Thursday, January 23, 2025
Homeព័ត៌មានជាតិបក្សប្រឆាំង ខ្វែងគំនិតគ្នា បក្សកាន់អំណាចថា ជានយោបាយបំផ្លាញសំឡេងឆ្នោតខ្លួនឯង

បក្សប្រឆាំង ខ្វែងគំនិតគ្នា បក្សកាន់អំណាចថា ជានយោបាយបំផ្លាញសំឡេងឆ្នោតខ្លួនឯង

ភ្នំពេញ ៖ ស្របពេលគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) កំពុងខ្វែងគំនិតគ្នានាពេលនេះ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា នេះជានយោបាយបំផ្លាញសំឡេងឆ្នោតខ្លួនឯង ។ ជាមួយនេះ បក្សកាន់អំណាច ក៏បានលើកឡើងដែរថា បក្សប្រឆាំង អួតជាអ្នកប្រជាធិបតេយ្យ តែធ្វើសកម្មភាពអនាធិបតេយ្យ ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា ការខ្វែងគំនិតគ្នារវាងគណបក្សប្រឆាំង គឺជានយោបាយបំផ្លាញសំឡេងឆ្នោតផ្ទៃក្នុងខ្លួនឯង ។ ការបែកបាក់ មិនចុះសម្រុងគ្នារបស់បក្សប្រឆាំង ត្រូវបានរ៉ុង ឈុន អតីតអនុប្រធានគណបក្សភ្លើងទៀន សព្វថ្ងៃជាទីប្រឹក្សាគណបក្សកម្លាំងជាតិ ទទួលស្គាល់ថា គឺជាបរាជ័យរបស់បក្សប្រឆាំង ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ឥឡូវរហូតដល់ថ្ងៃនេះហើយ មានការចុះឈ្មោះដាក់បក្សនយោបាយ ឆ្ពោះទៅរកការបោះឆ្នោតហើយ ក៏នៅតែមិនទាន់ឯកភាពគ្នា ។ អ៊ីចឹងទេ ការមិនទាន់ឯកភាពគ្នាឆ្ពោះទៅរកការបោះឆ្នោតនេះ វាធ្វើឲ្យអង្គបោះឆ្នោតហ្នឹង មានការធុញទ្រាន់យ៉ាងច្រើន ។ ការដែលមានការធុញទ្រាន់របស់អង្គបោះឆ្នោតហ្នឹង វានាំឲ្យអង្គបោះឆ្នោតហ្នឹង មិនព្រមបោះឆ្នោតឲ្យគណបក្សរបស់ខ្លួនទេ វាអាចនឹងមានការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយយើងឃើញហើយ ជាក់ស្ដែងមានសកម្មជនមួយចំនួន ជាបន្តបន្ទាប់ហើយ បានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ។ អ៊ីចឹងបានជាខ្ញុំលើកបញ្ហានេះឡើង គឺថាកាលណាគេមកចូលរួម គេមិនបោះឆ្នោតឲ្យគណបក្សប្រឆាំងទៀតទេ ដោយសារអី? ដោយសារមានការប្រទាញប្រទង់គ្នា ហើយមិនទាន់ចុះសម្រុងគ្នា ។ អាត្រង់ហ្នឹងហើយ ដែលវាជាការបំផ្លាញសំឡេងឆ្នោតរបស់ខ្លួននោះ ធ្វើឲ្យអង្គបោះឆ្នោត មានការធុញទ្រាន់ មានការបាត់ជំនឿជាបន្តបន្ទាប់ ដែលធ្វើឲ្យអង្គបោះឆ្នោតហ្នឹង ទៅបោះឆ្នោតឲ្យគណបក្សផ្សេងទៅវិញ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “គណបក្សផ្សេងហ្នឹង អាចជាគណបក្សប្រជាជនកម្ពុជា តែរឿងកើនអាសនៈ ឬមិនកើនអាសនៈ យើងពិបាកថាដែរ ព្រោះបាត់សំឡេង (បក្សប្រឆាំង) វាពិតជានឹងមានការបាត់ហើយ ការដែលចំណេញសំឡេងមកគណបក្សប្រជាជន មានហើយ ក៏ប៉ុន្តែចំពោះសំឡេងដែលគ្រប់អាសនៈនោះ វាមានការលំបាក ពីព្រោះក្នុង ១អាសនៈហ្នឹង វាមានរហូតទៅដល់ជាង ១០០សំឡេងឯណោះ ។ អ៊ីចឹងបានជាយើងប៉ាន់ស្មានថា ទោះបីថាមានការថ្នាក់ថ្នាំងជាមួយគណបក្សប្រឆាំងខ្លួនឯងក៏ដោយ ហើយមកបោះឆ្នោតឲ្យគណបក្សប្រជាជន ក៏ប៉ុន្តែវាពិបាករកសំឡេងឲ្យគ្រប់ ដែលបែងចែកទៅ វាអត់គ្រប់អាសនៈហ្នឹងឯង ។ សម្រាប់សំឡេងអង្គបោះឆ្នោតរបស់បក្សប្រឆាំង ពីរពាន់ជាង បើបោះឲ្យគាត់ អាហ្នឹងយើងគិតជាតួលេខ តាមរូបមន្ត ឃើញមកហ្នឹង វាពី៨ ទៅ៩ (អាសនៈ) ក៏ប៉ុន្តែដូចយើងថាហើយ តែធ្វើឲ្យគាត់ (អង្គបោះឆ្នោត) មានការធុញទ្រាន់ មានការបាត់ជំនឿពីការដឹកនាំរបស់បក្សប្រឆាំងនេះហើយ ដែលធ្វើឲ្យគាត់ងាកមកបោះឲ្យគណបក្សប្រជាជនកម្ពុជា ។ ក៏ប៉ុន្តែគ្រាន់តែថា ការបាត់សំឡេងពីគណបក្សប្រឆាំង មកកើនដល់គណបក្សប្រជាជន ក៏ប៉ុន្តែសំឡេងដែលបាត់ ហើយនិងកើនមកគណបក្សប្រជាជននោះ វាមិនគ្រប់ដើម្បីទទួលបានអាសនៈថែមទេ គឺបានសំឡេង ក៏ប៉ុន្តែវាមិនគ្រប់ ១អាសនៈ ឬមួយ ២អាសនៈហ្នឹង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះមូលហេតុនៃការខ្វែងគំនិតគ្នារបស់បក្សប្រឆាំងនេះ អាហ្នឹងមកពីនយោបាយរបស់គណបក្សប្រឆាំងហ្នឹង វាផ្អែកទៅស្ដាំនិយមពេក ជ្រុលនិយមពេក គឺទៅរកអាលទ្ធិប្រជាធិបតេយ្យហ្នឹងឯង ។ ម្នាក់ៗសុទ្ធតែស្ដេចប្រជាធិបតេយ្យ ហើយដោយសារថា ស្ដេចប្រជាធិបតេយ្យហ្នឹងហើយ វាដណ្ដើមគ្នា ដល់ដំណើ្ដមគ្នា វាប្រទាញប្រទង់គ្នា ដូចជាទាញព្រ័ត្រហ្នឹង មិនមានខាងណាឈ្នះ មិនមានខាងណាចាញ់ តែផ្ទុយទៅវិញ បាត់សំឡេង ។ ហើយមួយទៀត ជាការចង់បានលាភសក្ការៈដូចតែគ្នាទេ ការចង់បានសំឡេងឆ្នោត ចង់បានអាសនៈទៅខាងខ្លួននោះ គឺថាវាធ្វើឲ្យមានការប្រទង់ប្រទាញហ្នឹងឯង ខាងឆន្ទៈខ្មែរ ក៏ប្រទង់ប្រទាញ ខាងកម្លាំងជាតិ ហ្នឹងក៏វាប្រទង់ប្រទាញ“ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច ខាងលើនេះ បានធ្វើឡើងស្របពេលដែលមន្រ្តីអង្គការឃ្លាំមើលការបោះឆ្នោត បានលើកឡើងថា គណបក្សប្រឆាំង នឹងពិបាកទទួលបានអាសនៈនៅព្រឹទ្ធសភា ប្រសិនបើមេដឹកនាំបក្សនេះ មិនមានការឯកភាពសំឡេងអង្គបោះឆ្នោតជាធ្លុងមួយ ខណៈដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសទទួលស្គាល់ជាផ្លូវការ នូវគណបក្សចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ក្នុងការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ចំនួន៥៨អាសនៈ ក្នុងនីតិកាលទី៥ នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មានក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអង្គបោះឆ្នោត សរុបចំនួន ៩៣៧៦ ។ គណបក្សភ្លើងទៀន មានអង្គបោះឆ្នោតសរុប ២១៩៨ ។ គណបក្សហ៊្វុនស៊ិនប៉ិច មានអាសនៈសរុប ១៩។ ដោយឡែក គណបក្សឆន្ទៈខ្មែរ (គណបក្សសម្ព័ន្ធភាពគណបក្សភ្លើងទៀន) និងកម្លាំងជាតិ (គណបក្សទើបបង្កើតថ្មី) មិនមានអង្គបោះឆ្នោតនៅក្រុមប្រឹក្សាឃុំ-សង្កាត់ផ្ទាល់ខ្លួននោះទេ ប៉ុន្តែគណបក្សទាំង២ បច្ចុប្បន្នកំពុងប្រទាញប្រទង់ក្រុមប្រឹក្សាឃុំ-សង្កាត់របស់បក្សភ្លើងទៀន ជាង២ពាន់នាក់នេះ ឱ្យបោះឆ្នោតជូនបក្សរៀងៗខ្លួន ។ គណបក្សទាំង២ រំពឹងដូចគ្នាថា បើសំឡេងអង្គបោះឆ្នោតរបស់បក្សភ្លើងទៀន រួមគ្នានោះ អាចនឹងទទួលបានចំនួន ៩អាសនៈ នៅព្រឹទ្ធសភា។

អ្នកសម្របសម្រួលកម្មវិធីតស៊ូមតិនិងឃ្លាំមើលរបស់ខុមហ្រ្វែល លោក កន សាវាង្ស អះអាងថា គណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ អាចនឹងបាត់អសនៈនៅព្រឹទ្ធសភា ឬមានតិចតួច ខុសពីការរំពឹងទុក ប្រសិនបើអង្គបោះឆ្នោតរបស់បក្សប្រឆាំង មានការប្រេះឆា។ លោកជឿថា ក្រុមមេដឹកនាំបក្សប្រឆាំង ទាំង២ បានយល់ច្បាស់ពីចំនួនក្រុមប្រឹក្សាបក្សភ្លើងទៀន តាមបណ្ដាភូមិភាគនីមួយៗ ហើយក្នុងមួយអាសនៈនៅព្រឹទ្ធសភា ត្រូវការចំនួនបោះឆ្នោតពីក្រុមប្រឹក្សាឃុំ-សង្កាត់ប៉ុន្មាន? លោកសង្ឃឹមថា ក្រុមមេដឹកនាំនយោបាយមានទំនោររកប្រជាធិបតេយ្យ នឹងមានការជជែកគ្នា ដើម្បីរក្សាអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់បក្សភ្លើងទៀន ដែលជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់បក្សប្រឆាំង ឱ្យស្ថិតនៅជាសំឡេងរួមមួយ ។

ជាមួយគ្នានោះដែរ លោកសំ គន្ធាមី ប្រធានអង្គការនិកហ្វិក (NECFEC) បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ថា មកដល់ពេលនេះ មិនទាន់ហួសពេល សម្រាប់គណបក្សប្រឆាំង គឺគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ ក្នុងការធ្វើពិភាក្សាសម្របសម្រួលឯកភាពគ្នាធ្វើយ៉ាងណាកុំឲ្យឈរជាន់មណ្ឌលភូមិភាគគ្នា ព្រោះវាធ្វើឲ្យបែកអង្គបោះឆ្នោត ហើយនៅពេលបែកអង្គបោះឆ្នោត ចំនួនអាសនៈ៩ ដែលរំពឹងថានឹងទទួលបាន វានឹងមិនគ្រប់សំឡេងនៃការទទួលបាននោះទេ ។

លោកសំ គន្ធាមី បានមានប្រសាសន៍ថា “ខ្ញុំមើលទៅ ដោយសារមិនទាន់ឯកភាពគ្នាទាំងស្រុងទេ គណបក្សទាំងពីរ ដែលចូលរួមប្រកួតប្រជែងបោះឆ្នោតសមាជិកព្រឹទ្ធសភា ហ្នឹង ។ ដូច្នេះបើមិនមានឯកភាពគ្នា មិនមានចែកមណ្ឌលអីនោះទេ វាអាចបាត់បង់សំឡេងហើយ អង្គបោះឆ្នាត ២១៩៨នាក់ហ្នឹង ពីរពាន់សំឡេងជាងហ្នឹង ។ ការបាត់បង់សំឡេងនេះ ទី១ ជាការគណនារូបមន្តសន្លឹកឆ្នោត វាអត់គ្រប់ វានៅកន្ទុយ វាអត់បានគ្រប់ ១កៅអី ។ ទី២ ដោយសារសំឡេងហ្នឹងវារាយប៉ាយ វាបែងចែក វាអត់មូល ។ បើសិនគណបក្សភ្លើងទៀន  របស់ខ្លួនឯង ឈរទាំងស្រុងតែម្ដង វាមូលហើយ តែដល់បំបែកតំណាង បំបែកជាពីរអ៊ីចឹង វាអត់មូលទេ វាបែងចែកហើយ ។ ដូច្នេះវាអាចប៉ះពាល់អ៊ីចឹងហើយ ចៀសមិនរួចទេ“ ។

លោកសំ គន្ធាមី បន្តថា “មកដល់ពេលនេះ រឿងនេះ សម្រាប់បក្សប្រឆាំង អត់ទាន់អីទេ ប៉ុន្តែគ្រាន់តែអាស្រ័យទៅលើពួកគាត់ទេ ផ្ទៃក្នុងរវាងគណបក្សទេ ។ យើងសង្គមស៊ីវិល គ្រាន់តែសង្កេតការណ៍មើល ឯរឿងការងារ ជារឿងផ្ទៃក្នុងរបស់គាត់ គ្រាន់តែថា បើសិនជាគាត់មិនចុះសម្រុងគ្នា វាអាចខាតបង់ ។ យើងជាសង្គមស៊ីវិល ចង់ឲ្យមានសំឡេងអង្គបោះឆ្នោតរបស់គាត់ហ្នឹង មានគណបក្សចម្រុះ ឲ្យវាមាន Check and Balance ។ អាហ្នឹងវាអាស្រ័យទៅលើខ្លួនគាត់ផ្ទាល់ គណបក្សហ្នឹងអ្នកទទួលផលប្រយោជន៍ផ្ទាល់ ។ បើឈរទាំងពីរហ្នឹងក៏បានដែរ ប៉ុន្តែចំនួនអង្គបោះឆ្នោត ដឹងស្រាប់ហើយ មណ្ឌលណាមានប៉ុន្មានសំឡេង ក្រុមប្រឹក្សាឃុំ-សង្កាត់ហ្នឹង ហើយឲ្យឯកភាពគ្នាទៅ ចែកគ្នាឲ្យច្បាស់លាស់ទៅ កុំឲ្យវាជាន់គ្នាអីអ៊ីចឹង ព្រោះបើជាន់ភូមិភាគ វាបែកអង្គបោះឆ្នោត ។ ឧបមាថា មាន ២៥មណ្ឌលខេត្ត-ក្រុងអ៊ីចឹង តើខាងបក្សណាទទួលបាន១២ ឬក៏១០ អីអ៊ីចឹងទៅ ចែកគ្នាទៅ វាមានមណ្ឌលតូចធំ លើកលែងតែកុំឈរជាន់មណ្ឌលភូមិភាគគ្នា គឺវាមូល តែបើជាន់មណ្ឌលគ្នា វាបែកជាពីរហើយ អង្គបោះឆ្នោតនោះ ហើយអង្គបោះឆ្នោត មានតែក្រុមប្រឹក្សាឃុំ-សង្កាត់ទេ ។ អ៊ីចឹងបានថា ឲ្យពួកគាត់ហ្នឹងពិចារណាទៅ គាត់អ្នកនយោបាយស្រាប់“ ។

គួរបញ្ជាក់ដែរថា មុនការបោះឆ្នោតព្រឹទ្ធសភា ចូលមកដល់ និងខណៈដែលមជ្ឈដ្ឋានតាមដាន កំពុងមើលឃើញពីការខ្វែងគំនិតគ្នារបស់គណបក្សប្រឆាំង ខាងលើនេះដែរ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ លោកខឹម ចាន់វណ្ណៈ ។

ជុំវិញការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ចាត់ទុកថា ជាការធ្វើសកម្មភាពចូលទៅក្នុងក្របខ័ណ្ឌជាប់ពិរុទ្ធភាព ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ហើយសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ត្រូវតែទប់ស្កាត់ឲ្យបាន ព្រោះយើងត្រូវចែកឲ្យដាច់រឿងនយោបាយ និងរឿងល្មើសច្បាប់ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ចំពោះខ្ញុំថា បក្សប្រឆាំង អួតជាអ្នកប្រជាធិបតេយ្យ តែធ្វើសកម្មភាពអនាធិបតេយ្យនោះ គឺយើងឃើញហើយ ប្រជាធិបតេយ្យគ្រប់តែគ្នា ដល់ប្រជាធិបតេយ្យគ្រប់គ្នា ប្រទង់ប្រទាញគ្នា អាប្រទង់ប្រទាញគ្នានេះហើយ ដែលមានលក្ខណៈអនាធិបតេយ្យនៅក្នុងការធ្វើសកម្មនយោបាយហ្នឹង តែអត់អាចឲ្យធ្វើប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាពសង្គមបានទេ គឺស្ថិរភាព សន្តិភាព ត្រូវបានការពារយ៉ាងគត់មត់ ដោយគណបក្សប្រជាជន ដែលជាគណបក្សកាន់អំណាចហ្នឹងហើយ ។ ដូច្នេះមិនអាចគណបក្សប្រឆាំង មកធ្វើឲ្យរង្គោះរង្គើដល់សន្តិភាព ស្ថិរភាពនយោបាយបានទេ ។ ក្នុងន័យនេះដែរ ទាក់ទងដល់ការចាប់ខ្លួនសកម្មជនគណបក្សភ្លើងទៀន កាលពីម្សិលមិញ (១៥ មករា) នោះ អាហ្នឹងតែកាលណាតែធ្វើសកម្មភាព វាចូលទៅក្នុងក្របខ័ណ្ឌជាប់ពិរុទ្ធភាព អាហ្នឹងគឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមទៀតថា “ជារួម រឿងសកម្មភាពអនាធិបតេយ្យនេះ ខ្ញុំយល់ថា វាអត់មានប៉ះពាល់ទៅដល់សង្គមទាំងមូលនោះទេ ពីព្រោះត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនយ៉ាងគត់មត់ ក៏ប៉ុន្តែវានាំឲ្យរង្គោះរង្គើនៅក្នុងគណបក្សប្រឆាំងហ្នឹងឯង ។ អ៊ីចឹងទេ បានជាយើងលើកឡើងថា ប្រជាធិបតេយ្យ ទល់នឹងប្រជាធិបតេយ្យ វានាំឲ្យមានអំពើអនាធិបតេយ្យ ក្នុងនយោបាយគណបក្សប្រឆាំងហ្នឹងឯង ហើយតែកាលណាមានអនាធិបតេយ្យ វាបាត់បង់ប្រយោជន៍របស់គាត់ទាំងអស់គ្នាហ្នឹង ខាងឆន្ទៈខ្មែរ ក៏អត់មានប្រយោជន៍ អត់មានចំណេញ ហើយនិងខាងកម្លាំងជាតិហ្នឹង ក៏អត់មានចំណេញដែរ តែផ្ទុយទៅវិញ វាបាត់សំឡេង ហើយបាត់សំឡេងហ្នឹង ទោះបីមិនគ្រប់អាសនៈក៏ដោយ ក៏វានាំឲ្យបាត់អាសនៈហ្នឹងដែរ ហើយសកម្មភាពអនាធិបតេយ្យ ដែលធ្វើឲ្យប់ះពាល់ដល់សន្តិសុខសង្គមនេះ ត្រូវតែទប់ស្កាត់ឲ្យបាន គឺអាហ្នឹងចៀសមិនរួចទេ ព្រោះយើងត្រូវចែកឲ្យដាច់រឿងនយោបាយ ហើយរឿងល្មើសច្បាប់ វាខុសគ្នា មិនមែនយកបញ្ហានយោបាយថាជាអ្នកនយោបាយ ឬមួយក៏សកម្មជននយោបាយ ហើយប្រព្រឹត្តល្មើសច្បាប់ហើយរួចខ្លួនទេ“ ។

ទោះយ៉ាងណា ក្រោយការចាប់ខ្លួនថ្នាក់ដឹកនាំក្រោមជាតិរបស់ខ្លួន គណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ចាត់ទុកថា ការចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺជារូបភាពគំរាមកំហែង ដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មិនឲ្យចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន និងជាការធ្វើឲ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតអសកល ក្នុងឆ្នាំ២០២៤ នេះ (ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ថ្ងៃទី២៦ ខែឧសភា) រឹតតែមានភាពអាប់អួថែមទៀត ។ ដូច្នេះគណបក្សភ្លើងទៀន អំពាវនាវឲ្យអាជ្ញាធរ ដោះលែងលោកខឹម ចាន់វណ្ណៈ ឱ្យមានសេរីភាពវិញជាបន្ទាន់ ដោយឥតលក្ខខណ្ឌ និងបញ្ឈប់ការចាប់ខ្លួន ការឃុំខ្លួន ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាព លើថ្នាក់ដឹកនាំ សមាជិក និងសកម្មជនគណបក្សតទៅទៀត ដើម្បីធានាបរិយាកាសល្អ នៅមុនការបោះឆ្នោត ទាំង២នេះ ៕ កុលបុត្រ

RELATED ARTICLES