Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃ្លាំងរោងចក្រស្លជ័រ ភ្លើងឆេះ

ឃ្លាំងរោងចក្រស្លជ័រ ភ្លើងឆេះ

ភ្នំពេញ ៖ ឃ្លាំងនៅក្នុងរោងចក្រស្លជ័រ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ជាច្រើនគ្រឿង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលា ម៉ោង៩យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចរោងចក្រស្លជ័រ គ្មានយីហោ មួយកន្លែង ស្ថិតក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។

ឃ្លាំងដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ១៨ម៉ែត្រ គុណនឹង ៥០ម៉ែត្រ សង់អំពីដែក ប្រក់ដំបូលស័ង្កសីមាន ម្ចាស់ទីតាំងឈ្មោះពេជ្រ សុថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រង។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមកម្មករបានសម្រាកពីការងារអស់ ហើយ ស្រាប់តែមកដល់ម៉ោងកើតហេតុ លាន់ឮសំឡេងផ្ទុះ ទើបពួកគាត់នាំគ្នាចេញមកមើល ក៏ឃើញផ្សែង ចេញពីកន្លែងជិតកន្លែងចុងភៅ ហើយក៏អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ប្រភពដដែល បន្តថា ភ្លាមៗនោះ ពួកគាត់នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់អស់ជាច្រើនបំពង់ តែមិនអាចទប់ទល់ឈ្នះ ទើបប្រញាប់រាយការណ៍ជូនកម្លាំងសមត្ថកិច្ច ដើម្បីសុំជំនួយរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ ទឹកពន្លត់ភ្លាមៗ។

បន្ទាប់មក មានរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ជាច្រើនគ្រឿង ក្នុងនោះមានរថយន្តរបស់ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១១គ្រឿង និងរថយន្តជំនួយរបស់ស្នង ការដ្ឋាននគរបាលខេត្តកណ្តាល ចំនួន២គ្រឿង ព្រមទាំងរថយន្ត របស់រោងចក្រ ១គ្រឿង បានសហការគ្នាបាញ់ ទឹកពន្លត់ រហូតដល់ម៉ោង ១០និង១០នាទីយប់ ថ្ងៃដដែល ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង ដោយមិនបង្កឱ្យ មានការឆេះរាលដាលដល់អ្នកក្បែរខាងនោះឡើយ។

តាមការបញ្ជាក់ពីសមត្ថកិច្ច ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យមានការខូចខាត រួមមាន ឆេះឃ្លាំង ទំហំ២៥ ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ចំនួន១ឃ្លាំង រថយន្តបែន ចំនួន១គ្រឿង (ខូចខាត ១០ភាគរយ) ស្នោ ចំនួន២តោន រួមទាំងសម្ភារៈអស់មួយចំនួនទៀត។

ចំពោះមូលហេតុដែលនាំឱ្យកើតមានការឆាបឆេះនេះ កំពុងត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ។ យ៉ាងណា តាមប្រភពកម្មករនៅទីតាំងកើតហេតុ បានដាក់ការសង្ស័យថា ករណីនេះអាចផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕

RELATED ARTICLES