ខេត្តកំពង់ស្ពឺ ៖ ជនទមិឡឥតសាសនាម្នាក់ ក្រោយពីស៊ីបាយឆ្អែត អត់ការងារធ្វើ ដើរចូលទៅក្នុងបរិវេណវត្ត រួចធ្វើសកម្មភាពយកដំបងដែកនិងដុំឥដ្ឋ វាយបំផ្លាញព្រះបដិមានៅក្នុងវត្ត បណ្តាលឱ្យរងការខូចខាត រួចព្យា យាមរត់គេចខ្លួន តែត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។
ការឃាត់ខ្លួនជនទំនើងនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិធម្មទ័យ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។
ជនទំនើងដែលវាយកម្ទេចព្រះបដិមានៅក្នុងវត្តនោះ ឈ្មោះវាសនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិធម្មទ័យ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍យុទ្ធសាមគ្គី បាន ទទួលព័ត៌មានពីលោកតា ប៉ិច ឡេង អាយុ៦៩ឆ្នាំ រស់នៅភូមិត្រពាំងល្ពាក់ ឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ជាប្រធានគណៈកម្មការវត្តព្រៃជុំ បានរាយការណ៍ថា មានជនសង្ស័យម្នាក់ ឈ្មោះវាសនា បានវាយបំផ្លាញព្រះ បដិមា និងជើងពានផ្កាឈូក សម្រាប់ដោតធូប នៅក្រោមដើមពោធិ៍ ក្នុងវត្តព្រៃជុំ ស្ថិតនៅក្នុង ភូមិព្រៃជុំ ឃុំយុទ្ធ សាមគ្គី ស្រុកសាមគ្គីមុនីជ័យ បណ្តាលឱ្យខូចខាតដាច់ព្រះកេស ព្រះបដិមា ១អង្គ និងបែកបាក់ជើងពាន សម្រាប់ ដោតធូប។
ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលយុទ្ធសាមគ្គី បានសហការជាមួយ កម្លាំង ស្រុក ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បី ចាត់ការតាមច្បាប់៕