Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្នងការបំភ្លឺរឿងល្បែងរីកដូចផ្សិត ប៉ូលិសស្ងាត់

ស្នងការបំភ្លឺរឿងល្បែងរីកដូចផ្សិត ប៉ូលិសស្ងាត់

ខេត្តត្បូងឃ្មុំ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ពាក់ព័ន្ធទៅនឹងករណីវង់ល្បែង គ្រប់ប្រភេទ រីកដូចផ្សិត ពេញឃុំមង់រៀវ ស្រុកត្បូងឃ្មុំ តែសមត្ថកិច្ចបែរជាស្ងៀមស្ងាត់មក ស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីបំភ្លឺព័ត៌មាន បញ្ជាក់ថា សមត្ថកិច្ច តែងបង្កើនការតាមដានត្រួត ពិនិត្យសកម្មភាពការបើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងចាត់វិធានការតាមច្បាប់ មិនដែលនៅស្ងៀមនោះឡើយ។

សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុង ថា «ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមជម្រាបជូនសាធារណជន ពាក់ព័ន្ធការចុះផ្សាយក្នុង ប្រព័ន្ធ បណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក (Facebook) បានចុះផ្សាយមានខ្លឹមសារថា ៖ “ទីតាំងសង្វៀនល្បែង ស៊ីសង បញ្ជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែង ក្នុងឃុំមង់រៀវ ស្រុកត្បូងឃ្មុំ បើកលេងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រឹមរក្សាស្ងៀមស្ងាត់” ក្រោយពីទទួលបានព័ត៌មានភ្លាមៗ ស្នងការនគរ បាលខេត្តត្បូងឃ្មុំ បានចាត់វិធានការបន្ទាន់ ដូចខាងក្រោម ៖

១- ចាត់តាំងកម្លាំងការិយាល័យជំនាញ សហការជាមួយអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចុះស្រាវជ្រាវ ស៊ើបអង្កេត និងស្វែងរកព័ត៌មានការពិត ព្រមទាំងរកភ័ស្តុតាងនានាពាក់ព័ន្ធ ករណីខាងលើ។

២- ទីតាំងភូមិសាស្ត្រខាងលើ ស្ថិតនៅចម្ការស្វាយកែវរមៀត ខាងកើតភូមិជ្រោយចង្ហា ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ គឺពុំមានការលួចលេងល្បែងស៊ីសងខុសច្បាប់ឡើយ។

៣- ចំពោះការចុះផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទីតាំងលេងល្បែងស៊ីសងខាងលើ គឺជាទីតាំងចាស់ ដែលស្នងការ ដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្លាប់បានចុះបង្ក្រាប នាពេលកន្លងមក ហើយពុំមានសកម្មភាពលួចលេង បន្តទៀត នោះទេ។

ទន្ទឹមនេះផងដែរ ស្នងការដ្ឋាន សូមធ្វើការប្តេជ្ញាបង្កើនការតាមដានត្រួតពិនិត្យសកម្មភាព ការបើកលេងល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងចាត់វិធានការតាមច្បាប់ជាធរមាន ក្នុងករណីរកឃើញថា មានការ លួចបើកលេងល្បែងស៊ីសង ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យកាន់តែ ល្អប្រសើរ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋទូទៅ និងសាធារណជនដែលបានប្រើប្រាស់ប្រព័ន្ធ បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាបជាព័ត៌មាន»៕

RELATED ARTICLES