Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ក្មេងជក់ថ្នាំញៀន ធ្លាយយាយអ្នកលក់ ជាប់ខ្នោះទាំង២

ចាប់ក្មេងជក់ថ្នាំញៀន ធ្លាយយាយអ្នកលក់ ជាប់ខ្នោះទាំង២

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀនម្នាក់ ត្រូវបានសមត្ថកិច្ចល្បាតប្រទះឃើញ ឃាត់សាកសួរ ក៏ធ្លាយរឿងទិញថ្នាំញៀនពីស្ត្រីវ័យចំណាស់ម្នាក់ យកមកប្រើប្រាស់ ទើបឈានដល់ការឃាត់ ខ្លួនស្ត្រីវ័យចំណាស់ជាអ្នកជួញដូរថ្នាំញៀន ដល់ផ្ទះ ព្រមទាំងឆែករកឃើញថ្នាំញៀន ចំនួន៩កញ្ចប់ ដែលស្ត្រី សង្ស័យលាក់ទុកនៅក្នុងស្មៅ ខាងក្រោយផ្ទះ។

ករណីឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ។ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះធី ថា  ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ (មុខសញ្ញាប្រើប្រាស់) និងទី២-ឈ្មោះប៊ូ លី ភេទ ស្រី អាយុ៦៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ (មុខសញ្ញាជួញដូរ)។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង៤០ នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ បានចុះល្បាតក្នុងភូមិសាស្ត្រភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ និងបានឃាត់ មុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ឈ្មោះធី ថា យកមកសាកសួរ។ ក្រោយពីសាកសួរ ជនសង្ស័យឈ្មោះធី ថា បានសារភាពថា ថ្នាំញៀនដែលគេប្រើប្រាស់ គឺបានទិញពីស្ត្រីចំណាស់ឈ្មោះប៊ូ លី នៅភូមិខ្លាងាប់ ឃុំទួល ពង្រ ស្រុកម៉ាឡៃ ។

លោកអធិការ បានបញ្ជាក់ថា ក្រោយពីទទួលបានចម្លើយសារភាពពីឈ្មោះធី ថា និងអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១២និង៤០នាទី ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញផ្នែកប្រឆាំង គ្រឿងញៀន បន្តសហការជាមួយកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំទួលពង្រ បានឈានដល់ការឃាត់ខ្លួនស្ត្រីចំណាស់ឈ្មោះប៊ូ លី និងបានរកឃើញម្សៅក្រាម សថ្លា សង្ស័យសារធាតុញៀន ចំនួន៩កូនថង់តូច ដែលជនសង្ស័យលាក់ទុកក្នុងស្មៅ ចម្ងាយយពីផ្ទះប្រហែល ៥០០ម៉ែត្រ។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ ការបន្តតាមនីតិវិធី៕

RELATED ARTICLES