Thursday, January 23, 2025
Homeព័ត៌មានជាតិសហការីកឹម សុខា ថា ២០លានដុល្លារ អ្នកឧកញ៉ា បានពីញើសឈាមអ្នកក្រ

សហការីកឹម សុខា ថា ២០លានដុល្លារ អ្នកឧកញ៉ា បានពីញើសឈាមអ្នកក្រ

ភ្នំពេញ ៖ សហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងថា អ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានលុយ ២០លានដុល្លារ ពីញើសឈាមអ្នកក្រ តាមរយៈការលក់ផ្ទះល្វែង ឲ្យពួកគាត់ ហើយយកលុយនោះទៅជួយរាជរដ្ឋាភិបាល តែចុងក្រោយ មិនបានសង់ផ្ទះឲ្យពួកគាត់រស់នៅទេ ថែមទាំងមិនដោះស្រាយជូនពួកគាត់ទៀត ធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការតវ៉ា ព្រោះខំខ្ចីលុយធនាគារ មកទិញផ្ទះ តែមិនបានផ្ទះនៅ ហើយក្រុមហ៊ុនមិនចេញមុខមកដោះ ។ ដូច្នេះសហការីលោកកឹម សុខា ស្នើទៅអតីតនាយករដ្ឋមន្រ្តី សម្ដេចហ៊ុន សែន ដែលធ្លាប់ទទួលយកអំណោយមនុស្សធម៌ និងជួយលើកតម្កើងអ្នកឧញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា  គួរចេញមុខដោះស្រាយជូនប្រជាពលរដ្ឋដែលជាអតិថិជនទិញផ្ទះពីក្រុមហ៊ុនឡេង ណាវ៉ាត្រា  នេះ ។

លោកមុត ចន្ថា ជំនួយការលោកកឹម សុខា និងជាអតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ បានបង្ហោះរូបភាពអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងភរិយា ដកលុយមួយគំនរ ពីធនគារ និងរូបភាពផ្តល់អំណោយជាថវិកា ជួយកាកបាទក្រហមកម្ពុជា និងជួយប្រទេសឡាវ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ជាមួយសំណេរថា “រដ្ឋាភិបាល គួរបង្វែរលុយ $២០លាន សាង់សង់ផ្ទះ! តើលុយចំនួនជាង ២០លានដុល្លារ ដែលឧកញ៉ាឡេង ណាវ៉ាត្រា បានយកទៅឧបត្ថម្ភរដ្ឋាភិបាល និងកាកបាទក្រហម ហើយនិងរដ្ឋាភិបាលលាវ ចំនួន $២លាន បានពីណា? ច្បាស់ណាស់ លុយទាំងនេះ គឺបានមកពីការទិញផ្ទះរបស់ប្រជាពរដ្ឋខ្មែរក្រីក្រ ដែលបានខ្ចីបុលពីធនាគារ ដែលឧកញ៉ាឡេង ណាវ៉ាត្រា បានសន្យាសាងសង់ផ្ទះឱ្យពួកគាត់ ប៉ុន្តែរហូតមកដល់ពេលនេះ មិនបានសាងសង់ផ្ទះឱ្យពួកគាត់ឡើយ“ ។

លោកមុត ចន្ថា បន្តថា “លោកឡេង ណាវ៉ាត្រា បានសុំឱ្យប្រជាពលរដ្ឋ អ្នកទិញ យោគយល់ដល់ខ្លួន ចំពោះការយឺតយ៉ាវក្នុងការសាងសង់ផ្ទះ ដោយសារវិបត្តិសេដ្ឋកិច្ច។ ការលើកឡើងរបស់លោកឡេង ណាវ៉ាត្រា មិនសមហេតុផល ព្រោះ ៖ ទី១. ប្រសិនជាឡេង ណាវ៉ាត្រា មិនបានយកលុយថ្លៃទិញផ្ទះរបស់អ្នកទិញ ទៅឱ្យរដ្ឋាភិបាល និងកាទក្រហមកម្ពុជា ជាង ២០លានដុល្លារ ម៉្លេះអាចសាងសង់ផ្ទះរួចទៅហើយ ។ ទី២. ឡេង ណាវ៉ាត្រា បានរំលោភលើកិច្ចសន្យាជាមួយអ្នកទិញ។ ទី៣. ឡេង ណាវ៉ាត្រា បានកែប្រែកិច្ចសន្យា ដោយគ្មានការយល់ព្រមពីអ្នកទិញ ដោយសុំបង់ខាត $១០0/ខែ ដល់អ្នកទិញ ចំពោះការយឺតយ៉ាវក្នុងការសាងសង់ ដែលមិនអាចយកទៅបង់ការប្រាក់របស់ធនាគារបាននោះទេ។ ទី៤. ឡេង ណាវ៉ាត្រា បានពន្យារពេលសាងសង់ផ្ទះ ជាង ០២ឆ្នាំ ដែលរំលោភបំពានកិច្ចសន្យាជាមួយអ្នកទិញ“ ។

លោកមុត ចន្ថា បន្តទៀតថា “ដំណោះស្រាយ ៖ ទី១. រដ្ឋាភិបាល គួរតែមានវិធានការការច្បាប់ និងតុលាការ ដើម្បីចាប់បង្ខំឱ្យឡេង ណាវ៉ាត្រា សាងសង់ផ្ទះឱ្យអ្នកទិញ ក្នុងពេលជាក់លាក់ ដោយគ្មានការពន្យារ ឬទូទាត់ទាំងប្រាក់ដើមទិញផ្ទះ និងការប្រាក់ ឱ្យអ្នកទិញគ្រប់ចំនួនវិញ។ ទី២. រដ្ឋាភិបាល គួរតែបង្វែរប្រាក់ជាង ២០លានដុល្លារ ដែលឡេង ណាវ៉ាត្រា បានយកទៅឧបត្ថម្ភ ដើម្បីយកមកសាង់សង់ផ្ទះ ជូនអ្នកទិញ ព្រោះលុយទាំងនេះ បានមកពីអ្នកទិញផ្ទះ។ រដ្ឋាភិបាល មិនគួរបើកភ្នែកមើលការឈឺចាប់ និងការបាត់បង់នូវជីវិតដោយសារការទិញផ្ទះ តែមិនបានផ្ទះ និងវ័ណ្ឌកនឹងបំណុលធនាគារ។ រដ្ឋាភិបាល គួរយល់ថា លុយដែលឡេង ណាវ៉ាត្រា យកទៅឱ្យរដ្ឋាភិបាល គឺជាលុយញើសឈាមរបស់ប្រជាពលរដ្ឋក្រីក្រ។ ទី៣. រឹបអូសទ្រព្យសម្បត្តិរបស់ឡេង ណាវ៉ាត្រា ដើម្បីលក់ឡាយឡុង ដោះស្រាជូនប្រជាពលដ្ឋ ។ ទី៤ រដ្ឋាភិបាល គួរតម្រូវឱ្យឡេង ណាវ៉ាត្រា ចេញការប្រាក់ធនាគារ ជំនួសអ្នកទិញ ចំពោះការយឺតយ៉ាវសាងសង់ផ្ទះ ដែលរំលោភកិច្ចសន្យា“ ។

លោកមុត ចន្ថា បានសរសេរបន្ថែមនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ឧកញ៉ាបោកប្រាស់? អតីតក្មេងពលករ ឡេង ណាវ៉ាត្រា រូបនេះ ត្រូវបានអ្នកមានអំណាច លើកតម្កើងយ៉ាងខ្ពស់ត្រដែតជាងឧកញ៉ាចាស់ៗដែលរកស៊ីលក់ដីឡូត៍ បុរី។ អតីតនាយករដ្ឋមន្រ្តី បានប្រមូតឧកញ៉ាវ័យក្មេងរូបនេះ រហូតឡើងងារជាបន្តបន្ទាប់ ស្ទើរមួយពូជត្រកូលឡេង ណាវ៉ាត្រា ហើយឧកញ៉ានេះ បានវេចលុយរាប់លានដុល្លារ ទៅជួយកាកបាទក្រហម និងរដ្ឋាភិបាល។ អ្វីដែលបានផ្ទុះចុងក្រោយនោះ គឺឧកញ៉ានេះ បានទទួលដីជាង ៥០០ហិកតារ នៅឧទ្យានជាតិ ភ្នំតាម៉ៅ ដែលផ្ទុះឱ្យមានការតវ៉ាយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋខ្មែរ រហូតអតីតនាយករដ្ឋមន្រ្តី សម្រេចលុបចោលកិច្ចសន្យា ប្រគល់ដីនេះវិញ។ ឥឡូវនេះ ប្រជាពលរដ្ឋខ្មែរ រាប់ពាន់នាក់ បានចាញ់បោកឧកញ៉ាវ័យក្មេង ដែលអតីតនាយករដ្ឋមន្រ្តី បានលើកតម្កើងឱ្យខ្ពស់មុខខ្ពស់មាត់ ដោយពួកគេបានខ្ចីលុយធនាគារ ទៅទិញផ្ទះ ប៉ុន្តែមិនទទួលបានផ្ទះ។ យើងសង្ឃឹមថា អតីតនាយករដ្ឋមន្រ្តី ចេញមុខដោះស្រាយ ព្រោះបើគ្មានការលើកតម្កើងអតីតពលកររូបនេះទេ ម្ល៉េះក្មេងម្នាក់នេះ មិនមានឥទ្ធិពលរកស៊ីបោកប្រជាពលរដ្ឋឡើយ!“ ។

ស្របគ្នានេះដែរ លោកលិម គិមយ៉ា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា លោកមិនចង់ស្នើទៅសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីទេ ប៉ុន្តែលោកស្នើទៅស្ថាប័នតុលាការ និងស្ថាប័នអង្គភាពប្រឆាំងអំពើពុករលួយ ស៊ើបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រត្រី នៃទឹកប្រាក់ ២៣លានដុល្លារ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានយកទៅជួយអង្គការផ្សេងៗ តាមរយៈរាជរដ្ឋាភិបាល ព្រោះលោកមិនជឿថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ាវ័យក្មេងរូបនេះ មានប្រាក់ដល់ទៅជាង ២០លានដុល្លារ ដែលជាចំនួនលើសលប់នេះទេ តែអាចជាលុយញើសឈាមរបស់ប្រជាពលរដ្ឋ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍ថា “ខ្ញុំចាប់អារម្មណ៍ជាច្រើន មិនមែនចំពោះតែឧកញ៉ាម្នាក់ហ្នឹងទេ គឺអ្នកឧកញ៉ាផ្សេងៗទៀត បានធ្វើការរកស៊ីគ្មានភាពច្បាស់លាស់ ធ្វើឲ្យប្រជាពលរដ្ឋយើងមានការខកខាត និងជួនកាលមានដល់ធ្វើអត្តឃាត ដោយសារតែចាញ់បោកពួកឧកញ៉ាអស់ទាំងនេះ ។ ការដែលលោកមុត ចន្ថា ស្នើឡើងរបៀបនេះ ជាការត្រឹមត្រូវ យើងដឹងថា លោកឧកញ៉ាឡេង ណាវ៉ាត្រា ហ្នឹង យកលុយក្រុមហ៊ុន ទៅជួយអង្គការផ្សេងៗ (រដ្ឋាភិបាល) ត្រូវតែតុលាការស៊ើបសួរ ហេតុអ្វីបានយកថវិកាយ៉ាងច្រើនលើសលប់នេះ ទៅជួយដល់អង្គការផ្សេងៗ ដែលធ្វើឲ្យក្រុមហ៊ុនហ្នឹងក្ស័យធន ហើយមានផលវិបាកទៅដល់ប្រជាពលរដ្ឋ ។ ហេតុដូច្នេះខ្ញុំសុំឲ្យតុលាការនេះ ចាត់វិធានការយ៉ាងដូចម្ដេច ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលចាញ់បោកឧកញ៉ាឡេង ណាវ៉ាត្រា ។ និយាយទៅ ការដែលជួយដល់ជាង២០លានដុល្លារ (២៣លានដុល្លារ) ហើយយើងមើលសមត្ថភាពនៃការបង្កើតក្រុមហ៊ុនរបស់គាត់ ខ្ញុំថា ថវិកានេះ មិនសមសួនទេ គឺមានការបំប៉ោងអ្វីមួយជាពុំខាន ពីព្រោះយើងមើលក្នុង១ឆ្នាំៗ រកស៊ីបានប៉ុន្មាន? ហើយគាត់ចំណេញបានប៉ុន្មាន? ហេតុអ្វីបានគាត់ហ៊ានជួយដល់ ២៣លានដុល្លារនេះ? ជំនួយថវិកា ២៣លានដុល្លារ ជាជំនួយច្រើនបំផុត ច្រើនណាស់ ដែលយើងមិនអាចស្មានដល់ ដែលលោកឡេង ណាវ៉ាត្រា ហ្នឹង គាត់ហ៊ានដាក់ដល់ ២៣លានដុល្លារ តើមានការសម្ងាត់អ្វីមួយ ដែលយើងមិនដឹងពីរឿងថវិកានេះ? ប៉ុន្តែតាមខ្ញុំយល់ គឺយ៉ាងតិចបំផុត គឺមានមួយភាគ អាចមានជាថវិកាញើសឈាមរបស់ប្រជាពលរដ្ឋ ពីព្រោះលោកឡេង ណាវ៉ាត្រា គ្មានលុយដល់ ២៣លានដុល្លារនេះ យកពីហោប៉ៅខ្លួនឯង ទៅជួយដល់អង្គការផ្សេងៗនោះទេ ។ ហេតុដូច្នេះ លុយអស់នេះ ជាលុយញើសឈាមរបស់ប្រជាពលរដ្ឋ សឹងតែទាំងអស់“ ។

លោកលិម គិមយ៉ា បានមានប្រសាសន៍បន្តថា “ខ្ញុំជាមួយនឹងលោកហ៊ុន សែន គ្មានអ្វីស្នើទេ ព្រោះយើងឃើញថា លោកហ៊ុន សែន ធ្វើសកម្មភាពអីមិនស្របច្បាប់ ជាច្រើនណាស់  ម៉្លោះហើយការដែលខ្ញុំស្នើទៅគាត់ ខ្ញុំយល់ថា អត់បានការទេ។ ខ្ញុំស្នើទៅស្ថាប័នតុលាការ និងស្ថាប័នអង្គភាពប្រឆាំងនឹងអំពើពុករលួយ សុំឲ្យអង្គការទាំងពីរនេះ ចាត់វិធានការយ៉ាងម៉េចដើម្បីឲ្យមានតម្លាភាព ពីករណីអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ដែលធ្វើឲ្យប្រជាពលរដ្ឋយើងហ្នឹងមានការទុក្ខសោក បាត់ថវិកា ខ្លះធ្វើអត្តឃាតជាច្រើននាក់ ដោយសារតែចាញ់បោកឧកញ៉ានេះ ហើយផលវិបាកនេះ នឹងមានតទៅទៀតជាច្រើនឆ្នាំ ចំពោះប្រជាពលរដ្ឋដែលគ្នាចាញ់បោកឧកញ៉ារបៀបនេះ ។ ខ្ញុំសុំផ្ដល់គំនិតដល់ប្រជាពលរដ្ឋទាំងអស់ ដែលចង់ធ្វើវិនិយោគ ឬទិញផ្ទះ ដែលទូទៅ នៅពេលខ្ចីធនាគារ កុំឲ្យយកអីវ៉ាន់ផ្សេងទៀតទៅដាក់បញ្ចាំ ដើម្បីទិញអគារទាំងអស់នេះ ។ តាមធម្មតា កាលណាគេទៅទិញអគារ ឬមួយអចលនទ្រព្យផ្សេងៗ គេយកត្រឹមតែរបស់នេះទៅបញ្ចាំតែប៉ុណ្ណោះ យើងមិនត្រូវយករបស់ផ្សេងដទៃដែលយើងមិនទិញ យកទៅបញ្ចាំជំនួសនោះទេ ។ បើសិនជាមានការក្ស័យធន គឺយើងខាតបង់ត្រឹមតែអចលនទ្រព្យដែលយើងទិញតែប៉ុណ្ណោះ យើងមិនមែនខាតបង់ទ្រព្យសម្បត្តិដទៃទៀតទេ នេះនៅប្រទេសបារាំង ។ ហេតុដូចនេះ ខ្ញុំសុំឲ្យអាជ្ញាធរទាំងអស់ ចាត់វិធានការយ៉ាងម៉េច កុំឲ្យប្រជាពលរដ្ឋយើងរងគ្រោះ ទៅអនាគតតទៅទៀត“ ។

គួរបញ្ជាក់ថា លើកឡើងរបស់សហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង ខាងលើនេះ បានធ្វើឡើងក្រោយពីអតិថិជនដែលទិញផ្ទះពីក្រុមហ៊ុនឡេង ណាវ៉ាត្រា នៅក្នុងឆ្នាំ២០២៣ បានចេញតវ៉ាព្រោងព្រាត ទទូចឱ្យរដ្ឋាភិបាល ជួយរកដំណោះស្រាយ រឿងក្រុមហ៊ុនបុរីឡេង ណាវ៉ាត្រា មិនសាងសង់ផ្ទះ ឱ្យពួកគាត់ តាមគម្រោង បើទោះបីពួកគាត់មួយចំនួនបានបង់ប្រាក់គ្រប់ចំនួនឱ្យក្រុមហ៊ុនអស់ហើយក៏ដោយ និងស្របពេលដែលមកដល់ឆ្នាំ២០២៤នេះ មានព័ត៌មានចចាមអារ៉ាមថា ក្រុមមហ៊ុនឡេង ណាវ៉ាត្រា ប្រឈមនឹងការប្រកាសក្ស័យធន ប្ដូរម្ចាស់ថ្មី បន្ទាប់ពីមានឧកញ៉ាម្នាក់ ប្រកាសទិញគម្រោងផ្ទះអតិថិជនពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្នុងតម្លៃតែពាក់កណ្ដាលនៃតម្លៃដើមរបស់អតិថិជន ។

ជុំវិញបញ្ហាខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំប្រតិកម្ម ការឆ្លើយតបពីអ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានទេ កាលពីម្សិលមិញ ។ ប៉ុន្តែកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ក្រុមហ៊ុនបុរីឡេង ណាវ៉ាត្រា បានប្រកាសច្រានចោលព័ត៌មានចចាមអារ៉ាមដែលថា ក្រុមហ៊ុនបុរីឡេង ណាវ៉ាត្រា ប្រឈមនឹងការប្រកាសក្ស័យធន ប្ដូរម្ចាស់ថ្មី និងព័ត៌មានថា អ្នកទិញផ្ទះបុរីឡេងណាវ៉ាត្រា ខ្លះស្លាប់ដោយសារវិបត្ដិផ្លូវចិត្ដ និងបំណុល ក្រោយបង់លុយគ្រប់ មិនបានផ្ទះ ដោយក្រុមហ៊ុន បានបញ្ជាក់ថា នៅក្នុងការសម្របសម្រួលបញ្ហា បុរីឡេង ណាវ៉ាត្រា បានបន្តសកម្មភាពនៃការសាងសង់ផ្ទះក្នុងគម្រោង ជូនអតិថិជនយ៉ាងសកម្ម ដូចដែលឃើញក្នុងការផ្សព្វផ្សាយតាមទំព័រហ្វេសប៊ុក ផ្លូវការរបស់អ្នកឧកញ៉ាឡេង ណាវ៉ាត្រា ជារៀងរាល់ថ្ងៃ និងសម្រួលសម្រួលជូនជាហូរហែ ដោយអតិថិជនមានជម្រើសជាច្រើន ដែលបុរីឡេង ណាវ៉ាត្រា អនុវត្តជារៀងរាល់ថ្ងៃ ដូចខាងក្រោម ៖

១- ពន្យារទុកពេលឲ្យក្រុមហ៊ុនបានសាងសង់បញ្ចប់ជូន ។

២- ដោះដូរផ្ទះសង់រួចរាល់ គម្រោង 6A ផ្លូវជាតិលេខ3 គម្រោងទួលពង្រ គម្រោងកំបូលដែលសង់រួចរាល់។

៣- ដោះដូរជាដីវាយតម្លៃស្មើនឹងលុយ ទីតាំងដីដែលអតិថិជនពេញចិត្ត ។

៤- សម្រួល ៥០% ត្រឡប់លុយទៅវិញ នៃប្រាក់ដើម ដូចក្រុមហ៊ុនដទៃ។

៥- ផ្ដល់ផ្ទះស្នាក់នៅបណ្ដោះអាសន្ន ទម្រាំផ្ទះផ្ទាល់ខ្លួនសាងសង់ចប់។

ចំពោះគម្រោងយឺតយ៉ាវ ក្រុមហ៊ុនឡេង ណាវ៉ាត្រា បញ្ជាក់ថា បុរីឡេង ណាវ៉ាត្រា 6A មានទំហំ 400ហិកតារជាង ដែលទុនវិនិយោគគម្រោង សរុបប្រហែលជាង 500លានដុល្លារ ជាគម្រោងដែលមានទីតាំងល្អ ការវិនិយោគផ្ទះតម្លៃទាបបំផុត គុណភាពល្អដាច់គេ និងធំជាងគេក្នុងតំបន់ ទាំងគុណភាព និងការធានាលើសំណង់រហូតដល់ ៤ឆ្នាំ ដែលបច្ចុប្បន្នមានការចំណាយរួមនិងសាងសង់ អស់ជាច្រើនលានដុល្លារ ក្នុងមួយខែៗ។ ក្នុងកាលៈទេសៈចំណូលមានការធ្លាក់ចុះជាគំហុកនេះ វាបានជះឥទ្ធិពលមកលើគម្រោងអចលនទ្រព្យទូទៅ ដែលធ្វើឲ្យមានការយឺតយ៉ាវនូវគម្រោងចុងក្រោយដ៏ធំនេះ។ ប៉ុន្តែយ៉ាងណា ក្រុមហ៊ុនបញ្ជាក់ថា ផ្ទះរាប់ពាន់ល្វែង ក្រុមហ៊ុនបានសាងសង់រួចរាល់ និងប្រគល់ជូនបន្តបន្ទាប់ និងមួយចំនួនទៀត កំពុងតែមានការសាងសង់ជារៀងរាល់ថ្ងៃ ដើម្បីឈានទៅរកការបញ្ចប់ជូនអតិថិជនចប់សព្វគ្រប់បាន 100% និងប្លង់រឹង​ រាប់ម៉ឺនប្លង់ បានបន្ដផ្ដល់ជូនជារៀងរាល់ថ្ងៃ។ ចំណែកតំបន់ (ប្លុក) ដែលមានភាពយឺតយ៉ាវពីមុន ក្រុមហ៊ុនបាននិងកំពុងបន្តធ្វើប្រដេញតាមផែនការ ពីមុខ មកក្រោយ ជារៀងរាល់ថ្ងៃ នៅក្នងគោលដៅសម្រេចដូចគ្នា។ ជាពិសេស ចំពោះការចាក់បំពេញដី បច្ចុប្បន្នគ្រឿងចក្ររាប់រយគ្រឿង ដឹកដីមកចាក់បំពេញ ទៅតាមផែនការ។ ទោះបីជាក្រុមហ៊ុន បានខិតខំប្រឹងប្រែងយ៉ាងណាក្ដី ក៏ការសាងសង់នេះ មានការយឺតយ៉ាវលើអតិថិជនមួយចំនួនផងដែរ។ ជារួមសកម្មភាពជាក់ស្តែងបានបង្ហាញឲ្យឃើញអំពីជំហរការទទួលខុសត្រូវក្នុងការបំពេញបេសកម្មដើម្បីបុព្វហេតុដីនិងផ្ទះរបស់បងប្អូនអតិថិជន។

ក្រុមហ៊ុនឡេង ណាវ៉ាត្រា បានបញ្ជាក់សង្កត់ធ្ងន់ថា ពាក្យចចាមអារ៉ាមថា គម្រោងប្រកាសក្ស័យធន ដោយប្ដូរម្ចាស់ថ្មី ការលក់បោកប្រាស់អតិថិជន និងមិនខ្វល់ខ្វាយ មិនមានសកម្មភាពបន្ដ មិនមែនជាការពិតនោះទេ ព្រោះបុរីឡេង ណាវ៉ាត្រា តែងតែងរិះរកនូវដំណោះស្រាយ ឈរលើមូលដ្ឋានការពារផលប្រយោជន៍អតិថិជន និងអ្វីដែលក្រុមហ៊ុនអាចធ្វើទៅបាន សមធម៌ អតិថិជនមានសិទ្ធិជ្រើសរើសទៅតាមអ្វីដែលគាត់ពេញចិត្ត នៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ក្រុមហ៊ុន មិនដែលគេចវេះ និងមិនដែលព្រងើយកន្តើយចំពោះអតិថិជនឡើយ។ ប៉ុន្តែក្រុមហ៊ុនមិនអាចធ្វើអ្វីទៅតាមការទាមទារទាំងស្រុងចំពោះអតិថិជនមួយចំនួនតូចបានដែរ ព្រោះក្រុមហ៊ុនត្រូវមានបន្ទុកធំក្នុងការដោះស្រាយជូនអតិថិជនរាប់ម៉ឺននាក់ជារួមផងដែរ ដោយទទួលការយកចិត្ដទុកដាក់ប្រហាក់ប្រហែលគ្នា ដូចៗគ្នា គ្រប់អតិថិជនទាំងអស់។ គិតមកដល់ពេលនេះ មានអតិថិជនជាច្រើនដែលទទួលបានផ្ទះ និងប្លង់រឹង ពីក្រុមហ៊ុនរួចរាល់ ចំណែកសកម្មភាពក្នុងគម្រោង គឺនៅតែបន្ដឥតឈប់ឈរ និងប្រឹងប្រែងបំពេញតាមកាតព្វកិច្ច ដើម្បីសម្រេចជូនអតិថិជនដែលបានគាំទ្រនិងជឿជាក់មកលើគម្រោងបុរីឡេង ណាវ៉ាត្រា ។

ដោយឡែក សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មិនទាន់ឃើញមានការឆ្លើយតប ឬមានប្រសាសន៍ណាមួយ ជុំវិញការលើកឡើងនិងស្នើសុំរបស់អ្នកនយោបាយប្រឆាំង នៃអតីតគណបក្សប្រឆាំង ខាងលើនេះទេ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ។

ទោះបីជាយ៉ាងណា ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ទាក់ទងនឹងពួកប្រឆាំងថា ក្រុមហ៊ុនឡេង ណាវ៉ាត្រា ប្រកាសក្ស័យធន មិនដោះស្រាយជូនប្រជាពលរដ្ឋជាអតិថិជន ដែលទិញផ្ទះបង់រំលស់នោះ វាជារឿងរបស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា ដែលតុលាការ នឹងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ទៅតាមនីតិវិធីច្បាប់ ពុំមែនប្រកាសថា ក្ស័យធនហើយ រួចខ្លួននោះទេ គឺត្រូវមានការត្រួតពិនិត្យពីស្ថាប័នរដ្ឋ ។

លោកសុខ ឥសាន បានមានប្រសាសន៍នៅពេលនោះថា “ចំពោះខ្ញុំថា ការប្រកាសក្ស័យធនរបស់ក្រុមហ៊ុនឡេង ណាវ៉ាត្រា ជារឿងរបស់ក្រុមហ៊ុន តុលាការនឹងរកយុត្តិធម៌ជូនអតិថិជននោះ អាហ្នឹងវាជាទម្រង់សេដ្ឋកិច្ចទីផ្សារ ដែលទាំងអស់គ្នាចង់បាន ហើយការរកស៊ីក្នុងសេដ្ឋកិច្ចទីផ្សារ វាមានអ្នកចំណេញ វាមានអ្នកខាត ហើយអ្នកខាតលិចលង់ អាហ្នឹងរឿងថាត្រូវតែក្ស័យធនហើយ ។ អាហ្នឹងជារឿងដោយឡែក មិនមានពាក់ព័ន្ធអីទេ ដោយសារមានសន្តិភាពហើយ បានមានរោងចក្រ មានសហគ្រាស មានក្រុមហ៊ុនជាច្រើន ត្រូវបានបង្កើតឡើង ហើយដូចខ្ញុំថាអ៊ីចឹង រោងចក្រខ្លះ វាមានចំណេញ រោងចក្រខ្លះវាខាត ហើយអ្នកណាខាតឡុងចុង អាហ្នឹងថាទៅជាក្ស័យធនហើយ ហើយក្ស័យធននេះ កាលណាប្រកាសក្ស័យធន វាត្រូវស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋយើងហ្នឹង គឺថាទៅវាយតម្លៃ ត្រួតពិនិត្យថា តើវាក្ស័យធនមែនឬមិនមែន? វាមិនអាស្រ័យទៅលើការប្រកាសរបស់ប្រធានក្រុមហ៊ុននោះទេ ហើយដល់ស្ថាប័នហិរញ្ញវត្ថុ ទៅពិនិត្យថា ពិតជាក្ស័យធនហើយ អាហ្នឹងវាត្រូវមាននីតិវិធីដោះស្រាយទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ដើម្បីយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ឡាយឡុងឲ្យបានលុយ មកដើម្បីទូទាត់ជាមួយនឹងអតិថិជនដែលបានលង់ខ្លួន ធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ហើយបង់លុយបង់កាក់ មិនបានទទួលផលមកវិញ ។ អាហ្នឹងវាទៅជាដោះស្រាយតាមនីតិវិធីច្បាប់ អត់មានថា ប្រកាសថាក្ស័យធនហើយ រួចខ្លួនទេ អាហ្នឹងវាត្រូវមានការត្រួតពិនិត្យពីស្ថាប័នរដ្ឋ ។ និយាយរួម គណបក្សគាំទ្រគ្រប់តែក្រុមហ៊ុនទាំងអស់ហ្នឹង យើងប់ន់ឲ្យតែមានចំណេញ ក៏ប៉ុន្តែត្រង់ថាគាត់ខាត អាហ្នឹងជារឿងផ្ទៃក្នុងរបស់គាត់ របៀបរបបរកស៊ីរបស់គាត់ អាហ្នឹងធ្វើម៉េច តែកាលណាមានបញ្ហា រដ្ឋត្រូវដោះស្រាយស្របទៅតាមគោលការណ៍ច្បាប់“ ។

គួររំលឹកដែរថា អ្នកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ប្រធានក្រុមហ៊ុនឡេង ណាវ៉ាត្រា ធ្លាប់ត្រូវបានសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើកសរសើរ ចំពោះការចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ក៏ដូចជាការបរិច្ចាគថវិកា ចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាដើម។ បើគិតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ គឺរយៈពេល ៥ឆ្នាំ នៃការបង្កើតក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា អ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានបរិច្ចាគថវិកាជួយដល់រាជរដ្ឋាភិបាល និងការងារមនុស្សធម៌ សរុបទឹកប្រាក់ប្រមាណ ២៣លានដុល្លារអាមេរិក ៕ កុលបុត្រ

RELATED ARTICLES