ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានស្នើ យ៉ាង ទទូចដល់អាជ្ញាធរខណ្ឌច្បារអំពៅ មេត្តាចុះបិទនិងរុះរើទីតាំងកសិដ្ឋានចិញ្ចឹមមាន់ជល់ គ្មានច្បាប់អនុញ្ញាត មួយកន្លែង ដែលនៅតែបង្កសំឡេងរំខាន និងក្លិនស្អុយ ដល់អ្នករស់នៅជុំវិញ ទៅតាមការសម្រេចរបស់អាជ្ញាធរ បន្ទាប់ពីទុករយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឱ្យរុះរើចេញ ប៉ុន្តែម្ចាស់កសិដ្ឋាននេះ មិន អនុវត្តតាមឡើយ។
តំណាងប្រជាពលរដ្ឋ បានឱ្យដឹងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ថា បន្ទាប់ពីប្រជាពលរដ្ឋដាក់ពាក្យបណ្តឹង និងការចុះពិនិត្យទីតាំងកសិដ្ឋាន ជាបន្តបន្ទាប់ របស់អាជ្ញាធរ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរ បានសម្រេចទុកពេលចំនួន ៣០ថ្ងៃ ដើម្បីឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ជល់ អត់ច្បាប់នេះ រុះរើចេញទាំងស្រុង។ ក្នុងករណីហួសការកំណត់នេះ រដ្ឋបាលខណ្ឌ នឹងចាត់វិធានការចុះរុះរើ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ឬខូចខាតអ្វីទាំងអស់។
ប្រភពដដែល បន្តថា រហូតមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ ពោលគឺមានរយៈពេលជាង៤០ថ្ងៃ ទៅហើយ ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ជល់ គ្មានច្បាប់អនុញ្ញាតខាងលើនេះ នៅតែមិនព្រមរុះរើចេញនោះឡើយ ដោយ នៅតែបង្កការរំខានដល់ប្រជាពលរដ្ឋដដែល។ ដូច្នេះហើយទើបប្រជាពលរដ្ឋ សំណូមពរយ៉ាងទទូច សុំឱ្យ អាជ្ញាធរ ចាត់វិធានការចំពោះទីតាំងចិញ្ចឹមមាន់ជល់ គ្មានច្បាប់នេះ ដើម្បីកុំប៉ះពាល់ការរស់នៅប្រចាំថ្ងៃ របស់ ប្រជាពលរដ្ឋតទៅទៀត៕