ភ្នំពេញ ៖ បុរសម្នាក់ ផឹកស៊ីស្រវឹង រួចក៏ក្រោកដើរទៅសុំជល់កែវអ្នកផឹកស៊ីតុក្បែរគ្នា និងបបួលគេឱ្យមក ផឹកតុជាមួយគ្នា តែគេមិនព្រមជល់កែវ និងមិនមកផឹកជាមួយ ស្រាប់តែខឹងសម្បា ទៅហៅបក្ខពួកជិះម៉ូតូ កាន់ដាវ និងដំបង បំបុកចូលហាង បម្រុងវាយគេ តែត្រូវម្ចាស់ហាងទាញទ្វារបិទ និងចាប់ឃាត់បានជន ដៃដល់ម្នាក់ភ្លាមៗ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចហាងយីហោ ស៊ុបពពែ រស្មីឯករាជ្យ២ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍ សែនជ័យ។
ជនបង្កហេតុដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។ ចំណែកម៉ូតូដែលជនបង្កហេតុជិះបំបុកចូលហាង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JA-4329 និងមានដំបង ១ដើម ដែលជនសង្ស័យកាន់ក្នុងដៃ យកមកបម្រុងធ្វើ សកម្មភាពវាយ។
តាមប្រភពម្ចាស់ហាងខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ជនសង្ស័យបានចូលមកផឹកស៊ីនៅ ក្នុងហាងរបស់គាត់ បន្ទាប់ពីផឹកស្រវឹង ជនសង្ស័យបានទៅសុំជល់កែវជាមួយភ្ញៀវ នៅតុផ្សេងក្បែរគ្នា រួចហៅ ឱ្យគេឱ្យទៅអង្គុយផឹកជាមួយ តែគេមិនព្រមជល់កែវនិងផឹកជាមួយនោះទេ។
ម្ចាស់ហាង បន្តថា ភ្លាមៗនោះ ជនសង្ស័យខឹងគេ បែរជាកូរគេឯងពេញក្នុងហាង ពេលនោះគាត់ជាម្ចាស់ហាង បានធ្វើការសម្រួលឱ្យចប់រឿងរួចរាល់ហើយ ស្រាប់តែជនសង្ស័យ ជិះម៉ូតូចេញទៅបាត់។ លុះមួយសន្ទុះក្រោយមក បានហៅបក្ខពួក ១ក្រុម ជិះម៉ូតូ ៤គ្រឿង ប្រដាប់ដោយដាវ និងដំបង មកធ្វើសកម្មភាព ដោយជនសង្ស័យជិះម៉ូតូបុកចូលហាង តែម្នាក់ឯងមុនគេ។ ភ្លាមៗនោះ រូបគាត់ជាម្ចាស់ហាង បានទាញទ្វារបិទ រួចនាំគ្នាចាប់ឃាត់ខ្លួនជនសង្ស័យ បានម្នាក់ភ្លាមៗ ចំណែកបក្ខពួកផ្សេងទៀត បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ អស់។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើបានហើយ ម្ចាស់ហាងបានទាក់ទងប្តឹងសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកនាំ ខ្លួនជនសង្ស័យទៅសាកសួរ។
ក្រោយពេលកើតហេតុ បន្ទាប់ពីម្ចាស់ហាងបានមកបំភ្លឺ និងដាក់ពាក្យបណ្តឹងរួច សមត្ថកិច្ចបានកសាងសំណុំ រឿង បញ្ជូនជនសង្ស័យខាងលើ ទៅចាត់ការបន្តតាមនីតិវិធី៕