Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះមេខ្លោងឆក់ត្រី ព្រហើនឌឺមន្ត្រីជំនាញ

វ៉ៃខ្នោះមេខ្លោងឆក់ត្រី ព្រហើនឌឺមន្ត្រីជំនាញ

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យជាមេខ្លោងឆក់ត្រីម្នាក់ តែងធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍ឆក់ត្រីទាំង យប់ទាំងថ្ងៃ ដោយគ្មានខ្លាចរអាសមត្ថកិច្ចណាឡើយ លុះមន្ត្រីជំនាញចុះចាប់ឃាត់ខ្លួន សាកសួរថា ធ្លាប់ធ្វើសកម្មភាពឆក់ប៉ុន្មានដង បែរជាឆ្លើយឌឺដាក់មន្ត្រីជំនាញថា “កុំសួរចំនួន ដង បើសួរជាឆ្នាំវិញបានចាំ” ទីបំផុត ត្រូវមន្ត្រីជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់។ការឃាត់ខ្លួនជនសកម្មខាងឆក់ត្រីនេះ ធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងតំបន់រ៉ាមសារ ចំណុចបន្ទាយកោះកាង ក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងអភិរក្សត្រីមេពូជ ប្រចាំការនៅតំបន់រ៉ាមសារ សហការជាមួយប្រជាសហគមន៍នេសាទភូមិថ្មី បានចុះល្បាតត្រួតពិនិត្យ តាមដាន បទល្មើសឆក់ត្រី ក្នុងតំបន់រ៉ាមសារ និងប្រដេញតាម ឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមនិងឧបករណ៍ឆក់ពណ៌ ក្រហម ខ្នាតធំ ១គ្រឿង អាគុយ ចំនួន២គ្រាប់ ទូកនិងម៉ាស៊ីនមួយ រួចយកមករក្សាទុកអនុវត្តតាមនីតិវិធី។លោកចាន់ ធឿង មន្ត្រីអភិរក្សត្រីមេពូជប្រចាំតំបន់រ៉ាមសារ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះអាន ផន អាយុ៣៥ឆ្នាំ រស់នៅភូមិវាលខ្សាច់ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ជាជនសកម្មខាងឆក់ត្រី មិនថាពេលថ្ងៃឬពេលយប់នោះទេ ហើយក៏មិនដែលខ្លាចរអាសមត្ថកិច្ចណាដែរ។

លោកបន្តថា ជនសង្ស័យ ថែមទាំងបាននិយាយឌឺទៀតថា កុំសួររឿងឆក់ប៉ុន្មានលើក បើសួរឆ្នាំ ទើបត្រូវ ហើយក្រុមការងារបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅមន្ទីរបរិស្ថាន ដើម្បីអនុវត្តនីតិវិធី។លោកនិន ពិសី ប្រធានក្រុមផ្នែកបរិស្ថាន ប្រចាំតំបន់រ៉ាមសារ បានបញ្ជាក់ថា ករណីនេះ ក្នុងនាមមន្ត្រីយុត្តិធម៌ នឹងបញ្ចូន សំណុំរឿង និងជនសង្ស័យខាងលើនេះ ទៅតុលាការ ចាត់ការតាមនីតិវិធី ។

ជុំវិញករណីនេះ ប្រជាសហគមន៍នេសាទ និងកម្លាំងល្បាត បានស្នើសុំទៅមន្ត្រីជំនាញ និងស្ថាប័នតុលាការ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះជននេះ ដើម្បីការពារអភិរក្សត្រីមេពូជ ឱ្យកាន់តែមានប្រសិទ្ធភាព៕

RELATED ARTICLES