Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្រ្តីលក់ឡេ តាំងខ្លួនជាព្រះនាងឥន្រ្ទទេវី ក្រសួងវប្បធម៌ ថាជាមនុស្សឆ្កួត បំពុលសង្គម

 ស្រ្តីលក់ឡេ តាំងខ្លួនជាព្រះនាងឥន្រ្ទទេវី ក្រសួងវប្បធម៌ ថាជាមនុស្សឆ្កួត បំពុលសង្គម

ភ្នំពេញ ៖ ប្រធានសមាគមសិល្បករខ្មែរ លោកចន្ទ ចន្ទលក្ខិណា និងតារាសិល្បៈល្បីៗជាច្រើនរូបទៀត បានចេញមុខស្នើសុំទៅកាន់ក្រសួងធម្មការ និងសាសនា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ការ លើស្រ្តីលក់ឡេម្នាក់ ដែលបានតាំងខ្លួនថា មានបារមីព្រះនាងឥន្ទ្រទេវីចូលសណ្ឋិត ដែលកំពុងត្រូវបាន គេចែកចាយពេញបណ្ដាញសង្គម ។

សូមបញ្ជាក់ថា ថ្មីៗនេះ មានស្ត្រីម្នាក់ ដែលគេស្គាល់ថា ជាអ្នកលក់ឡេ និងឱសថបុរាណ តាមអនឡាញ ឈ្មោះអ្នកគ្រូលី ឱសថបុរាណខ្មែរ ព្យាបាលរោគ១៦មុខ បានបញ្ចេញសកម្មភាពជាបន្តបន្ទាប់ និងបានផ្សព្វ ផ្សាយនៅលើបណ្តាញសង្គម ដោយបានតាំងខ្លួនជាព្រះនាងឥន្ទ្រទេវី យាងមកដើម្បីជួយជាតិ ។

ស្ត្រីខាងលើ បានតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវី បានរាំចាក់ក្បាច់នៅក្នុងប្រាសាទព្រះខ័ន នៅមុខរូប ចម្លាក់ព្រះព្រះនាងឥន្ទ្រទេវី បង្ហាញអាការយំខ្សឹកខ្សួល អួលណែនឱរា ភ្ជាប់ជាមួយសំណេរនៅលើទំព័របណ្ដាញ សង្គម ហ្វេសប៊ុក របស់ខ្លួនថា “ឆ្នាំថ្មី នាងខ្ញុំសូមបើកបង្ហាញបារមីដូនតាខ្មែរយើង ព្រះនាងឥទ្រ្ទទេវី និងព្រះអង្គ (ជយវរ្ម័នទី៧) បានយាងចូលប្រាសាទបាខ័ន ។ ដល់ពេលបង្ហាញការពិតហើយ សូមកូនខ្មែរ មានការគោរពព្រ លឹងដូនតា ដើម្បីជាតិ (រូបភាព 66សន្លឹក មានសំឡេង) ពេលវេលានឹងបង្ហាញអ្វីដែលកូនខ្មែរ មើលមិនឃើញ និងមិនច្បាស់អំពីលោក (ការពិត មាសសុទ្ធមិនខ្លាចភ្លើង) កូនខ្មែរ នឹងមើលហើយព្រឺរោម (សម្រាប់តែមនុស្ស គោរព) ផ្ញើជូនអ្នកកំពុងតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវី“ ។

  តាមរយៈទំព័រហ្វេសប៊ុក ដដែល ស្រ្តីខាងលើ បានសរសេរបន្ថែម នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ថា “សូម ថ្វាយព្រះបារមី កូនចៅមកដល់ហើយ មិនតប មិនត ពេលវេលាបកស្រាយឲ្យច្បាស់ មិនប្រកាន់ ព្រោះការ មិនយល់មិនដឹង មិនច្បាស់ មិនគោរពដូនតាខ្លួន ព្រោះកុសលមិនទាន់ពេញ កុំលេងសើចច្រើនពេក នាង ខ្ញុំអត់ទំនេរលេងទេ មិនជឿដូនតា ទៅជឿពួក អ……ម ន ស ។ អ្នកសៀមរាប ស្អែកជួបជានិស្ស័យបុណ្យ សូមជូនពរកូនចៅដែរគោរព ជួបតែសុខ រីកចម្រើន កន្លែងបារមីស័ក្ដិសិទ្ធិបំផុតលើលោក“ ។

 ស្រ្តីដដែល បានសរសេរបន្ថែមថា “ពេលអុជធូប លើកដៃថ្វាយទេវតា ដល់ពេលទ្រង់យាងមកជួយ បែរជា ប្រមាថដូនតា? សូមឲ្យមានក្ដីសុខគ្រប់គ្នា មនុស្សដែលត្រូវអំពើ ដើរមិនរួច កុំថាឡើយ ២០ឆ្នាំ ក៏ដើររួចវិញបាន ការប្រមាថ ធ្វើឲ្យខាតបង់ មិនធ្វើឲ្យភ្លឺភ្នែក នៅតែល្ងឹត ខ្ញុំសួរទៅវិញថា បើខ្ញុំឲ្យអាចដើររួច តើអ្នកប្រមាថធ្វើ បែបណាជាមួយរូបខ្ញុំ? (ឲ្យចម្លើយមក) តាមនិស្ស័យចុះ សាងកុសលឡើងកូនចៅ“ ។

បន្ទាប់ពីបានឃើញរូបភាព វីដេអូ និងសំណេរ របស់ស្ត្រីខាងលើ លោកស្រី ចន ចន្ទលក្ខិណា ប្រធានស មាគមសិល្បករខ្មែរ បានសរសេរនៅលើទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកស្រីថា “ខ្ញុំសូមស្នើ សុំក្រសួងវប្បធម៌និងវិចិត្រសិល្ប: និងក្រសួងធម្មការនិងសាសនា សូមអញ្ជើញប្អូនស្រី ទៅពិគ្រោះយោបល់ផង ព្រោះតាមការឆាតជាមួយខ្ញុំ គាត់កំពុងតាំងខ្លួនជាព្រះនាងឥន្ទ្រទេវី យាងមកជួយជាតិ“ ។

 លោកស្រី ចន ចន្ទលក្ខិណា បានសរសេរបន្ថែមថា “ពេលដែលសម្លៀកបំពាក់នេះមកស្ថិតលើខ្លួនខ្ញុំភ្លាម គឺខ្ញុំសែនគោរពប្រណិបតិន៍ រៀបឥរិយាបថ រៀបឫករៀបពាឲ្យនឹងធឹង សមជាម្ចាស់ក្សត្រី ប្រចាំព្រះមហានគរ ពេលខ្ញុំសម្តែងជាតួអង្គតំណាងព្រះនាងម្តងៗ ខ្ញុំតែងរៀបបាយសីថ្វាយព្រះអង្គ ដើម្បីសុំសេចក្តីសុខ តែខ្ញុំមិន ដែលហ៊ានបួងសួងសុំព្រះបារមីព្រះនាងមកសណ្ឋិត ឬឃុំគ្រងនាងខ្ញុំ ដើម្បីសម្តែងឲ្យស័ក្តិសមជាព្រះនាង ពិតៗនោះទេ ព្រោះខ្ញុំគិតថា ខ្លួនខ្ញុំមិនបរិសុទ្ធស្អាតស្អំ100% ដែលអាចឲ្យព្រះនាងសណ្ឋិតបានទេ ព្រោះខ្ញុំ គិតថា ខ្ញុំនៅមានទោសៈ មោហៈ លោភៈក្នុងខ្លួន ដូច្នេះត្រឹមតែស្លៀកសម្លៀកបំពាក់ហើយ សម្តែងជាតួអង្គតំ ណាងព្រះនាង គឺពិតជាអស្ចារ្យលើសលប់ពេកហើយសម្រាប់ខ្ញុំ“ ។

  លោកស្រី ចន ចន្ទលក្ខិណា បន្តថា “ខ្ញុំជឿជាក់ថា ព្រះនាងមិនចូលសណ្ឋិតក្នុងរូបអ្នកស្នងណាទេ ដូច្នេះសូម កុំតាំងខ្លួនជាព្រះនាងឲ្យសោះ ខ្ញុំឃើញទង្វើនិងសកម្មភាពរបស់អ្នកស្នងខ្លះ គឺមានកាយវិការរាំមិនសម រម្យទាល់តែសោះ តាមការបង្ហាត់បង្រៀនពីសាស្ត្រាចារ្យនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់ខ្ញុំថា ឥរិយាបថព្រះនាង កុំថាឡើយកាយវិការម៉ឺងម៉ាត់ ហ្មត់ចត់ នឹងន ស្ងប់អារម្មណ៌ សូម្បីតែកែវភ្នែកព្រះនាង ក៏មិនងាកមើលឆ្វេងស្តាំទេ តែមួយរយ:នេះ ខ្ញុំឃើញអ្នកកំពុងស្នងរូបព្រះនាង ប្រៀបដូចកាយវិការស្រីរបាំ បែបទាក់ទាញកាមារម្មណ៍បែបស្រើបស្រាល កុំដើម្បីផលប្រយោជន៍របស់ខ្លួន យកព្រះនាងមកលេងសើច ប្រយ័ត្នបានស្នងក្នុងបន្ទប់រួម“ ។

ស្របនឹងការស្នើនិងការលើកឡើងរបស់លោកស្រី ចន្ទ ចន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ខាងលើ នេះ មានតារាសិល្បៈមួយចំនួនទៀត ក៏បានស្នើសុំក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសវប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងធម្មការនិងសាសនា ចាំបាច់មានវិធានការ ត្រួតពិនិត្យករណីនេះ ។

 ទោះបីយ៉ាងណា ឆ្លើយតបការស្នើសុំរបស់តារាសិល្បៈខ្មែរ ខាងលើ លោកសេង សុមុនី អ្នកនាំពាក្យក្រសួង ធម្មការនិងសាសនា បានបញ្ជាក់ថា ក្រសួង កំពុងស្រាវជ្រាវចាត់វិធានការលើករណីនេះហើយ គឺក្រសួង បាននិងកំពុងអនុវត្តភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ព្រមទាំងរួមសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធផងដែរ ។

 ជាមួយគ្នានេះ លោកស៊ុំ ម៉ាប់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ ប្រាប់ “នគរធំ” នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ថា សកម្មភាពរបស់បុរសស្ត្រី ពីរនាក់ប្ដីប្រពន្ធ ដែលតាំងខ្លួនជា ព្រះនាងឥន្រ្ទទេវី និងព្រះបាទជយវរ្ម័នទី៧ ទៅថតរូបនិងវីដេអូសម្តែងនៅប្រាសាទព្រះខ័ន ខេត្តសៀមរាប បង្ហោះផ្សាយពេញបណ្ដាញសង្គម ហ្វេសប៊ុក នោះ លោកចាត់ទុកជាមនុស្សឆ្កួតៗ បំពុលសង្គម ដើម្បីតែចង់ បានវីយូ (Views) ឬដើម្បីទាញការចាប់អារម្មណ៍ក្នុងប្រយោជន៍មុខរបរផ្ទាល់ខ្លួន ។ 

 លោកស៊ុំ ម៉ាប់ បានមានប្រសាសន៍ថា “អូ! មនុស្សពីរនាក់ដែលថតតាមហ្វេសប៊ុក ថ្ងៃមុនហ្នឹង! អូ! មានទៅ តាំងខ្លួនស្អី សុទ្ធតែមនុស្សឆ្កួតៗ គ្រាន់តែពេលថតហ្នឹង យើងទប់មិនទាន់ ។ ពួកហ្នឹង យើងនឹងបន្តទប់ ស្កាត់ ទៀត ។ ជាធម្មតាកាយវិការអ៊ីចឹង សាធារណជនមើលទៅ ដឹងតែមិនសមគ្រប់គ្នាហើយ ប៉ុន្តែវាមិនចំណេញទេ កាលណាជួយផ្សាយគាត់ ដូចជួយផ្សាយពាណិជ្ជកម្មពួកគាត់ អាចមានអាប្រភេទៗហ្នឹង មកលួចធ្វើទៀត វីវរ ហើយ! ប៉ុន្តែយើងខ្ញុំនឹងខំទប់ស្កាត់សកម្មភាពបែបហ្នឹងនៅទីតាំង ។ តាមពិតយើងមានភ្នាក់ងារ ប៉ុន្តែមិនដឹង យ៉ាងម៉េច បានភ្នាក់ងារភ្លាត់ មិនបានលុបរូបភាពគាត់ចោល វាភ្លាត់ដែរ អាហ្នឹងនិយាយឲ្យចំទៅ! យើងមាន ភ្នាក់ងារតាមប្រសាទតើ! ប៉ុន្តែមិនដឹងភ្លាត់ម៉េច គាត់ឲ្យថតរូបអ៊ីចឹងៗ យកមកបង្ហោះកើត ហើយសុទ្ធតែអ្នក បំពុលហើយ អាហ្នឹងបំផ្លាញតែម្ដង មិនមែនជួយជាតិទេ ដើម្បីបាន Views ដើម្បីការរកស៊ីតាមប្រព័ន្ធអន ឡាញណាមួយ ទម្រង់របស់គាត់ហ្នឹង គាត់ចេះតែធ្វើផ្ដេសផ្ដាស ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ទោះគាត់ខុស យើងបានត្រឹមអប់រំទេ ព្រោះយើងសុទ្ធតែខ្មែរដូចគ្នា ហើយយើងបន្តវិធានការចាំបាច់របស់យើង បន្តទប់ស្កាត់ នៅទីតាំងផ្ទាល់តែម្ដង ។ ជាមួយនេះ សកម្មភាពដែលអាចផ្សាយបានអ៊ីចឹង ដែលជាចន្លោះប្រហោងនៃ សមត្ថកិច្ច ក្នុងការត្រួតពិនិត្យហ្នឹង គួរសាធារណជនមិនបាច់ស៊ែរទេ ព្រោះបើស៊ែរឲ្យគាត់ ឲ្យអី ដូចជំរុញ ឲ្យគាត់ល្បីអ៊ីចឹង ជាប្រភេទព័ត៌មានដែលបំពុល ហើយធ្វើឲ្យប៉ះពាល់ទៅដល់ប្រពៃណី ទំនៀមទម្លាប់របស់យើង ហើយរឿងនេះ ធម្មតាកុំថាឡើយអ្នកសិល្បៈ ប្រជាជនធម្មតា ក៏មិនពេញចិត្តដែរ អាទម្រង់អស់ហ្នឹង ប៉ុន្តែយើង ខ្ញុំទទួលស្គាល់ថា មានការចន្លោះប្រហោងក្នុងការទប់ស្កាត់ហ្នឹង“ ៕ កុលបុត្រ

RELATED ARTICLES