Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនលិចបាត់ក្នុងទន្លេ ម៉ែអង្គុយយំ កូនអើយ! មកញ៉ាំបាយ ទៅរៀន

 កូនលិចបាត់ក្នុងទន្លេ ម៉ែអង្គុយយំ កូនអើយ! មកញ៉ាំបាយ ទៅរៀន

ភ្នំពេញ ៖ ក្មេងប្រុស ចំនួន២នាក់  បាននាំគ្នាចុះទៅលេងទឹកទន្លេ ជាមួយក្មេងប្រុសគម្នាក់ដែល រស់នៅភូមិ ជាមួយគ្នា លុះក្រោយមកក្មេងប្រុសទាំង២នាក់ បានលង់ទឹក បណ្តាលឱ្យលិចបាត់ខ្លួន ទើបក្មេងប្រុសគ បានរត់ទៅប្រាប់និងហៅឱ្យអ្នកភូមិមកជួយ តែពេលអ្នកភូមិ និងក្រុមគ្រួសារក្មេងរងគ្រោះមកដល់ ក្មេងទាំង២ បានលិចចូលទន្លេបាត់ទៅហើយ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយក្មេងប្រុសម្នាក់ក្នុងចំណោមនោះ បានអង្គុយទួញ យំនៅមាត់ច្រាំង ដង្ហោយហៅកូនប្រុសឱ្យមកញ៉ាំបាយ ទៅរៀន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅទន្លេមេគង្គ មុខវត្តព្រែកលៀប ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

ក្មេងប្រុសទាំង២នាក់ ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះជា សុខដារិទ្ធ អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលា បឋមសិក្សាព្រែកលៀប មានលំនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា  និងទី២-ពុំទាន់ ស្គាល់ឈ្មោះ អាយុ១២ឆ្នាំ មានលំនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះទាំង២នាក់ខាងលើ រួមទាំងក្មេងក្នុងភូមិម្នាក់ ដែលជាមនុស្សគ បានទៅលេងទឹកទន្លេ នៅច្រាំងទន្លេ មុខវត្តព្រែកលៀប ជាមួយគ្នា។ លុះក្រោយពីចុះលេងទឹកយ៉ាងសប្បាយ ស្រាប់តែក្មេងប្រុសរងគ្រោះទាំង២នាក់ រអិលជើងចូលទឹកជ្រៅ ធ្វើឱ្យ ផុតជើង លង់ទឹក លិចបាត់ខ្លួនទាំង២នាក់តែម្តង។ រំពេចនោះ ក្មេងប្រុសគ បានរត់មកប្រាប់អ្នកភូមិ ឱ្យមកជួយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញភូមិតែម្តង។

តាមសម្តីស្ត្រីជាម្តាយក្មេងប្រុសរងគ្រោះ ឈ្មោះជា សុខដារិទ្ធ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា នៅមុនពេល កើតហេតុ កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក កូនប្រុសរបស់គាត់ បានសុំជិះកង់ដើរលេង។ លុះដល់ម៉ោងប្រមាណ ១១ព្រឹក បាត់កូនមិនឃើញមកផ្ទះ ញ៉ាំបាយ ដើម្បីរៀបចំខ្លួនទៅរៀន ទើបគាត់បានដើរ រកក្នុងភូមិ ស្រាប់តែមានក្មេងប្រុសគម្នាក់ បានរត់មកប្រាប់ ដោយប្រើកាយវិការថា កូនប្រុសរបស់គាត់ បាន លង់ទឹក លិចបាត់ ពេលនោះគាត់និងអ្នកភូមិ បានរត់ទៅមើលនៅមាត់ទន្លេ ប្រទះឃើញតែកង់ និងស្បែកជើង របស់កូនគាត់ប៉ុណ្ណោះ ចំណែកមនុស្ស លិចទឹកបាត់ទៅហើយ។

ក្រោយកើតហេតុ អ្នកភូមិនិងសមត្ថកិច្ច បានជួយចុះរាវរកក្មេងប្រុសទាំង២នាក់ដែរ តែរកមិនទាន់ឃើញនៅ ឡើយ ហើយអ្វីដែលគួរឱ្យសង្វេគបំផុតនោះ គឺម្តាយក្មេងប្រុសរងគ្រោះឈ្មោះជា សុខដារិទ្ធ បានអង្គុយទួញយំ ក្បែរមាត់ច្រាំងទន្លេ ដង្ហោយហៅកូនប្រុស ឱ្យមកញ៉ាំបាយទៅរៀន៕

RELATED ARTICLES