELATED ARTICLES