Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កូនប្រមូលខោអាវដុត ឆេះផ្ទះម៉ែ

 កូនប្រមូលខោអាវដុត ឆេះផ្ទះម៉ែ

ភ្នំពេញ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ដោយមូលហេតុបណ្តាលមកពីកូនម្ចាស់ផ្ទះ ប្រមូលខោអាវដុតនៅក្នុងផ្ទះ បង្កឱ្យរាលឆេះដល់ផ្ទះទាំងមូល និងផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះបាញ់ទឹកពន្លត់ ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង២០នាទីព្រលប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះលេខ១៩ ជាន់ទី១ ផ្លូវលេខ១៨២ ភូមិ៧ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។លំនៅឋានប្រជាពលរដ្ឋដែលរងការឆាបឆេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ-ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋរាយ ការណ៍មកកាន់លេខទូរស័ព្ទ ៦៦៦ ដើម្បីសុំកិច្ចអន្តរាគមន៍ឱ្យសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យចេញជួយសង្គ្រោះ ករណីអគ្គិភ័យមួយដែលបានកើតឡើងនៅចំណុចខាងលើភ្លាម លោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍សង្គ្រោះភ្លាមៗ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បន្តថា ក្រោយកើតហេតុ កម្លាំងនគរបាល និងរថយន្តពន្លត់អគ្គិភ័យបានទៅ ដល់ទីតាំងកើតហេតុ និងបានធ្វើការជួយសង្គ្រោះ អន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យរលត់ទាំងស្រុង ដោយប្រើ ប្រាស់រថយន្តចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប និងរថយន្តជំនួយមកពីផ្សារទំនើប អូឡាំព្យ៉ា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៤ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយទីតាំងខាងលើ ជាប្រភេទសំណង់ថ្មបេតុង ទំហំ ៣ម៉ែត្រ គុណនឹង ៤ម៉ែត្រ និងបង្កឱ្យខូចខាតសម្ភារ ឆេះបន្ទប់ដាក់សម្ភារៈជាន់ទី១ ទាំងស្រុង រួមទាំងសម្ភារៈអស់ មួយចំនួន។

ចំពោះមូលហេតុ ដែលបណ្តាលឱ្យមានករណីអគ្គិភ័យខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានឱ្យដឹង ជាបឋមថា គឺបណ្តាលមកពីមនុស្សមានសតិមិនគ្រប់ក្នុងគ្រួសារ បានដុតសម្លៀកបំពាក់ ទើបបង្កជាអគ្គិភ័យ តែម្តង។

ទោះជាយ៉ាងនេះក្តី អគ្គិភ័យនេះ ពុំបណ្តាលឱ្យអ្នកណាម្នាក់រងរបួស និងមិនបានឆេះរាលដាលដល់អ្នកក្បែរ ខាងឡើយ៕

RELATED ARTICLES