Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្ទះលក់គ្រឿងអគ្គិសនី ២ល្វែង ភ្លើងឆេះហ្មត់

ផ្ទះលក់គ្រឿងអគ្គិសនី ២ល្វែង ភ្លើងឆេះហ្មត់

ខេត្តសៀមរាប ៖ ផ្ទះថ្មពីរល្វែង ដែលជាទីតាំងលក់បោះដុំនិងរាយ សម្ភារអគ្គិសនី យីហោ សៀមរាប ឡាយស៍ ស្ថិតនៅកណ្តាលក្រុងសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំង សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដើម្បីទប់ស្កាត់កុំឱ្យ ឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៦ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ ចំណុចផ្ទះល្វែងលក់បោះដុំនិងរាយ សម្ភារអគ្គិសនី យីហោ សៀមរាបឡាយស៍ មានទីតាំងស្ថិតក្នុង ក្រុមទី៣ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

តាមប្រភពពីមន្ត្រីមូលដ្ឋាន បានឱ្យដឹងថា ផ្ទះថ្ម ២ល្វែង ដែលត្រូវអគ្គិភ័យឆេះនេះ ជាទីតាំងលក់បោះដុំ និងរាយ សម្ភារអគ្គិសនី យីហោ សៀមរាបឡាយស៍ ស្ថិតក្នុងក្រុមទី៣ ភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានម្ចាស់ឈ្មោះសាន សុភ័ក្ត្ររស្មី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់គ្រឿងអគ្គិសនី បោះដុំនិងរាយ។ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ និង ទាក់ទងទៅខាងជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ បានជួយបាញ់ទឹកពន្លត់ភ្លាមៗ រហូតដល់ម៉ោង១១ព្រឹក ថ្ងៃដដែល ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយបានប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ប្រមាណ ជាង៤០រថយន្ត។

យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានបញ្ជាក់ថា ផ្ទះថ្ម ២ល្វែង កម្ពស់ពីរជាន់ខាងលើ ត្រូវបាន ភ្លើងឆេះអស់ទាំងស្រុង ដោយក្នុងនោះមានទ្រព្យសម្បត្តិ និងគ្រឿងអគ្គិសនីមួយចំនួនធំ បានរងការខូចខាត ទាំងស្រុង។ ចំពោះករណីនេះ មិនបណ្តាលឱ្យមានអ្នករងរបួស ឫគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។ ចំណែកមូលហេតុ សមត្ថកិច្ចជំនាញកំពុងបន្តការស្រាវជ្រាវ៕

RELATED ARTICLES