ភ្នំពេញ ៖ បន្ទាប់ពីសង្កេតឃើញថា មានមជ្ឈដ្ឋានមួយចំនួន តែងមានទស្សនៈអវិជ្ជមានចំពោះជាតិសាសន៍របស់ខ្លួន ថាតាមរយៈការជ្រៀតជ្រែកអធិបតេយ្យ បូរណភាពទឹកដី ពីប្រទេសជិតខាង និងការបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ ប្រទេសកម្ពុជា អាចនឹងរលាយបាត់ឈ្មោះពីផែនទីពិភពលោក ឬអាចនឹងក្លាយជាជនជាតិដើមភាគតិចដូចប្រទេសចំប៉ា ជាដើមនោះ អ្នកវិភាគបានដាស់តឿនក្រើនរំលឹកឲ្យខ្មែរ ឈប់ប្រើផ្នត់គំនត់បែបនេះតទៅទៀត ដោយសូមកុំពូកែតែថា ខ្មែរ នឹងរលត់រលាយនៅប៉ុន្មានទសវត្សទៀត តែត្រូវពូកែរកគំនិតធ្វើឲ្យខ្មែរ នៅរឹងមាំដូចថ្មវិញ ឬបានតែថា អត់ធ្វើ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “កុំពូកែតែថាខ្មែរ អាចនឹងរលត់រលាយនៅប៉ុន្មានទសវត្សទៀត តែត្រូវពូកែរកគំនិតថា ធ្វើអ្វីខ្លះ និងធ្វើម៉េច ឲ្យខ្មែរ នឹងនៅរឹងមាំដូចថ្មវិញ“ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរបន្ថែមថា “អ្នកទុទិ្ទដ្ឋិនិយម ថាមិនងាយកែ អ្នកសុទិដ្ឋិនិយម ថាពិតជាមិនងាយកែមែន តែមិនមែនថា កែមិនកើតនោះទេ“ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា ជាការសង្កេតឃើញ ខ្មែរ ច្រើនឈរមើល ទល់ត្របកភ្នែកមើល មិនគិតសកម្មទេ ច្រើនតែគិតទុទ្ទិដ្ឋិនិយម ឬគិតអវិជ្ជមាន ហើយចេះតែស្រែកថា សង្វេគណាស់ខ្មែរ អនិច្ចាណាស់ខ្មែរ ដែលការស្រែកបែបនេះ គ្មានបានលទ្ធផលអ្វីជាវិជ្ជមានទេ គឺត្រូវតែធ្វើឲ្យមានភាពសកម្មទាំងអស់គ្នា ចៀសវាងដូចពាក្យសាមញ្ញថា «បានតែថា អត់ធ្វើ» នោះ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “អ៊ីចេះ! បើតាមខ្ញុំមើល យើងហ្នឹងមានផ្នត់គំនិតដែលខ្ញុំចាត់ទុកថា ជាទូទៅហ្នឹង ទុទ្ទិដ្ឋនិយម ឬក៏ការគិតអវិជ្ជមាន ហើយគឺយើងមិនសូវសកម្មទេ ដូចជាចេះតែទាយអ៊ីចឹងទៅ គឺថ្នូរឲ្យរហ៊ឺះអ៊ីចឹងទៅ ហ៊ឺ! បន្តិចទៀតរលាយហើយ… អ៊ីចឹងៗ ហើយយើងគិតតែរឿងកងទ័ព គិតតែស្អីហ្នឹង មិនគិតរកមធ្យោបាយផ្សេងៗអីទៀត ។ ដូចខ្ញុំអ៊ីចឹង បានធ្វើព្រាងច្បាប់មួយ ដើម្បីការពារព្រំដែន គឺអភិវឌ្ឍព្រំដែន ដាក់មនុស្ស គឺយុទ្ធសាស្រ្តមនុស្សទប់មនុស្ស ជុំវិញនៅតាមឃុំ ឬស្រុក នៅតាមព្រំដែន ជុំវិញប្រទេសកម្ពុជា ហើយក៏ដើម្បីឲ្យមានការចាប់អារម្មណ៍ថែមទៅទៀតហ្នឹង ដាំដើមឈើ ជាពិសេសដើមត្នោត ហ្នឹងរាប់ជួរ ជុំវិញប្រទេសកម្ពុជា អ៊ីចឹងទៅ ។ អាហ្នឹងជាគំនិតវិជ្ជមាន យើងគិតសកម្ម តែយើងគឺអ៊ីចឹង គឺនៅតែចាំមើល ច្រើនឈរមើល ទល់ត្របកភ្នែកមើល មិនគិតសកម្មទេ ខ្ញុំឃើញទូទៅអ៊ីចឹង ហើយមិនឆ្ងល់ទេ ហើយជនជាតិដែលសន្យា ដែលសឹងតែរលាយម្ដង ពីរដងហើយនោះ គឺច្រើនតែមានទស្សនៈអវិជ្ជមាន ទស្សនៈទុទ្ទិដ្ឋនិយម“ ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “ចំពោះខ្ញុំ ដែលចាស់ប៉ុណ្ណឹងហើយ ខ្ញុំបានធ្វើដំណើរទៅប្រទេសច្រើនដែរ ស្គាល់ជនជាតិមួយពីរសំខាន់ៗហ្នឹង ដោយសារការរស់នៅជាមួយគេហ្នឹង យើងត្រូវប្ដូរអាផ្នត់គំនិតហ្នឹង គឺពីគិតទុទ្ទិដ្ឋិនិយម ឬគិតអវិជ្ជមាន ទៅគិតវិជ្ជមាន សកម្ម សុទិដ្ឋនិយម ។ អាហ្នឹងពិបាកដែរ គឺមិនងាយកែប្រែផ្នត់គំនិតហ្នឹងឆាប់រហ័សបានទេ ប៉ុន្តែគឺគេអាចចាប់ផ្ដើមពីនៅសាលា គេអប់រំក្មេងហ្នឹង ឲ្យគិតសកម្ម កុំថាពិបាក ។ បើពិបាក ពិបាកហើយ ប៉ុន្តែមិនមែនថាធ្វើមិនកើតទេ គឺយើងធ្វើកើត ហើយដូចថាវាសនារបស់ប្រទេសកម្ពុជា គឺវាសនារបស់បុគ្គលម្នាក់ៗ វាជាប់ជំពាក់នឹងវាសនារបស់ជាតិយើង ។ អាហ្នឹងត្រូវយល់អ៊ីចឹង ហើយបើប្រវត្តិសាស្រ្តយើង បញ្ជាក់អ៊ីចឹងតែម្ដង ។ ដូច្នេះយើងមានចំណែកក្នុងសង្គមយើង ប្រទេសយើង ម៉្លោះហើយចូលរួមចំណែក ។ អាហ្នឹងវាជាកាតព្វកិច្ច ឬករណីយកិច្ច“។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តទៀតថា “ចំពោះចំណុចទន់ជ្រាយ គឺយើងបានតែទាយ ចេះតែថា ប៉ុន្តែអត់ធ្វើ ។ យើងត្រូវការធ្វើ ច្រើនជាងថា ។ អាហ្នឹងគឺវាពាក់ព័ន្ធនឹងអត្តចរិតរបស់កម្ពុជាយើង គឺជនជាតិហ្នឹងឯង ។ បើកាលណាអត្តចរិតរឹងមាំហើយ គឺយើងអាចសង្ឃឹមថា សង្គមហ្នឹងវារឹងមាំហើយ ហើយតែសង្គមរឹងមាំ គឺប្រទេសយើងរឹងមាំហើយ ។ ក្នុងន័យនេះ មានខ្លះក៏គេមានគំនិតសុទិដ្ឋិនិយមហើយដែរ ប៉ុន្តែឲ្យច្រើនឡើងថែមទៀត កុំគិតតែទុទ្ទិដ្ឋិនិយម ។ ខ្ញុំថាដូចនៅក្នុងហ្វេសប៊ុក អ៊ីចឹង ដែលថា អូ! ខ្មែរសង្វេគណាស់!…។ ខ្មែរអត់រឿងសង្វេគហ្នឹងទេ គឺគិតរឿងមានបញ្ហាដោះស្រាយ ហើយក៏កុំប្រើពាក្យអនិច្ចា! ត្រូវចាត់វិធានការ ផ្ដល់គំនិត ហើយខ្លះចង់បានគំនិតហ្នឹង ឲ្យទៅជាសកម្មភាពភ្លាមៗ មិនអ៊ីចឹងទេ! ឲ្យតែមានគំនិតមក គឺគំនិតវិជ្ជមាន គេធ្វើ! ហើយឈប់មានគំនិតដូចខ្ញុំថា ពងទាកូន សម្លាប់មិនទាន់ញាស់ ហើយតាមពិតទៅ រដ្ឋាភិបាល ត្រូវដឹកមុខ រឿងការកែប្រែផ្នត់គំនិតនេះ“ ។
ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា សម្រាប់លោក មិនឯកភាពជាមួយនឹងទស្សនៈលើកឡើងថា ខ្មែរនឹងរលត់រលាយពីផែនទីពិភពលោក ឬក៏បាត់បង់ឈ្មោះពីទឹកដីដែលមានអាយុកាលរាប់ពាន់ឆ្នាំ ក្នុងរយៈពេលដ៏ខ្លីមុខនេះនោះទេ ទស្សនៈបែបនេះ គឺជាទស្សនៈបែបទុទ្ទិដ្ឋិនិយម បែបអស់សង្ឃឹម បែបអវិជ្ជមាននិយមចំពោះជាតិ ហើយក៏ជាទស្សនៈដែលបង្ហាញអំពីកង្វះការទទួលខុសត្រូវ ។ ដូច្នេះត្រូវតែខិតខំប្រឹងប្រែងអភិវឌ្ឃចំណេះ ជំនាញ ចូលរួមធ្វើឲ្យរុងរឿងថ្កុំថ្កើងរឹងមាំដូចថ្ម តាមស្មារតីអង្គរ និងពង្សាវតារខ្មែរ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍ថា “បាទ! សម្រាប់ខ្ញុំៗមិនឯកភាពជាមួយនឹងទស្សនៈលើកឡើងថា ខ្មែរនឹងរលត់រលាយពីផែនទីពិភពលោក ឬក៏បាត់បង់ឈ្មោះពីទឹកដីដែលមានអាយុកាលរាប់ពាន់ឆ្នាំអីទេ ពីព្រោះសម្រាប់ខ្ញុំៗមើលឃើញទស្សនៈបែបហ្នឹង គឺជាទស្សនៈបែបទុទ្ទិដ្ឋិនិយម បែបអស់សង្ឃឹម បែបអវិជ្ជមាននិយមចំពោះជាតិ ហើយក៏ជាទស្សនៈដែលបង្ហាញអំពីកង្វះការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងក្នុងនាមជាខ្មែរម្នាក់ ពីព្រោះទឹកដីខ្មែរនេះ វាកកើតមកតាំងពីមុន គ.ស ហើយដូនតាខ្មែរយើងបានខិតខំប្រឹងប្រែងកសាងតាំងពីអាណាចក្រខ្មែរ ប្រទេសកម្ពុជា ហ្នឹងក្លាយទៅជាអាណចក្រមួយ ហើយទោះបីជាក្រោយដួលរំលំនៃសម័យអង្គរ ប្រទេសខ្មែរយើងបានរួមតូច ហើយឆ្លងកាត់សង្រ្គាម ចម្បាំងរាំងជល់រាប់សតវត្សរ៍ ជាសង្រ្គាមរ៉ាំរ៉ៃ ៥០០ចុងក្រោយនេះក្ដី ប៉ុន្តែកម្ពុជាយើង ប្រទេសខ្មែរយើង នៅតែមានអត្ថិភាពដូចសព្វថ្ងៃ ហើយនៅក្នុងសម័យទំនើបនេះ ក៏ដូចជាការរស់និងរីកចម្រើនឡើងវិញរបស់ខ្មែរយើង ក្នុងរយៈពេលយ៉ាងហោចណាស់ក៏ ៣០ឆ្នាំចុងក្រោយនេះ ខ្ញុំមើលឃើញថា ទោះបីជាប្រទេសយើងតូច បើប្រៀបធៀបទាំងទំហំដីទៅនឹងប្រទេសជិតខាងយើង ជាពិសេសវៀតណាម និងថៃ ប្រជាជនយើងតិចក្ដី ប៉ុន្តែអ្វីដែលខ្មែរយើងមាននោះ គឺខួរក្បាលខ្មែរ ហើយប្រសិនយើងនាំគ្នាចេះប្រើខួរក្បាលខ្មែរ ឈាមខ្មែរ ដែលជាខួរក្បាលដែលតពីដូនតាខ្មែរពីសម័យអង្គរ អាណាចក្រអង្គរហ្នឹង ជាមហាអំណាចមួយ ហើយធ្វើឲ្យខិតខំប្រឹងប្រែងគិត និងធ្វើកិច្ចការងារដើម្បីជាតិ កសាងសង្គមខ្មែរហ្នឹង ឲ្យវារីកចម្រើនរុងរឿង ដូចចម្រៀងពង្សាវតារខ្មែរ ខ្ញុំជឿថា ជាតិសាសន៍ខ្មែរ ពូជពង្សខ្មែរនេះ នឹងមិនបាត់ទៅណាទេ ប៉ុន្តែបើយើងធ្វើបាន យើងខិតខំទាំងអស់ ប្រទេសកម្ពុជា នឹងរីកចម្រើនរុងរឿង មានឥទ្ធិពលខ្លាំងក្លា ហើយនិងអាចជះឥទ្ធិពលផ្សព្វផ្សាយវប្បធម៌ អរិយធម៌យើងហ្នឹងទៅកាន់ពិភពលោក ជាចំណែកមួយធ្វើឲ្យពិភពលោកហ្នឹង កាន់តែមានការរីកចម្រើនផងដែរ ។ ដូច្នេះអនាគតរបស់កម្ពុជា យើងកុំទៅមើលឃើញថា ដេកចាំទេវតាមកជួយ ប៉ុន្តែអាស្រ័យទៅលើការខិតខំប្រឹងប្រែងរបស់យើងថ្ងៃនេះ និងការខិតខំប្រឹងប្រែងរបស់ខ្មែរជំនាន់ក្រោយ ពីថ្ងៃស្អែកទៅ“ ។
លោកបណ្ឌិត ប៉ា ចន្ទរឿន បានមានប្រសាសន៍បន្តថា “ជារួម ដើម្បីឲ្យខ្មែរ រឹងមាំដូចថ្ម យើងត្រូវស្គាល់ពីសាវតារខាងដើមថា យើងហ្នឹងមិនមែនជាពូជពង្សចោលម្សៀតទេ គឺជាជនជាតិ គឺជាជាតិសាសន៍ដែលមានអរិយធម៌រុងរឿង បើទៅឃើញតែអង្គរទៅ ក៏យើងព្រឺក្បាលខ្លួនឯងដែរ យើងសឹងតែមិននឹកស្មានថា ដូនតាយើងធ្វើបាន ហើយដូនតាយើងធ្វើអង្គរ យើងកសាងរាជធានីមួយដែលធំជាងប៉ារីស ដែលពួកបស្ចិមប្រទេស មិនទាន់ទាំងមានលទ្ធភាពធ្វើដូចខ្មែរយើងផង ។ ដូច្នេះទី១ ត្រូវស្គាល់ថា ខ្លួនយើងហ្នឹងជាអ្នកណា? ដូនតាយើងហ្នឹងជាអ្នកណា? ហើយអ្វីដែលដូនតាយើងបានធ្វើពីមុនមក សម័យនេះ និងសម័យក្រោយហ្នឹង គួរតែខិតខំប្រឹងប្រែងធ្វើឲ្យបានល្អជាងដូនតាយើង ហើយឈរនៅលើចរិត ឈរលើមនសិការ ឈរលើស្មារតីរបស់ដូនតាយើងដែលធ្វើបានល្អ ។ ទី២ ត្រូវលើកកម្ពស់ការរួបរួមសាមគ្គីជាតិ ស្មារតីស្នេហាជាតិ និងការខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះ ជំនាញ រៀនសូត្រឲ្យបានទូលំទូលាយ ឲ្យបានខ្ពង់ខ្ពស់ ហើយយកចំណេះដឹងហ្នឹង មកធ្វើកិច្ចការងារដើម្បីកសាងទាំងជីវភាពរស់នៅខ្លួនឯង ក៏ដូចជាកសាងសង្គមខ្មែរយើងហ្នឹង ឲ្យវារុងរឿងថ្កុំថ្កើង តាមស្មារតីអង្គរ ពង្សាវតារខ្មែរយើង ហើយបើយើងនៅប្រកាន់ឥរិយាបថនិងផ្នត់គំនិតបែបនេះ ខ្ញុំជឿថា មិនយូរមិនឆាប់ទេ យ៉ាងយូរមិនដល់កន្លះសតវត្សរ៍ផង ស្ថានភាពបច្ចុប្បន្ន អាចរំដោះខ្លួនចេញពីភាពក្រីក្រ ហើយក្លាយទៅជាប្រទេសអ្នកមាន ក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ ប្រជាជនមានជីវភាពរស់នៅខ្ពង់ខ្ពស់ ហើយរស់ប្រកបដោយកិត្តិយសដូចជាតិសាសន៍ដទៃទៀត ដែលជាពលរដ្ឋនៅក្នុងប្រទេសដែលមានការអភិវឌ្ឍខ្ពស់ផងដែរ“ ។
ជាមួយគ្នានោះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា ពាក្យថា មានការចូលជ្រៀតជ្រែកពីប្រទេសជិតខាង វារឿងមួយត្រឹមត្រូវហើយ ហើយយើងតែងតែឃើញប្រទេសនានានៅជុំវិញពិភពលោក គឺមិនចង់ឲ្យប្រទេសរបស់ខ្លួនក្លាយទៅជាឧបករណ៍នៅក្រោមគំនាប ឬនៅក្រោមការចាត់ចែងរបស់ប្រទេសណាមួយនោះទេ ។ មនុស្សទាំងអស់គ្នា គួរតែរៀបចំខ្លួន ចេះឃ្លាំមើលនូវរាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ជាតិ ធ្វើឲ្យប៉ះពាល់ទៅដល់អធិបតេយ្យជាតិ និងផលប្រយោជន៍របស់ប្រទេស ។
លោកសេក សុជាតិ បានមានប្រសាសន៍ថា “បាទ! ទាក់ទងនឹងបញ្ហានេះ ខ្ញុំយល់ថា ពាក្យថា មានការចូលជ្រៀតជ្រែកពីប្រទេសជិតខាងអីហ្នឹង វារឿងមួយត្រឹមត្រូវហើយ ហើយយើងតែងតែឃើញប្រទេសនានានៅជុំវិញពិភពលោក គឺមិនចង់ឲ្យប្រទេសរបស់ខ្លួនក្លាយទៅជាឧបករណ៍នៅក្រោមគំនាប ឬនៅក្រោមការចាត់ចែងរបស់ប្រទេសណាមួយនោះទេ ។ ដូច្នេះពាក់ព័ន្ធជាមួយបញ្ហានេះ ខ្ញុំយល់ឃើញថា នៅក្នុងនាមជាជាតិសាសន៍មួយ នៅក្នុងនាមជាប្រទេសមួយ យើងគួរតែគិតទៅដល់ផ្លូវវិជ្ជមាន ដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹង ដោយប្រជាពលរដ្ឋខ្លួនឯង ក្នុងនាមជាម្ចាស់ប្រទេស ម្ចាស់អំណាច គួរតែប្រើប្រាស់ឥទ្ធិពលនិងអំណាចនោះ ជ្រើសរើសយកមេដឹកនាំណាដែលមានលទ្ធភាព ដែលមានសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹង ហើយបញ្ហាទាំងអស់ វាកើតចេញពីការរួមគ្នា ការសហការគ្នាក្នុងចំណោមប្រជាពលរដ្ឋភាគច្រើន ដើម្បីធ្វើឲ្យប្រទេសរបស់ខ្លួនមានឯករាជ្យភាព មានអធិបតេយ្យ ក៏ដូចជាអាចសម្រេចជោគវាសនាដោយខ្លួនឯងបាន ។ ដូច្នេះបើសិនជាក្នុងករណីដែលយើងធ្វើការដាក់បន្ទុក ហើយនិងធ្វើការបន្ទោសគ្នាទៅលើបញ្ហាទាំងអស់នេះ វាមិនបានជួយដោះស្រាយទៅលើបញ្ហាធំៗរបស់សង្គម របស់ប្រទេសជាតិ ហើយនិងរបស់ប្រជាពលរដ្ឋទេ ។ ផ្ទុយទៅវិញ ទង្វើទាំងអស់នេះ អាចនឹងក្លាយទៅជាចលនាមួយ ឬក៏ជាចលករមួយ ដែលធ្វើឲ្យការបែកបាក់ផ្ទៃក្នុងសាមគ្គីជាតិកាន់តែធ្ងន់ធ្ងរ ហើយខ្មែរលែងមានទំនុកចិត្តលើគ្នា លែងជឿជាក់លើគ្នា“ ។
លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់សិទ្ធិនិងអំណាច ព្រមទាំងអនាគតរបស់ប្រទេសជាតិ ។ ដូច្នេះហើយខ្ញុំយល់ថា គ្រប់យ៉ាងគួរតែធ្វើការរៀបចំនិងចាត់ចែងឲ្យបានល្អ ស្របទៅនឹងបរិបទនៅក្នុងនាមជាចំណែក ឬជាម្ចាស់ប្រទេស ដោយធ្វើការឲ្យបានសកម្មនៅក្នុងសង្គម ហើយធ្វើការប្រយុទ្ធប្រឆាំងរាល់ទង្វើអសកម្មទាំងឡាយ ឬក៏ទង្វើទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់អធិបតេយ្យ បូរណភាពទឹកដីរបស់ប្រទេសជាតិ ហើយមិនគួរប្រជាពលរដ្ឋខ្លាចនៅក្នុងការផ្លាស់ប្ដូរមេដឹកនាំ ដើម្បីធានាឲ្យបាននូវការការពារទឹកដី និងបូរណភាពទឹកដីរបស់ប្រទេស ។ ដូច្នេះអ្វីដែលខ្ញុំសង្កត់ធ្ងន់ គឺចង់ឃើញខ្មែរ មានការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ នៅក្នុងការកំណត់ជោគវាសនា តាមរយៈការជ្រើសរើសតំណាង ហើយនិងមេដឹកនាំប្រទេសរបស់ខ្លួន ធ្វើយ៉ាងណាឲ្យស្របទៅនឹងរដ្ឋធម្មនុញ្ញ ហើយនិងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានក្លាយទៅជាប្រទេសមួយ ដែលមានឯករាជ្យភាពពេញលេញ មិនស្ថិតនៅក្រោមឥទ្ធិពលនិងអំណាចនៃប្រទេសណាមួយ ។ ជាយោបល់របស់ខ្ញុំ យល់ថា បញ្ហាទាំងអស់ វានឹងអាចធ្វើប៉ះពាល់ធ្ងន់ធ្ងរណាស់ ទៅដល់ប្រទេសជាតិ បើសិនជាយើងមិនអាចរួបរួមសាមគ្គី ហើយយើងមិនយកគំនិតវិជ្ជមាន ឬក៏គំនិតដែលធ្វើឲ្យមានការបង្រួបបង្រួមនិងផ្សះផ្សាជាតិ ដើម្បីស្វែងរកនូវដំណោះស្រាយមួយឲ្យបានទេ វាគឺជាឧបសគ្គមួយដ៏ធំសម្រាប់អនាគតរបស់ប្រទេសរបស់យើង“ ។
លោកសេក សុជាតិ បានមានប្រសាសន៍បន្តទៀតថា “ដូច្នេះខ្ញុំយល់ថា មនុស្សទាំងអស់គ្នា គួរតែរៀបចំខ្លួន ចេះឃ្លាំមើលនូវរាល់សកម្មភាពទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ជាតិ ធ្វើឲ្យប៉ះពាល់ទៅដល់អធិបតេយ្យជាតិ ធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ប្រទេស ហើយនិងប្រជាពលរដ្ឋ ហើយក្នុងនាមជាប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់អំណាច នៅក្នុងនាមជាបុគ្គលដែលជាស្នូលនៅក្នុងសង្គម គឺត្រូវតែតាមដានការអនុវត្ត ហើយនិងធ្វើសេចក្ដីសម្រេចចិត្ត ដោយឈរលើមូលដ្ឋានច្បាស់លាស់មួយ តើធ្វើយ៉ាងណាដើម្បីបញ្ចប់ឬក៏បញ្ចៀសកុំឲ្យមានការបង្កើតនូវអរិភាព ឬក៏ការរើសអើងគ្នានៅក្នុងសង្គម ហើយកុំឲ្យមានការបែងចែកនូវវណ្ណៈ បក្ខពួក ហើយក៏ដូចជាបង្កើតឲ្យមាននូវហិង្សានៅក្នុងសង្គមអីជាដើម ។ ដូច្នេះយើងអាចប្រើប្រាស់ការបង្រួបបង្រួម និងផ្សះផ្សាជាតិ ដើម្បីផ្ដល់នូវអត្ថប្រយោជន៍ដល់សង្គមរបស់យើង កាន់តែច្រើនជាង មួយថ្ងៃទៅមួយថ្ងៃ ដើម្បីធានាទៅដល់ភាពច្បាស់លាស់ ហើយនិងផ្ដល់នូវចំណុចវិជ្ជមានជាមូលដ្ឋាននៅក្នុងការសម្រេចជោគវាសនារបស់ប្រទេសជាតិដោយខ្លួនយើង ក្នុងនាមជាម្ចាស់ប្រទេស ម្ចាស់អំណាចរួមគ្នានេះ“ ៕ កុលបុត្រ