ភ្នំពេញ ៖ លោកយាយវ័យ៧៦ឆ្នាំម្នាក់មានជម្ងឺលើសឈាមប្រចាំកាយ ដើរដួលក្នុង បន្ទប់ទឹកបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរសន្លប់បាត់មាត់កដឹកយកទៅសង្រ្គោះនៅគ្លីនិកឯកជនចំនួន៣ ពុំមានគ្លីនិកណាហ៊ានទទួលដោយសារស្ថានភាពជម្ងឺធ្ងន់ពេក ត្រូវរថយន្តសង្រ្គោះ១១៩ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈគ្រូពេទ្យប្រាប់ ថាស្លាប់បាត់ហើយបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅ ភូមិត្រពាំង-ក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
លោកយាយរងគ្រោះ មានឈ្មោះ ញ៉ែមអ៊ូច ភេទស្រី អាយុ៧៦ ឆ្នាំ មានទីលំនៅ ភូមិ សង្កាត់កើតហេតុខាងលើ ។
បើតាមការអះអាងពីបុរសឈ្មោះ ហែម សំណាង អាយុ៣៦ឆ្នាំ ត្រូវជាកូនបង្កើតស្រ្តីរងគ្រោះបានឲ្យដឹងថា ម្តាយរបស់ខ្លួន ចាស់ជរា មានជម្ងឺប្រចាំកាយនៅវេលាម៉ោងខាងលើ ជនរងគ្រោះ ដើរដួលក្នុងបន្ទប់ទឹកបណ្តាលឲ្យរងរបួសសន្លប់បាត់មាត់ក ភ្លាមៗត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូយកទៅសង្រ្គោះនៅគ្លីនិកឯនជនមួយនៅក្បែរផ្សារជម្ពូវ័ន តែគ្រូពេទ្យមិនទទួលមើលប្រាប់ឲ្យទៅគ្លីនិកមួយទៀត ក្បែរនោះវិញ លុះទៅដល់ហើយខាងគ្លីនិកនៅតែមិនទទួលទៀត ដោយមិនបានប្រាប់ថាយ៉ាងម៉េចនោះទេ គ្រាន់តែប្រាប់ថាឲ្យទៅគ្លីនិកផ្សេងទៀតទៅ ។
ប្រភពដដែលទៀតថា ពេលទៅដល់គ្លីនិកមួយរុញឲ្យទៅគ្លីនិកមួយទៀតចំនួន៣គ្លីនិកទៅហើយ នៅតែមិនទទួលជួយសង្រ្គោះ ចំណាយពេលវេលាអស់ជិត១ម៉ោងគ្រាន់តែដឹកជនរងគ្រោះដើររកគ្លីនិកឲ្យជួយសង្គ្រោះ ចុងក្រោយទើបសម្រេចចិត្តដឹកជនរងគ្រោះទៅសំចតនៅផ្លូវជាតិលេខ៣ មុខបញ្ជាការដ្ឋានកងពលតូចលេខ៧០ ស្នើសុំការអន្តរាគមន៍ពីរថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដើម្បីសង្រ្គោះជីវិតម្តាយទាំងក្តីមិនអស់ចិត្ត ។
ស្ត្រីរងគ្រោះបន្ទាប់ពីក្រុមសង្រ្គោះពិនិត្យជាក់ស្តែងឃើញថា ផុតដង្ហើមទៅហើយ តែដោយសារការទទូចស្នើសុំពីក្រុមគ្រួសារ មេត្តាជួយដឹកបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យរដ្ឋ ។
ចុងក្រោយជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តែត្រូវបាន គ្រូពេទ្យបញ្ជាក់ថា បានស្លាប់បាត់ទៅហើយ ទើបប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សោល វណ្ណៈ